ប្រទេសវៀតណាម ៖ ទីក្រុងហូជីមិញកំពុងថ្លឹងថ្លែងផែនការតម្លៃរាប់លានដុល្លារអាមេរិក ដើម្បីសាងសង់អាងស្តុកទឹកក្រោមដីដ៏ធំមួយពីក្រោមទីលានបាល់ទាត់នៃមជ្ឈមណ្ឌលកីឡា Linh Tay ស្ថិតនៅក្នុងតំបន់ Thu Duc ដោយសង្ឃឹមថានឹងបញ្ចប់ការជន់លិចដ៏អាក្រក់ជាច្រើនឆ្នាំនៃតំបន់នេះ។
អាងស្តុកទឹកក្រោមដីនឹងអាចផ្ទុកទឹកភ្លៀងបាន ១៣ ០០០ម៉ែត្រគូប ឬស្មើនឹងរថយន្តដឹកទំនិញធុនធំចំនួន ៦៥០ គ្រឿង និងជួយការពារផ្លូវនានាពីការលិចលង់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។
យោងតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ Thu Duc ដីតំបន់នេះ មានរាងដូចអាងដែលមានគម្លាតកម្ពស់ជិត ៣០ ម៉ែត្រ ដែលបណ្តាលឱ្យទឹកភ្លៀងពីតំបន់ខ្ពង់រាបហូរចូលយ៉ាងងាយស្រួល។
គួបផ្សំនឹងជាតំបន់ចំណាស់មួយផងនោះ ដូច្នេះហើយប្រព័ន្ធបង្ហូរទឹកមិនអាចរំដោះទឹកបានទាន់ពេលវេលានោះទេ ធ្វើឱ្យតំបន់នេះ ត្រូវបានជន់លិចជាបន្តបន្ទាប់ ពិសេសតាមបណ្តោយផ្លូវ To Ngoc Van, Pham Van Dong, Duong Van Cam និងជុំវិញផ្សារ Thu Duc។
អាងស្តុកទឹកក្រោមដីនឹងត្រូវសាងសង់ក្រោមទីលានបាល់ទាត់ស្ថិតនៅផ្លូវ 16 Tran Van Nua មានទំហំ ៧០ គុណនឹង ៥០ ម៉ែត្រ និងជម្រៅ ៥,២ ម៉ែត្រ សាងសង់ដោយប្រើបន្ទះប្លាស្ទិកប្រហោង ដែលត្រូវបានស្គាល់ថា Cross-wave។ គម្រោងអាងក្រោមដីនេះ ត្រូវបានរំពឹងថានឹងថវិកាចំណាយអស់ ១៧៨ ពាន់លានដុង ឬ ៧ លានដុល្លារ ដោយរួមបញ្ចូលផងដែរ នូវស្រះទឹក បន្ទប់បូមទឹក បំពង់បង្ហូរប្រមូលទឹក និងប្រព័ន្ធលូផងដែរ។ នៅពេលសាងសង់រួច ទីលានបាល់ទាត់នឹងដាក់ឱ្យប្រើប្រាស់ឡើងវិញសម្រាប់កីឡា និងការកម្សាន្តនានា។
អាជ្ញាធរបានបញ្ជាក់ថា ក្រៅពីការបន្ធូរបន្ថយទឹកជំនន់ អាងស្តុកទឹកក្រោមដីនេះ ក៏អាចស្តុកទឹកសម្រាប់ពន្លត់អគ្គីភ័យ និងប្រព័ន្ធធារាសាស្ត្រផងដែរ។ ចំណែកអ្នកជំនាញបានកត់សម្គាល់ថា វិធីសាស្ត្រសន្សំដីបែបនេះ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយរួចទៅហើយនៅក្នុងទីក្រុងមួយចំនួនដូចជា សិង្ហបុរី និងទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលដីទំនេរមានកំណត់ ចំពេលបញ្ហាប្រឈមនឹងអាកាសធាតុកំពុងតែកើតឡើង។
ប្រសិនបើគម្រោងត្រូវបានអនុម័ត អាងស្តុកទឹក Linh Tay នឹងមានទំហំធំជាង ១៣០ដងនៃអាងស្តុកទឹកក្រោមដី ដែលបានសាងសង់ក្នុងឆ្នាំ ២០១៧ ស្ថិតនៅផ្លូវ Vo Van Ngan នៃតំបន់ Thu Duc ដោយមានជំនួយពីប្រទេសជប៉ុន។
អតីតនាយករងស្ថាបត្យករនៃទីក្រុងហូជីមិញ បានលើកឡើងថា ការសាងសង់អាងស្តុកទឹកក្រោមដីនៅក្រោមទីលានបាល់ទាត់ រួមបញ្ចូលមុខងារជាច្រើននៅក្នុងទីតាំងតែមួយ។ យ៉ាងណាក៏ដោយ លោកបានព្រមានថា អាងស្តុកទឹកក្រោមដីមានតម្លៃថ្លៃ ដែលទាមទារឱ្យមានការសាងសង់រចនាសម្ព័ន្ធរឹងមាំ ដើម្បីធានាថា ដីផ្នែកខាងលើអាចប្រើប្រាស់បាន ហើយវាក៏មានតម្លៃថ្លៃជាងការជីកបឹង ឬស្រះធម្មជាតិដែលបានស្តារឡើងវិញ។
ទីក្រុងហូជីមិញ ធ្លាប់បានកំណត់គោលដៅសាងសង់អាងស្តុកទឹកចំនួន ៧ ដែលជាផ្នែកមួយនៃផែនការគ្រប់គ្រងទឹកជំនន់របស់ខ្លួន ដោយក្នុងនោះអាងក្រោមដីចំនួន ៦ និងអាងស្តុកទឹក Go Dua ដែលមានទំហំ ២០ ហិកតា នៅតំបន់ Thu Duc ជាមួយថវិកាសរុបជាង ១ទ្រីលានដុង ឬជាង ៣៧លានដុល្លារ។ ប៉ុន្តែរហូតមកដល់ពេលនេះ គម្រោងទាំងនេះ បានជាប់គាំងដោយសារស្តង់ដារបច្ចេកទេស និងកង្វះថវិកា។
ក្រៅពីសំណើអាងស្តុកក្រោមដី អាជ្ញាធរតំបន់ Thu Duc ក៏កំពុងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធលូប្រឡាយផងដែរ ដោយវានឹងបន្ធូរបន្ថយបន្ទុកនៅលើផ្លូវថ្នល់ ដោយបញ្ជូនទឹកចូលទៅក្នុងប្រឡាយ Nha Tra និង Thu Duc ។ មន្ត្រីក៏បានអំពាវនាវឱ្យបូមខ្សាច់ និងធ្វើទំនប់ប្រឡាយ Thu Duc ក៏ដូចជាដំឡើងស្ថានីយ៍បូមទឹកមានសមត្ថភាពបូម ១២០ ០០០ម៉ែត្រគូបក្នុង១ម៉ោងផងដែរ៕ ប្រភព ៖ Vietnam Express
ចែករំលែកព័តមាននេះ