ប្រទេសអារ៉ាប៊ីសាអូឌីត ៖ លោក Cristiano Ronaldo បានបង្ហើបថា រដូវកាលនេះ អាចនឹងជារដូវកាលចុងក្រោយរបស់ខ្លួនក្នុងនាមជាកីឡាករបាល់ទាត់ បន្ទាប់ពីឆ្លងកាត់អាជីពដ៏អស្ចារ្យរយៈពេលជាង២៤ឆ្នាំ ពោលចាប់តាំងពីឆ្នាំ ២០០២ មក។
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Al Nassr វ័យ៤១ឆ្នាំរូបនេះ ទើបតែបានរៀបការជាមួយមិត្តស្រីយូរអង្វែងរបស់ខ្លួន គឺនាង Georgina Rodriguez កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ហើយកំពុងគិតគូរពីអនាគតដែលផ្ដោតលើក្រុមគ្រួសារជាចម្បងតែម្តង។
ថ្លែងប្រាប់ទស្សនាវដ្តី Vogue នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ Ronaldo បានឱ្យដឹងដូច្នេះថា «ប្រហែលជាឆ្នាំចុងក្រោយរបស់ខ្ញុំក្នុងវិស័យបាល់ទាត់ហើយ ហើយខ្ញុំចង់បន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏អស្ចារ្យមួយ។ ខ្ញុំបានរៀបចំផែនការសម្រាប់អនាគតរបស់ខ្ញុំរួចរាល់អស់ហើយ។ ខ្ញុំមានកិច្ចការជាច្រើនដែលត្រូវធ្វើឱ្យខ្លួនឯងរវល់ រហូតដល់ថ្នាក់ពិបាកនឹងរៀបរាប់ប្រាប់រឿងណាមួយខ្លាំងណាស់។ ដោយសារតែការចាកចេញពីបាល់ទាត់អាចនឹងបន្សល់ទុកនូវចន្លោះប្រហោង ដូច្នេះអ្នកត្រូវបំពេញពេលវេលារបស់អ្នកតាមរបៀបផ្សេងៗគ្នា មិនមែនតែមួយមុខនោះទេ»។
កីឡាកររូបនេះ បានបន្ថែមថា «ខ្ញុំត្រូវស្វែងរកភាពសប្បាយរីករាយឱ្យបានកាន់តែច្រើន ធ្វើដំណើរកម្សាន្តឱ្យបានកាន់តែច្រើន មើល និងលេងកីឡាប៉ាដែល (Padel) ដែលខ្ញុំពិតជាចូលចិត្តខ្លាំងណាស់ ហើយបន្តរីករាយជាមួយអ្វីដែលខ្ញុំរកបាន ពោលគឺអ្វីដែលពួកយើងរកបានរួមគ្នា។ ពីព្រោះថា បើគិតទៅ វាគឺជាពេលវេលា ២៥ ឆ្នាំហើយ ដែលពោរពេញទៅដោយការលះបង់យ៉ាងច្រើន»។
នៅក្នុងនាមជាម្ចាស់ពានរង្វាន់ Ballon d’Or ៥ លើក និង UEFA Champions League ៥ សម័យកាលនោះ Ronaldo បានឈ្នះពានលីគកំពូលអង់គ្លេស អេស្ប៉ាញ អ៊ីតាលី និងអារ៉ាប៊ីសាអូឌីត ព្រមទាំងជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតគ្រប់ពេលក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិផ្នែកបុរសផងដែរ ដោយខ្វះ ២៤ គ្រាប់ទៀតប៉ុណ្ណោះ នឹងសម្រេចបានការស៊ុតបញ្ចូលទី ១ ០០០ គ្រាប់។ ប្រធានជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានចំណាយពេលជិត ៤ ឆ្នាំនៅក្លិប Al-Nassr ដោយនៅសល់កិច្ចសន្យារយៈពេល ១ ឆ្នាំទៀតជាមួយក្លិបយក្សនៅអារ៉ាប៊ីសាអូឌីតមួយនេះ៕ ប្រភព ៖ BBC




ចែករំលែកព័តមាននេះ