ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ស្តី​ពី​កម្មវិធី​រត់​ភ្លើង​គប់​កីឡា និង​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​ទូក​នាគ ទូក​កា​នូ និង​រ៉ូ​អ៊ី​​ង ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៥ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​៣ ឆ្នាំ​២០២៦

2 ថ្ងៃ មុន
  • សៀមរាប

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៦ នៅ​សាល​ប្រជុំ​សាលាខេត្តស្វាយរៀង លោក ញ៉ែ​ម សារី អភិបាលរង​ខេត្ត​តំណាង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុមការងារ ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តី​ពី​កម្មវិធី​រត់​ភ្លើង​គប់​កីឡា និង​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​ទូក​នាគ ទូក​កា​នូ និង​រ៉ូ​អុ​ី​ង ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៥ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​៣ ឆ្នាំ​២០២៦​នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយ​រៀង នា​ពេល​ខាង​មុខ​នេះ​។

កិច្ចប្រជុំ​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពីលោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ស្នងការ​រង​នគរបាល​ខេត្ត លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត លោក​អភិបាលរង​ក្រុង​ស្វាយ​រៀង លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោក​នាយករង​ទីចាត់ការ​គ្រប់គ្រង​ធាន​ធាន​មនុស្ស​សាលាខេត្ត លោកនាយក​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត លោក​នាយករង​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ការ​ប្រកួត​ប្រភេទ​កីឡា​លើ​ទឹក​រួម​មាន កីឡាទូក​នាគ​, ទូក​កា​នូ និង​រ៉ូ​អុ​ី​ង នឹង​ត្រូវ​រៀបចំ​ឡើងនៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយ​រៀង ។ ខេត្ត​ស្វាយរៀង គឺជា​ទីតាំង​រៀបចំ​ប្រកួត​កីឡា​ជាតិ​មួយ​ក្នុង​ចំណោម​ទីតាំង​គោលដៅ​រៀបចំ​ទាំង​៥ រួម​មាន រាជធានី​ភ្នំពេញ​, ខេត្ត​កែប​, ខេត្តកំពង់ឆ្នាំង និង​ខេត្ត​ព្រះ​សីហ​នុ ។ ចំពោះ​គោលបំណង និង​ការ​ត្រៀមលក្ខណៈ​ក្នុង​កម្មវិធី​រត់​ភ្លើង​គប់​គឺ​ការ​រៀបចំ​ផែនការ​សម្របសម្រួល និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សម្រាប់​ពិធី​រត់​ភ្លើង​គប់​កីឡា​ឆ្លងកាត់ភូមិសាស្ត្រ​ខេត្ត ដើម្បី​បង្កើត​ភាព​អធិកអធម និង​ទាក់ទាញ​មហាជន ។ ធានា​ឱ្យ​បាន​នូវ​ការរៀបចំ​ទីលាន​ប្រកួត​លើ​ផ្ទៃ​ទឹកទន្លេ​វ៉ៃ​គោ ប្រកបដោយ​សុវត្ថិភាព និង​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស​កីឡា​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៥ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​៣ គ្រោង​ប្រព្រឹត្ត​ទៅ​នា​ស​ប្ដា​ហ៍​ទី​២ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៦ ខណៈ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ត្រៀម​រៀបចំ​ឲ្យ​កាន់តែ​ប្លែក និង​អស្ចារ្យ ដើម្បី​បង្ហាញ​ពី​សក្ដានុពល​កីឡា​ជំនាញ​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស តាម​រយៈ​ព្រឹត្តិការណ៍​កីឡា ២​ឆ្នាំ​ម្ដងនេះ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ ឆ្នាំ​២០២៦ ដោយ​មានការ​ចូលរួម​ពី​មន្ដ្រីជាន់ខ្ពស់​ក្រសួង ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​កីឡា និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ជា​ច្រើន នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​ថ្លែង​ថា ឆ្នាំ​២០២៦ នឹង​មានការ​ប្រកួត​ពហុ​កីឡា​ជា​ច្រើន រាប់​ចាប់ពី​ការ​ប្រកួត​កម្រិត​បឋម​សិក្សា រហូត​ដល់​កីឡា​ឧត្តម​សិក្សា ជា​ពិសេស​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៥ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​៣ ដែល​ដល់​ពេលវេលា​រៀបចំ​ជា​ថ្មី​នៅ​ក្នុងឆ្នាំនេះ​។

ស្រប​តាម​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង នឹង​ជំរុញ​ការ​ប្រកួត​ពហុ​កីឡា​ធំ​ៗ​ទាំងអស់ ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​មាន​ប្រសិទ្ធភាព​ក្នុងការ​រៀបចំ ដើម្បី​បន្ដ​និរន្ដរភាព​នៃ​ការ​អភិវឌ្ឍ​កីឡា​ជាតិ​បន្ថែម​ទៀត​។

ឯកឧត្តម វ៉ា​ត់ ចំរើន បន្ដ​ថា ឆ្នាំ​២០២៦ នេះ យើង​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៥ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​៣ ឲ្យ​វា​មាន​ភាព​ប្លែក និង​អស្ចារ្យ​មួយ ដែល​អាច​ទាក់ទាញ​បាន​នូវ​ការ​ចូលរួម និង​គាំទ្រ​ច្រើន​ពី​រាជធានី​-​ខេត្ត និង​មហាជន ។ យើង​ទាំងអស់​គ្នា​នឹង​ធ្វើ​កិច្ច​ការងារ​នេះ​ឲ្យ​បាន​ល្អ ហើយ​ផ្សព្វផ្សាយ​ជូន​ដល់សាធារណជន​ឲ្យ​ត្រៀម​ចូលរួម​ទស្សនា និង​គាំទ្រទាំង​ពិធី​បើក​-​បិទ និង​ការ​ប្រកួត ដែល​ជា​ការប្រកួត​កីឡា​ជំនាញ​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេសរបស់​យើង សម្រាប់​ជា​កម្លាំងចិត្ត​ដល់​កីឡាករ​-​កីឡាការិនី ក្នុង​ការ​ត្រៀម​ឆ្ពោះទៅ​រក​ការ​ប្រកួត​អន្ដរជាតិ​នានា​។

ជាមួយ​គ្នា មន្ដ្រីជាន់ខ្ពស់​ក្រសួង​អប់រំ​ដដែលក៏​បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋា​ន​កីឡា និង​នាយកដ្ឋាន​ជំនាញ​ទាំងអស់ ដែល​បាន​រៀបចំ​នូវ​ផែនការ​លម្អិត ធានា​បាន​នូវ​ការត្រៀមលក្ខណៈ​រួចរាល់​សម្រាប់​ការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ​នានា ក្នុង​ឆ្នាំ​២០២៦ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ ៕