រាជធានីភ្នំពេញ ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជាធឿន ធារ៉ា កំពុងប្រឈមនឹងការរិះគន់ដូចព្យុះ ក្រោយបរាជ័យក្រោមដៃកីឡាករអាស៊ែបៃហ្សង់ ROSLAN NAGIYEV នៅត្រឹមទឹកទី១ក្នុងការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិនៅលើសង្វៀនថោន កាលពីថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៥។
ការប្រកួតពេលនោះ ធឿន ធារ៉ា ធ្វើមិនបានល្អដូចមុនទាល់តែសោះ មិនស័ក្តិសមជាកីឡាករជើងខ្លាំងលំដាប់ជួរមុខរបស់កម្ពុជាឡើយ ។
ការបរាជ័យយ៉ាងឆាប់រហ័សបំផុតរបស់គេនៅពេលនោះ បានទទួលរងនូវការរិះគន់ដូចព្យុះពីសំណាក់អ្នកគាំទ្រ ដោយពួកគេនិយាយថាធឿន ធារ៉ា មិនខិតខំប្រឹងប្រែងហ្វឹកហាត់ប្រដាល់រវល់តែដើរលេងបាល់ទះធ្វើឱ្យមានការធ្លាក់ចុះទាំងកម្លាំងនិងបច្ចេកទេសប្រយុទ្ធ។ ជាក់ស្ដែងដូចជាការប្រកួតលើកនេះជាដើម គេមានការធ្វេសប្រហែសយ៉ាងខ្លាំងរហូតភ្លាត់ស្នៀតបណ្ដោយឱ្យគូប្រកួតវាយចូលភ្នែកខាងស្ដាំមួយដៃរហូតបោះបង់ការប្រកួតនៅត្រឹមពាក់កណ្ដាលទឹកទី១។
គួររំលឹកផងដែរថា ធឿន ធារ៉ា ជាម្ចាស់ជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ ក្នុងប្រភេទទម្ងន់៧២គីឡូក្រាម ដោយបានយកឈ្នះកីឡាកររឿង សោភ័ណ្ឌ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ទោះបីយ៉ាងណាកេរ្តិ៍ឈ្មោះរបស់គេមិនសូវជាល្បីប៉ុន្មានទេ ទើបតែនៅក្នុងចន្លោះឆ្នាំ២០២២ គេចាប់ផ្ដើមឡើងកូដខ្លាំងមែនទែនក្រោយពីបានយកឈ្នះកីឡាករជើងខ្លាំងថៃSAIYUKដណ្ដើមបានខ្សែក្រវាត់Thai Fightប្រភេទទម្ងន់៦២,៥០គីឡូក្រាម ។
ចាប់ពីពេលនោះមក ធឿន ធារ៉ា បានបន្តឈ្នះខ្សែក្រវាត់ជាច្រើនគ្រឿងទទួលបានរង្វាន់ជាប្រាក់រាប់មុឺនដុល្លាររថយន្ត និងផ្ទះវីឡា ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គេកាន់តែល្បីទាំងក្នុងស្រុក និងក្រៅស្រុក។
ប៉ុន្តែនៅក្នុងឆ្នាំ២០២៥ កេរិ៍្តឈ្មោះអ្នកលេងពូថៅដៃធឿន ធារ៉ា ត្រូវគេមើលឃើញមានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការមិនខិតខំហ្វឹកហាត់ និងការដើរលេងបាល់ទះ ជក់បារីអេឡិចត្រូនិកថតបង្ហោះជាមួយស្រីស្នេហ៍ក្នុងបន្ទប់ដេក និងការបរាជ័យជាហូរហែជាដើម ធ្វើឱ្យមហានជនដែលធ្លាប់គាំទ្រផ្កាប់មុខអស់ជំនឿ។
កូនសិស្សសំណព្វរបស់លោកគ្រូអេ ភូថង រូបនេះបានបាត់មុខពីសង្វៀនមួយរយៈមកហើយ មុននឹង មកជួបកីឡាករROSLAN NAGIYEV លើកនេះ ។ អ្នកខ្លះថា ធឿន ធារ៉ា កំពុងសម្ងំហ្វឹកហាត់ តែអ្នកខ្លះទៀតថា គេរវល់លេងបាល់ទះ ។ កន្លងមក គេមិនធ្លាប់ឃើញធឿន ធារ៉ា ត្រូវគូប្រកួតវាយឱ្យបោះបង់ការប្រកួតយ៉ាងងាយដូចនេះទេ ។ របួសភ្នែកស្ដាំរបស់គេលើកនេះ កំពុងក្លាយជាឧបសគ្គក្នុងការឡើងសង្វៀនប្រកួត ធ្វើឱ្យកេរ្តី៍ឈ្មោះ និងប្រជាប្រិយភាពរបស់គេកាន់តែធ្លាក់ចុះថែមទៀត ៕








ចែករំលែកព័តមាននេះ