ខេត្តកំពង់ចាម ៖ ក្នុងសង្គ្រាមព្រំដែនកម្ពុជា-ថៃ បានបង្កឱ្យប្រជាពលរដ្ឋក្មេង ចាស់ ប្រុសស្រីស្លូតត្រង់ធ្លាក់ខ្លួនពីការភាពជាបន្តបន្ទាប់ ជាមួយនោះ សូមឲ្យអង្គការដៃគូអភិវឌ្ឍមេត្តាជួយរាយការណ៍អំពីស្ថានភាពដែលបង្កដោយការឈ្លានពានពីសំណាក់ទ័ពថៃ ដើម្បីឲ្យអន្តរជាតិបានដឹង និងជួយអន្តរាគមន៍កុំឲ្យមានពលរដ្ឋធ្លាក់ខ្លួនពិការភាពបន្តទៀត ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាស្រុកកំពង់សៀម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាមបានថ្លែងថា ចំពោះជនមានពិការភាព គឺជាតួអង្គមួយដែលមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍន៍សង្គម គ្រួសារ និងសហគមន៍ តាមរយៈការលើកកម្ពស់ការងារ មុខរបរ សហគ្រិនភាព ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ច គ្រួសារ សហគមន៍ និងសង្គម ដែលជាគន្លឹះក្នុងការបង្កើនគុណភាពជីវិតរបស់ខ្លួនផ្ទាល់ និងគ្រួសារប្រកបដោយ សេចក្តីថ្លៃថ្នូរ បរិយាបន្ន សមភាព និងរស់នៅដោយឯករាជ្យ ។

ឯកឧត្ដមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការធ្វើបរិយាបន្នពិការភាពលើគ្រប់វិស័យ គឺជាការថែរក្សាវប្បធម៌ដ៏ផូរផង់នៃជាតិខ្មែរ ដែលចេះគោរព ប្រណិប័តន៍ ស្រឡាញ់រាប់អាន និងជួយមនុស្សគ្រប់រូបដោយមិនប្រកាន់និន្នាការ កម្រិតជីវភាពមានឬក្រ មិនមានការមើលងាយ និងលើកកម្ពស់សិទ្ធិចូលរួមរបស់ជនមានពិការភាពកម្ពុជាយើង ដោយកិរិយាមិនរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេស ធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត ។

សូមណែនាំឱ្យកែសម្រួល ឬរៀបចំសម្រាប់ជនមានពិការភាពនៅតាមសំណង់អគារ និងទីធ្លាសាធារណៈទាំងនោះ ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទអាចចេញ-ចូល ចុះឡើង និងប្រើប្រាស់បានស្របតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដោយឈរលើបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពផងដែរ ។




ចែករំលែកព័តមាននេះ