រាជធានីភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចេញមកលាតត្រដាង និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពរបស់យោធាថៃ ដែលបានប្រើប្រាស់អាវុធហាមឃាត់ក្នុងសង្គ្រាម មកលើបូរណភាពទឹកដីកម្ពុជា ។

ជាក់ស្តែង លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកទាហានសៀម បន្តបា.ញ់គ្រា.ប់បែកចង្កោម ប្រភេទM46 តាមរយៈគ្រាប់កាំភ្លើ.ងធំ១៥៥មម ចូលបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ ហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរមួយទៅហើយ ។
លោកហេង រតនា បានបន្ថែមថា លើសនេះការបាញ់ប្រហារនេះ មកលើភូមិឋានផ្ទះសំបែងប្រជាពលរដ្ឋ ដែលទង្វើនេះកាន់តែរំលោភបំពានលើច្បាប់អន្តរជាតិមួយចំនួនបន្ថែមទៀត ៕


ចែករំលែកព័តមាននេះ