រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រដាល់សកលអាជីព នឹងចាប់ផ្ដើមបើកការប្រកួតជាផ្លូវការនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈការប្រកួតបើកឆាកថ្ងៃដំបូងមានទាំងអស់៦គូ។
ឯកឧត្តមប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឱ្យដឹងថា នេះជាព្រឹត្តិការណ៍ប្រកួតជើងឯកប្រដាល់សកលអាជីពប្រចាំខែលើកដំបូងដែលប្រមូលផ្ដុំទៅដោយកីឡាករ កីឡាការិនីជម្រើសជាតិមកពីតាមបណ្ដាក្លិបនានានៅទូទាំងប្រទេស ។
ការប្រកួតធ្វើឡើង ដើម្បីឱ្យពួកគេមានឱកាសក្នុងការបញ្ចេញសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសដែលខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈពេលជាច្រើនខែកន្លងមក ហើយក៏ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់សហព័ន្ធរដាល់សកលកម្ពុជាសម្រាប់អាណត្តិទី៨ឆ្នាំ២០២៥-២០២៩ផងដែរ។ ការប្រកួតត្រូវធ្វើឡើង១ខែម្ដងរយៈពេល១ឆ្នាំពេញ។
ឯកឧត្តមបានបន្តថា ការប្រកួតកីឡាប្រដាល់សកលអាជីពប្រចាំខែនាពេលនេះ គឺជាការផ្ដល់
ឱកាសដ៏សំខាន់ដល់បណ្ដាក្លិបបានពង្រឹងសមត្ថភាព ក៏ដូចជាការរួមចំណែកអភិវឌ្ឍគុណផលក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាត្រៀមចូលរួមប្រកួតអន្តរជាតិនានាសម្រាប់ឆ្នាំ២០២៦ ក៏ដូចជាការត្រៀមប្រកួតកីឡាស៊ីហ្គេមឆ្នាំក្រោយនៅប្រទេសម៉ាឡេស៊ី ពិសេសឆ្ពោះទៅទទួលបានសិទិ្ធជាផ្លូវការសម្រាប់ការប្រកួតកីឡាអូឡាំពិកនាឆ្នាំ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។
ឯកឧត្តមបានលើកឡើងទៀតថា ប្រដាល់សកលកម្ពុជា ជាប្រភេទកីឡាដ៏មានសក្ដានុពលបំផុតមួយនៅក្នុងសម័យសង្គមរាស្ត្រនិយម ដែលក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជារហូតដល់ទៅ៤រូបទទួលបានសិទ្ធិទៅចូលរួមប្រកួតកីឡាអូឡាំពិកនាឆ្នាំ១៩៦៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ដូច្នេះព្រឹត្តិការណ៍ប្រកួតប្រដាល់សកលអាជីពប្រចាំខែនាពេលនេះ គឺជារឿងដ៏សំខាន់ក្នុងការបណ្ដុះស្មារតីកីឡាករ កីឡាការិនីឱ្យខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព និងស្វែងរកឱកាសឈានឡើងទៅប្រកួតនៅលើឆាកអន្តរជាតិជាបន្តទៀត។
ដោយឡែកសម្រាប់គូប្រកួតនៅវគ្គទី១ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះមានដូចជា កីឡាករ នូ សុផាត ប្រកួតជាមួយកីឡាកររ៉ាន ណាន ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ កីឡាករផុល ណារ៉ែត ប្រកួតជាមួយកីឡាករប៊ុន រតនៈ ក្នុងប្រភេទទម្ងន់៥៥គីឡូក្រាម ។ កីឡាករនា សុវណ្ណ ប្រកួតជាមួយកីឡាករអំ ខេម ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
កីឡាករសៅ រង្សី ប្រកួតជាមួយកីឡាករបាំងកាណុន ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ កីឡាករពេជ្រ ម្ទេសខ្មាំង ប្រកួតជាមួយកីឡាករZWAN ROSS LEEមកពីប្រទេសសិង្ហបុរីក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និងកីឡាករភី សុភ័ស ប្រកួតជាមួយកីឡាករMOHAMAD KHEIRI មកពីអីុរ៉ង់ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ៕



ចែករំលែកព័តមាននេះ