ទីក្រុងបាងកក ៖ កីឡាការិនីបាញ់កាំភ្លើង Skeet ឆ្នើមថៃ Sutiya Jiewchaloemmit បានប្រកាសថា នាងនឹងធ្វើពហិការមិនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅចុងឆ្នាំនេះ ដោយចោទប្រកាន់សហព័ន្ធកីឡាបាញ់កាំភ្លើងថៃថាមានការគ្រប់គ្រងមិនល្អ និងខ្វះតម្លាភាព។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Vietnam Express ចេញផ្សាយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។
Jiewchaloemmit គឺជាកីឡាការិនីថៃដ៏លេចធ្លោម្នាក់ក្នុងព្រឹត្តិការណ៍កីឡាបាញ់កាំភ្លើង Skeet ដោយទទួលបានការសាទរជាអន្តរជាតិជាមួយការឈ្នះមេដាយជាច្រើន រួមទាំងមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ World Skeet Championships ឆ្នាំ២០១៩ និងមេដាយមាស ២ គ្រឿងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៦ និងមេដាយមាសនៅព្រឹត្តិការណ៍ Asian Games ឆ្នាំ១០១៨ ផងដែរ។ នាងបានតំណាងប្រទេសថៃនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកចំនួន ៣ លើក (២០១២, ២០១៦ និង ២០២០) និងឈ្នះមេដាយមាសចំនួន៦គ្រឿងក្នុងការប្រកួតជើងឯកអាស៊ី។
ទោះបីជាទទួលបានជោគជ័យយ៉ាងណាក៏ដោយ Jiewchaloemmit បានសម្រេចចិត្តមិនចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ (SEA Games) ដែលរៀបចំដោយសហព័ន្ធកីឡាបាញ់កាំភ្លើង Skeet & Trap របស់ថៃ (TCS)។ កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ នាងបានសម្តែងការខកចិត្ត ដោយបញ្ជាក់ថា នាងមិនអាចទទួលយកការងារក្រោមការគ្រប់គ្រងរបស់ TCS បានឡើយ ជាពិសេសបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសរបស់ប្រធានសហព័ន្ធ កាលពីខែមិថុនា ឆ្នាំ ២០២៤។
កីឡាការិនីវ័យ៣៩ឆ្នាំរូបនេះ បានរិះគន់អំពីការខ្វះតម្លាភាពក្នុងប្រតិបត្តិការរបស់ TCS ដោយចោទប្រកាន់ថា TCS បានប្រើប្រាស់ថវិកាប្រចាំឆ្នាំចំនួន ៥ លានបាត ឬ ១៥៤ ៤៥០ដុល្លារអាមេរិក ដោយមិនត្រឹមត្រូវ ដែលជាផ្នែកមួយនៃគម្រោងក្នុងគោលបំណងប្រើប្រាស់កីឡាជាតម្លៃដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ថាមពលនៃគោលនយោបាយអំណាចទន់របស់ថៃ។
នាងបានអំពាវនាវឱ្យឧបនាយករដ្ឋមន្ត្រី លោកវរសេនីយ៍ទោ Thammanat Prompao និងជាអាជ្ញាធរកីឡានៃប្រទេសថៃ (SAT) ត្រួតពិនិត្យការប្រើប្រាស់ថវិកានេះដល់សហព័ន្ធកីឡាដទៃទៀត។ នាងក៏បានចោទប្រកាន់ TCS ថាបានធ្វើការផ្លាស់ប្តូរបទប្បញ្ញត្តិដោយមិនមានទំនាក់ទំនងច្បាស់លាស់ និងលំអៀងជាមួយសមាជិកមួយចំនួន។
Jiewchaloemmit បានអះអាងទៀតថា នាងមានភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់របស់នាង ហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញលើសកម្មភាពរបស់សហព័ន្ធ។ TCS មិនទាន់ឆ្លើយតបទៅនឹងការអះអាងរបស់ Jiewchaloemmit នៅឡើយទេ ប៉ុន្តែសហព័ន្ធបានប្រកាសសមាភាពអត្តពលិកចំនួន ១៦ នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣។
កីឡាការិនី Jiewchaloemmit មិនមែនជាអត្តពលិកតែម្នាក់គត់ដែលមិនពេញចិត្តនឹងការគ្រប់គ្រងរបស់សហព័ន្ធរបស់នាងនោះទេ។ ជាក់ស្តែង កីឡាករវាយសី Ratchapol Makkasasithorn និងកីឡាការិនី Nattamon Laisuan កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងទៅ ក៏បានចោទប្រកាន់សហព័ន្ធកីឡាវាយសីថៃពីបទប្រព្រឹត្តិដោយអយុត្តិធម៌ បន្ទាប់ពីពួកគេត្រូវបានដកចេញពីក្រុមជម្រើសជាតិ។ ថ្វីត្បិតតែឈ្នះមេដាយមាសក្នុងវិញ្ញាសាចម្រុះក្នុងការប្រកួតជើងឯកថ្នាក់ជាតិ កាលពីខែធ្នូ ឆ្នាំ ២០២៤ ក៏ដោយ ក៏អត្តពលិកទាំងពីរនាក់ ត្រូវបានដកចេញ បន្ទាប់ពីសហព័ន្ធបានផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យជ្រើសរើសអត្តពលិករបស់ខ្លួន។
បន្ថែមពីលើនេះទៀត ភាពចម្រូងចម្រាសក៏បានឡោមព័ទ្ធសហព័ន្ធកីឡាប៉េតង់ថៃ ដែលត្រូវបានហាមឃាត់ជាបណ្តោះអាសន្នពីការរៀបចំកីឡាប៉េតង់ព្រឹត្តិការណ៍ស៊ីហ្គេម ដោយសហព័ន្ធកីឡាប៉េតង់ និងប៊ូលីងពិភពលោក (WPBC) ក្រោមមូលហេតុទាក់ទងនឹងអំពើពុករលួយ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចរចាររវាងគណៈកម្មាធិការអូឡាំពិកថៃ និង WPBC ស្ថានការណ៍ត្រូវបានដោះស្រាយ ហើយការប្តេជ្ញាចិត្តរបស់ថៃក្នុងការអនុវត្តតាមបទប្បញ្ញត្តិ WPBC ត្រូវបានទទួលយក។
ព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេមលើកទី៣៣ តាមការគ្រោងទុកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ នៅទូទាំងទីក្រុងចំនួន ៣ របស់ប្រទេសថៃ រួមមាន ៖ ទីក្រុងបាងកក សុងក្លា និងឈុនបុរី។ អត្តពលិកប្រមាណ ១២,៥០០នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ ត្រូវបានរំពឹងថានឹងប្រកួតប្រជែងនៅក្នុងវិញ្ញាសាចំនួន ៥៧៤ ចេញពីកីឡាសរុបចំនួន ៥០ ប្រភេទ៕


ចែករំលែកព័តមាននេះ