ទីក្រុងប៉េកាំង ៖ ការប្រកួតព្រឹត្តិការណ៍កីឡារ៉ូបូតទម្រង់មនុស្សពិភពលោក (World Humanoid Robot Games) លើកទី ២ នឹងចាប់ដំណើរការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិកីឡាស្គីល្បឿនលឿន (National Speed Skating Oval) ទីក្រុងប៉េកាំង ប្រទេសចិន ដោយមានរ៉ូបូតចំនួន ២ ០៥៦ គ្រឿងមកពី ៦៦៦ ក្រុមនៃប្រទេស ១៦ ចូលរួមប្រកួតប្រជែង ដែលចំនួននេះកើនឡើងដល់ទៅ ៤ ដង បើធៀបនឹងព្រឹត្តិការណ៍លើកដំបូង កាលពីឆ្នាំមុន។
ព្រឹត្តិការណ៍កីឡាបច្ចេកវិទ្យាដ៏ទំនើបនេះ មានការប្រកួតសរុបចំនួន ១ ៣០១ ប្រកួត លើ ៥១ វិញ្ញាសា រួមមានទាំងប្រភេទវិញ្ញាសាក្បាច់គុន និងការរាំផងដែរ ខណៈវិញ្ញាសាបែបបង្កើតស្ថានភាព ឬឧបសគ្គសាកល្បងត្រូវបានពង្រីកពី ៦ ទៅដល់ ២១ វិញ្ញាសា ដោយគ្របដណ្តប់លើបរិបទជាក់ស្តែងចំនួន ៩ រួមមាន នៅក្នុងផ្ទះ សណ្ឋាគារ ឧស្សាហកម្ម និងការសង្គ្រោះបន្ទាន់ជាដើម។ រ៉ូបូតនឹងត្រូវប្រកួតប្រជែងគ្នាជាគូ ឬជាក្រុមមានសមាជិក៤នាក់ បើធៀបនឹងការសម្តែងទោល កាលពីលើកមុន។
ស្តង់ដារនៃការប្រកួតទៀតសោត ត្រូវបានដំឡើងកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ ទាំងដែនកំណត់ពេលវេលាសម្រាប់ការរត់ប្រណាំងចម្ងាយ ១០០ម៉ែត្រ ត្រូវបានកាត់បន្ថយពី ៣នាទីមកត្រឹម១នាទី ហើយចម្ងាយ ១,៥០០ម៉ែត្រ ពី៤០នាទីមកត្រឹម ១៥នាទី។ រាល់ការប្រកួតរត់ប្រណាំង និងការប្រកួតទាំងអស់ គឺត្រូវតែធ្វើឡើងដោយស្វ័យប្រវត្តិទាំងស្រុង គ្មានការបញ្ជា ឬជំនួយពីមនុស្សឡើយ។ ប៉ុន្តែលើកលែងតែវិញ្ញាសា ១០០ម៉ែត្រ និងវិញ្ញាសាឧបសគ្គ ៤០០ម៉ែត្រប៉ុណ្ណោះ។
ក្រុមមកពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន និងប្រេស៊ីល គឺស្ថិតក្នុងចំណោមក្រុមចូលរួមមកប្រទេសផ្សេងទៀត ដែលលេចធ្លោខ្លាំង ចំណែកឯការចូលរួមពីម្ចាស់ផ្ទះចិន រួមមានមនុស្សយន្តចំនួន ១ ៩៧៥គ្រឿង មកពីក្រុមចំនួន ៦៤១ ដែលតំណាងឱ្យក្រុមហ៊ុនចំនួន ១៥៧ និងសាកលវិទ្យាល័យចំនួន ២៧។ ដ្បិតការប្រកួតដែលចាប់ផ្តើមដំណើរការនៅថ្ងៃទី២២ ខែសីហាមួយនេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ ដោយគ្រោងបញ្ចប់នៅថ្ងៃទី២៦ ខែសីហា។
គួររំលឹកជូនថា ការប្រកួតកីឡារ៉ូបូតមនុស្សពិភពលោកលើកដំបូងបង្អស់ បានប្រព្រឹត្តទៅកាលពីខែសីហា ឆ្នាំ២០២៥ នៅទីក្រុងប៉េសកាំង ដោយបានទាក់ទាញក្រុមចូលរួមចំនួន ២៨០ក្រុម និងរ៉ូបូតមនុស្សជាង ៥០០គ្រឿងមកពី ១៦ប្រទេស ដែលកាលណោះប្រកួតប្រជែងលើ ២៦ វិញ្ញាសា រួមមានទាំង ប្រដាល់ បាល់ទាត់ ការសម្អាត និងការតម្រៀប ឬបែងចែកឱសថផងដែរ៕ ប្រភព ៖ The Standard Hong Kong




ចែករំលែកព័តមាននេះ