ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​មូលហេតុ​ កូនប្រុស​លោក អេ ភូ​ថង ត្រូវ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដាក់​ពិន័.យ​មិន​ឱ្យ​ឡើង​សង្វៀន​ប្រកួត​រយៈពេល​៦​ខែ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា កីឡាករ​អេ អាំ​ម៉ា​រី​ន​ភូ​ថង និង​អេ វិ​រៈ​ខាំ​ឈិ​ត…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា កីឡាករ​អេ អាំ​ម៉ា​រី​ន​ភូ​ថង និង​អេ វិ​រៈ​ខាំ​ឈិ​ត ភូ​ថង ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​កូនប្រុស​របស់​លោក​អេ ភូ​ថង ត្រូវ​បាន​សហព័ន្ធ​ផ្អាក​មិន​ឱ្យ​ឡើង​សង្វៀន​ប្រកួត​រយៈពេល​៦​ខែ​គិត​ចាប់ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា​ឆ្នាំ​២០២៦ បន្ទាប់​ពី​មានការ​ស្នើ​សុំ​របស់​ម​ជ្ឈមណ្ឌលកីឡា​កង​យោធពលខេមរភូមិន្ទ​។

ក្នុង​សេចក្ដីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​ម៉ិ​ល កាដូ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ស្ដីទី​បានឱ្យ​ដឹង​ថា ការ​ដាក់ពិន័យ​ដោយ​ការ​ផ្អាក​ចាប់​គូប្រកួត​ទាំង​ក្នុងនិង​ក្រៅប្រទេស​រយៈពេល​៦​ខែ​ទៅ​លើ​កីឡាករអេ អាំ​ម៉ា​រី​ន​ភូ​ថង និង​អេ វិ​រៈ​ខាំ​ឈី​ត​ភូ​ថង គឺ​មូលហេតុ​មក​ពី​កីឡាករ​ទាំង​ពីរ​រូប​ជា​យោធិន​សេរី​គឺ​លោក​អនុសេនីយ៍ត្រី​អេ វិ​រៈ​ខាំ​ឈី​ត ភូ​ថង និង​លោក​នាយឯក​អេ អាំ​ម៉ា​រី​ន​ភូ​ថង
មិន​គោរព​អនុវត្ត​តាម​បទបញ្ជា​ថ្នាក់ដឹកនាំ​របស់មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ​។

ជុំវិញ​បញ្ហា​នេះ​ឯកឧត្តម​ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​សម្រេច​ដាក់​ពិន័យ​កូនប្រុស​លោក​អេ ភូ​ថង មិន​ឱ្យ​ឡើង​សង្វៀន​ប្រកួត​រយៈពេល​៦​ខែ​គឺ​ដោយសារ​តែ​ពួក​គេ​ទាំង​ពីរ​មិន​គោរព​និងស្ដាប់​តាម​ការ​ណែនាំ​របស់​អង្គភាព ។

ជា​ពិសេស​រាល់ពេល​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​មិន​ដែល​ស្នើ​សុំ​ការ​អនញ្ញា​ត​ពី​អង្គភាព​ម្ដងណា​ឡើយ​។ ឯកឧត្តម​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ថា អង្គភាព​នីមួយ​ៗ​តែងតែមាន​បទបញ្ជា​និង​ច្បាប់​ទ​ម្លប់​ត្រឹមត្រូវ ។ កីឡាករ​ទាំង​ពីរ​សុទ្ធតែ​នៅ​ក្នុង​ក្រប​ខណ្ឌ​មន្ត្រី​កង​យោធពលខេមរភូមិន្ទ គេ​មិន​ហាមឃាត់​មិន​ឱ្យ​ប្រកួត​នោះ​ទេ តែ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​អង្គភាព​ឱ្យ​បាន​ត្រឹមត្រូវ​។

ក្រោយ​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ចេញសេចក្ដីជូនដំណឹង​នេះ​ភ្លាម លោកគ្រូ​អេ ភូ​ថង​និង​ភរិយា​គឺ​លោកស្រី​សាំង សុ​ម៉ា​លី បាន​ចេញ​ប្រតិកម្ម​ភ្លាម​ៗ​ផ្អើល​ពេញ​បណ្ដាញ​សង្គម​ថា រូប​លោក​(​អេ ភូ​ថង​)​ខិតខំ​ត្រួសត្រាយ​នៅ​ក្នុង​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​តាំងពី​អាយុ​១២​ឆ្នាំ​មក​ម្ល៉េះ​រហូត​មក​ទល់​ពេល​នេះ​លោក​មាន​អាយុ​៥៤-៥៥​ឆ្នាំ​ហើយ​ចូល​ឆ្នាំ​ថ្មី​នេះ ។

លោក​ពិតជា​មានការ​ហត់នឿយ​ខ្លាំង​ណាស់ ចង់​ឈប់​ពី​គុន​ខ្មែរ​ទៅ​ធ្វើស្រែ​ចម្ការ​វិញ​ម្ដង ដោយសារ​សហព័ន្ធ​ជំនាន់​ថ្មី ។ មិនតែប៉ុណ្ណោះ​លោក​ធ្លាប់​នាំ​យក​កីឡា​គុន​ខ្មែរ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​នៅ​ក្រៅប្រទេស​ដោយ​ខ្លួនឯង​តាំងពី​កីឡាប្រដាល់​គុន​ខ្មែរ​មិន​ទាន់​មានឈ្មោះ​បោះ​សំឡេង​មក​ម៉្លេះ។

ឯកឧត្តម​ខូ​វ ឆាយ បាន​បញ្ជាក់​ច្បាស់​ហើយ​ថា លោក​មិន​បាន​ហាមឃាត់​ពួក​គេ​មិន​ឱ្យ​ចេញ​ប្រកួត​នោះ​ទេ ប៉ុន្តែ​កីឡាករ​ទាំង​ពីរ​រូប​ខាងលើ​គឺជា​មន្ត្រី​កង​យោធពលខេមរភូមិន្ទ ដូច្នេះ​ត្រូវ​តែ​គោរព​ច្បាប់​របស់​អង្គភាព ជា​ពិសេស​របស់​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ