ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសដំឡើងប្រាក់ឈ្នួលអាជ្ញាកណ្ដាល​ ចៅក្រម ប្រដាល់គុនខ្មែរ

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយផ្ទុះការវែកញែកនៅលើបណ្ដាញសង្គមជុំវិញរឿងប្រាក់ឈ្នួលអាជ្ញាកណ្ដាល ចៅ

រាជធានីភ្នំពេញ ៖ ក្រោយផ្ទុះការវែកញែកនៅលើបណ្ដាញសង្គមជុំវិញរឿងប្រាក់ឈ្នួលអាជ្ញាកណ្ដាល ចៅក្រមកីឡាប្រដាល់ដែលទទួលបានត្រឹមតែ១៦ដុល្លារក្នុង១កម្មវិធីពោលគឺតិចជាងកីឡាករឆ្ងាយពេក លោកឧត្តមសេនីយ៍ទោ ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ប្រកាស​ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ នឹង​ដំឡើង​ប្រាក់​ឈ្នួល​អាជ្ញាកណ្ដាលចៅក្រម​ប្រដាល់​គុន​ខ្មែរក្នុង​១​កម្មវិធីពី​១៦​ដុល្លាររហូតទៅ​ដល់២៥​ដុល្លារ ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៤​តទៅ។ គួររំលឹកថា អាជ្ញាកណ្ដាលប្រដាល់បង្ហើបប្រាប់ពីរឿងប្រាក់ចំណូលការងារ ខុសពីកីឡាករឆ្ងាយ

ប្រធាន​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ​រូប​នេះ បាន​និយាយ​ក្នុង​កម្មវិធី​«នាទី​វែកញែក​កីឡា»របស់​លោក ង៉ែត ហ៊ ដូច្នេះ​ថា៖ «​យើងកំពុង​រៀបចំ​ផែនការ​យន្ត​ការ​លើកទឹកចិត្ត​ឲ្យ​មន្ដ្រី យកចិត្តទុកដាក់​ធ្វើការ​ឲ្យ​បាន​ខ្ពស់​ ។ ការងារ​អាជ្ញាកណ្ដាល​ ចៅក្រម​នេះ គឺជា​រឿង​រសើប​ ។ អ្នកដឹកនាំ​ការ​ប្រកួត​នេះ ពេល​ខ្លះ​ជោគជ័យ មិន​ជោគជ័យ គឺ​ស្ថិត​នៅ​លើ​ពួក​គាត់​ហើយ​ ។

ប្រសិនជា​ដឹកនាំ​ការ​ប្រកួត​ទៅ​មាន​បញ្ហា ច្បាស់​ណាស់ នឹង​មានការ​ជេ​រស្ដី​ពី​ទស្សនិកជន ហើយ​លទ្ធផល​លម្អៀង ដោយសារ​ការ​ដឹកនាំ​របស់​ពួក​គាត់​។ ដូច្នេះ យើងត្រូវធ្វើ​យ៉ាង​ម៉េច​ក៏​ដោយ​ឲ្យ​មន្ដ្រី​ទាំងអស់ ធ្វើការ​ដោយ​ការ​យកចិត្ត​ទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​​»​។

លោក ជិន រ៉ា ចៅក្រម​អាជ្ញាកណ្តាល​គុន​ខ្មែរ មើលឃើញ​ថា ធនធាន​អាជ្ញាកណ្ដាល ចៅក្រម​កីឡាប្រដាល់​គុន​ខ្មែរ មិនសូវ​សម្បូរ​ទេ ហើយ​អ្នក​ដែល​មក​ធ្វើ​ភាគច្រើន​ស្ម័គ្រចិត្ត ព្រោះ​ស្រឡាញ់ និង​ចង់​ជំរុញ​ឲ្យ​ក្បាច់គុន​មួយ​នេះ ឈាន​ទៅ​កាន់​ឆាក​អន្ដរជាតិ​ ។

អាជ្ញាកណ្ដាល និង​ជា​ចៅក្រម​រូប​នេះ បន្ថែម​ថា នៅ​ពេល​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដំឡើង​ប្រាក់​ឈ្នួល​ពី ១៦​ដុល្លារ ទៅ​២៥​ដុល្លារ ក្នុង​មួយ​កម្មវិធី ធនធាន​មន្ដ្រី​ការងារ​ទាំងនេះ នឹង​សម្បូរ ព្រោះ​ថវិកាឆ្លើយ​តប​នឹង​កម្លាំង​ការងារ​របស់​ពួក​គេ​។ ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​ចៅក្រម និង​អាជ្ញាកណ្ដាល​ទាំងនោះ គឺជា​ការ​លើកទឹកចិត្ត​សម្រាប់​ពួក​គេ ដើម្បី​បំពេញ​តួនាទី​ឲ្យ​បាន​ល្អ​។ ត្បិត​អី អ្នក​ទាំងនោះ ធ្វើការ​ដោយ​ស្ម័គ្រចិត្ត និង​មិន​មាន​ប្រាក់បៀវត្សប្រចាំខែ​ឡើយ​។

លោក ជិន រ៉ា បន្ថែម​ថា​ តួនាទី​ជា​អ្នកកាត់ក្ដី និង​ឲ្យ​ពិន្ទុ ត្រូវ​បាន​អ្នកគាំទ្រ​ជេរនៅ​ពេល​លទ្ធផល​ណាមួយ​មិន​សម​ស្រប​ទៅ​នឹង​អ្វី ដែល​ពួក​គេ​រំពឹង​ទុក​ ។ ប៉ុន្ដែ​អ្នកគាំទ្រ​ទាំងនោះ មិនដឹង​ពី​បច្ចេកទេស និង​បទបញ្ជា​នានា​ទាក់ទង​ជាមួយ​ការ​ដាក់​ពិន្ទុ​ឡើយ ​។

លោកបញ្ជាក់​ថា មន្ដ្រី​ការងារ​ទាំងនោះ ទទួល​បាន​កម្រៃ​ទាប​ហើយ ថែម​ទទួល​បាន​សម្ពាធពី​អ្នកគាំទ្រ​ទៀត​។ប៉ុន្ដែអ្នក​ដែល​នៅ​បន្ដការងារ​នេះ ព្រោះតែ​ពួក​គេ​ស្រឡាញ់ និង​ចង់​ឲ្យ​ថែរក្សា​ក្បាច់គុន​ខ្មែរ​។មន្ដ្រី​បច្ចេកទេស​រូប​នេះ បន្ដ​ទៀត​ថា នេះ គឺជា​ហេតុផលដែល​ធ្វើ​ឲ្យ​ធនធាន​អាជ្ញាកណ្ដាល ចៅក្រម​គុន​ខ្មែរ មិនសូវ​សម្បូរ​។ លោកជឿ​ថា​នៅ​ពេល​តម្លៃ​ឈ្នួល​ឡើង នឹង​មាន​អាជ្ញាកណ្ដាល ចៅក្រម​កើនឡើង ហើយ​ការងារ​របស់​ពួក​គេ​ក៏​មាន​ប្រសិទ្ធភាព​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ