ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធន់ ម៉េ​ង​ហុង ប្រជែង​ដណ្តើម​ខ្សែក្រវាត់ K-1 Japan ឱកាស​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​គុន​ខ្មែរ

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៦ នឹង​ក្លាយជា​ថ្ងៃ​ដ៏​សំខាន់​មួយ​សម្រាប់ គុន​ខ្មែរ និង​កីឡាករ ធន់ ម៉េ​ង​ហុង ខណៈ​រូបគេ​នឹង​ឡើង​ប្រកួត​នៅ​លើ​សង្វៀន K-1 WORLD MAX 2026 នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដើម្បី​ប្រជែង​ដណ្តើម​ខ្សែក្រវាត់​ជើងឯក K-1 ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។

ក្នុង​ការ​ប្រកួត​ដ៏​ធំ​នេះ ធន់ ម៉េ​ង​ហុង ត្រូវ​ប្រឈម​មុខជា​មួយ Tomoya Yokoyama ដែល​ជា​កីឡាករ​ជើង​ខ្លាំង និង​ជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក K-1 ប្រចាំ​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។

ដូច្នេះ សម្រាប់ ម៉េ​ង​ហុង នេះ​គឺជា​ការ​ប្រកួត​ដ៏​តឹងតែង​មួយ ព្រោះ​ត្រូវ​ប្រឈម​នឹង​ម្ចាស់​ខ្សែក្រវាត់​ដែល​មានបទពិសោធន៍ និង​ត្រូវការ​ការត្រៀមខ្លួន​គ្រប់​ជ្រុងជ្រោយ​ទាំង​កម្លាំង បច្ចេកទេស ស្មារតី និង​យុទ្ធសាស្ត្រ​ប្រកួត ។ ប៉ុន្តែ ភាព​លំបាក និង​ហានិភ័យ​ខ្ពស់ ក៏​ជា​ឱកាស​ដ៏​វិសេសវិសាល​ផង​ដែរ​។

ការ​ដែល​ស្ថាប័ន K-1 ប្រទេស​ជប៉ុន ផ្តល់​ឱកាស​ឱ្យ​កីឡាករ​គុន​ខ្មែរ ធន់ ម៉េ​ង​ហុង ឡើង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​នៅ​លើ​ឆាក​ដ៏​ធំ​នេះ គឺជា​ការ​បើកទ្វារ​មួយទៀត​សម្រាប់​គុន​ខ្មែរ ឱ្យ​បាន​បង្ហាញ​សមត្ថភាព និង​អត្តសញ្ញាណ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ទស្សនិកជន​ជប៉ុន និង​អ្នកគាំទ្រ​កីឡា​ប្រយុទ្ធ​ជុំវិញ​ពិភពលោក​។

សម្រាប់ ធន់ ម៉េ​ង​ហុង វា​មិនមែន​គ្រាន់តែ​ជា​ការ​ប្រកួត​ដើម្បី​ឈ្នះ ឬ​ចាញ់​នោះ​ទេ​។ វា​គឺជា​ការ​ប្រកួត​ដើម្បី​ឱកាស​ដ៏​ធំ​មួយ​ក្នុង​អាជីព និង​ជា​ការ​ប្រកួត​ដែល​អាច​កត់ត្រា​ឈ្មោះ​របស់​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​គុន​ខ្មែរ​។ ប្រសិនបើ ម៉េ​ង​ហុង អាច​យកឈ្នះ​ម្ចាស់​ខ្សែក្រវាត់ K-1 បាន រូបគេ​នឹង​ក្លាយជា​កីឡាករ​គុន​ខ្មែរ​ដំបូង​គេ​ដែល​ឈ្នះ​ខ្សែក្រវាត់​ជើងឯក K-1 ដែល​ជា​សមិទ្ធផល​ដ៏​ធំធេង​មួយ​សម្រាប់​ខ្លួនឯង សម្រាប់​គុន​ខ្មែរ និង​សម្រាប់​កម្ពុជា​។ វា​អាច​ក្លាយជា​ពេលវេលា​ប្រវត្តិសាស្ត្រ ដែល​ឈ្មោះ​កម្ពុជា និង​គុន​ខ្មែរ ត្រូវ​បាន​កត់ត្រា​នៅ​លើ​ឆាក K-1 ជប៉ុន​។

ការ​ប្រកួត​នេះ​ពិតជា​តឹងតែង ពិតជា​មាន​ហានិភ័យ​ខ្ពស់ ប៉ុន្តែ​ឱកាស​ដ៏​ធំ​តែងតែ​ស្ថិត​នៅ​ពីក្រោយ​ការ​ប្រកួត​ដ៏​លំបាក​។
សូម​ជូនពរ និង​ផ្តល់​កម្លាំងចិត្ត​ដល់ ធន់ ម៉េ​ងហុង ឱ្យ​ប្រកួត​ដោយ​ភាព​ក្លាហាន ស្មារតី​កីឡា និង​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ពី​សមត្ថភាព​របស់កីឡាករ​គុន​ខ្មែរ ។ គុន​ខ្មែរ​នាំ​កម្ពុជា​ទៅ​កាន់​ពិភពលោក ៕