ស្វាយរៀងទទួលបានសមិទ្ធផលថ្មី! ពហុកីឡដ្ឋានស្តង់ដារទំនើប ចាប់ផ្តើមសាងសង់ហើយ ដើម្បីឆ្លើយតបតម្រូវការកីឡា និងការហាត់ប្រាណរបស់ប្រជាពលរដ្ឋ
- ស្វាយរៀង
ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខដើម្បីសាងសង់ពហុកីឡដ្ឋានខេត្តស្វាយរៀងថ្មីដែលមានទីតាំងស្ថិតក្នុងភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធ និងក្រុមកាងារបច្ចេកទេសសាងសង់ជាច្រើនរូបទៀត។
ឯកឧត្តមគណៈអធិបតី និងអ្នកចូលរួមទាំងអស់ បានសម្តែងនូវសេចក្តីគោរព និងបួងសួងសុំសេចក្តីសុខសប្បាយ និងភាពជោគជ័យសម្រាប់គម្រោងសាងសង់ពហុកីឡាដ្ឋានថ្មីទាំងមូល។ ឯកឧត្តមរ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានប្រសាសន៍ថា ការសាងសង់ពហុកីឡដ្ឋានថ្មីនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ សម្រាប់ខេត្តស្វាយរៀង ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើន។ ទីលាននេះមិនត្រឹមតែសម្រាប់បម្រើដល់ការហ្វឹកហាត់ និងការប្រកួតកីឡាផ្សេងៗទាំងក្នុងកម្រិតខេត្ត និងជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋចូលមកហាត់ប្រាណ ដើម្បីសុខភាព និងជាកន្លែងកម្សាន្តផងដែរ។
យោងតាមគម្រោងបច្ចេកទេស ពហុកីឡដ្ឋាននេះនឹងត្រូវបានសាងសង់ឡើងដោយអនុលោមតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាព សម្រេចបានតាមផែនការដែលបានកំណត់ទុក នេះបើតាមរដ្ឋបាលខេត្តបានបញ្ជាក់ ។
យ៉ាងណាក៏ដោយយើងមិនទាន់បានឃើញគំរូប្លង់ថាមានសភាពបែបណានៅឡើយនោះទេ ប៉ុន្តែអាចសន្និដ្ឋានបានថាជាពហុកីឡដ្ឋានដែលមានកីឡាចម្រុះច្រើនជាងកីឡដ្ឋានខេត្តស្វាយរៀងចាស់ ដែលផ្ដោតសំខាន់តែទៅលើបាល់ទាត់ ក្រោយធ្វើទំនើបបកម្មរួចរាល់ចាប់ពីឆ្នាំ២០២៦ នេះតទៅ ។បន្ទាប់មកឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និង ឯកឧត្តម វ៉ាត់ ចំរើន តំណាងក្រសួងអប់រំ បានអញ្ជើញបុកគ្រឹះជាផ្លូវការ និងស្រោចទឹកជ័យមង្គល ដើម្បីប្រកាសបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានខេត្តស្វាយរៀង ចាប់ពីពេលនេះតទៅ។
ការសាងសង់ពហុកីឡដ្ឋានថ្មីនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ សម្រាប់ខេត្តស្វាយរៀង ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើន៕








ចែករំលែកព័តមាននេះ