ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​តែ​ផ្អើល​ស្តា​ត​អូ​ឡាំ​ពិ​ក​ទៀត​ហើយ​!​ ​ក្រុម​ជម្រើសជាតិ​ ​៤​ប្រទេស​នឹង​ចូលរួម​ប្រកួត​ដណ្ដើម​ពាន​សម្ដេច​ធិ​បតី​លើក​ទី​២

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ទោះបី​នៅ​មិន​ទាន់​ច្បាស់​ការណ៍​១០០​ភាគរយក្ដី​ តែបើ​តាម​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​បង្ហើប​ឱ្យ​ដឹង​ថា​នឹង​មានការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​មហា​បវរ​ធិ​បតី​លើក​ទី​២​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ខែសីហា​ឆ្នាំ​២០២៦​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។

យោង​តាម​ការ​បង្ហោះ​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​មកនេះ​បានឱ្យ​ដឹង​ថា សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​នឹង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ​សម្ដេច​មហា​បវរ​ធិ​បតី​លើក​ទី​២​ឆ្នាំ​២០២៦​ដែល​មាន​ក្រុម​ជម្រើសជាតិ​ខ្លាំង​ចំនួន​៤​ប្រទេស​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២៣​ខែសីហា ដោយ​ក្រុម​ជម្រើសជាតិ​ម្ចាស់ផ្ទះ​កម្ពុជា​ត្រូវ ប៉ះ​ជាមួយ​ក្រុម​ភ្ញៀវ​មក​ពី​៣​ប្រទេស​ផ្សេង​គ្នា​រួម​មាន​៖​ក្រុម​ម៉ា​ឡេ​ស៊ី ក្រុម​វៀតណាម​និង​ក្រុម​ឥណ្ឌូ​នេ​ស៊ី​។

ព្រឹត្តិការណ៍​មួយ​នេះ​អាច​នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​តឹងតែង​និង​មានការ​ចាប់អារម្មណ៍​បំផុត​សម្រាប់​អ្នក​និយម​តាមដាន​ការ​ប្រកួត​កីឡាបាល់ទះ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​ជា​ពិសេស​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទះ​កម្ពុជា​តែ​ម្ដង​។​ដោយសារ​តែ​គេ​កត់សម្គាល់​ឃើញ​ថា វិស័យ​កីឡាបាល់ទះ​នៅ​កម្ពុជា​បច្ចុប្បន្ន​មានការ​រី​ចម្រើន​ខ្លាំង​លើស​ការ​រំពឹង​ទុក ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទូ​ទាំង​បណ្ដា​ប្រទេស ក្នុ​តំបន់​។​ជា​ពិសេស​ការ​ដណ្ដើម​បាន​ពានរង្វាន់​រង្វាន់​លេខ​១​ថ្នាក់​តំបន់​អាស៊ាន​(SAE V.Cup2026)​ឆ្នាំ​២០២៦​កាលពី​ថ្មី​ៗ​មកនេះ​។​ហើយ​អ្វី​ដែល​អ្នក​និយម​គាំទ្រ​កីឡាបាល់ទះ​កាន់តែ​ទន្ទឹងរង់ចាំ​ទៀត​នោះ​គឺ​ចង់​ឃើញ​ក្រុមកីឡា​បាល់ទះ​កម្ពុជា​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​វៀតណាម​ដែល​ទើបតែ​ឈ្នះ​ពាន​SAE V.Cup)​ឆ្នាំ​២០២៦​ដូច​គ្នា ប៉ុន្តែ​ក្រុម​ទាំង​ពីរ​នៅ​មិន​ទាន់​ជួប​ប្រកួត​ជាមួយ​គ្នា​ម្ដងណា​សោះ​។

គេ​នៅ​ចាំ​បាន​ថា​កាលពី​ការ​ប្រកួត​កីឡាបាល់ទះ​ដណ្ដើម​ពាន​កម្រិត​តំបន់​ទី​១​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០២៥ ក្រុមកីឡា​បាល់ទះ​កម្ពុជា​ក្នុង​ការ​ប្រកួត​ទាំង​៨​លើក​គឺ​អត់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ទេ​បាន​ន័យ​ថា​ប្រកួត​ចាញ់​ទាំង​៨​ប្រកួត​តែ​ម្ដង​។​ក្នុ​នោះ​ក៏​មាន​ក្រុម​ប្រទេស​វៀតណាម​ផង​ដែរ​។​ប៉ុន្តែ​ទាំង​ក្រុម​ប្រទេស​កម្ពុជា​និង​វៀតណាម​ដែល​មានឱកាស​លើក​ពាន​SAE V.Cup ឆ្នាំ​២០២៦​នេះ​អត់​ទាន់​បាន​ជួប​គ្នា​ទាល់តែ​សោះ​។​

ដូច្នេះ​បើ​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ​សម្ដេច​មហា​បវរ​ធិ​បតី​លើក​ទី​២​នេះ​ពិត​កើតឡើង​ដូច​ការ​រំពឹង​ទុក​មែន​នោះ ក្រុម​ទាំង​ពីរ​ប្រាកដជា​ត្រូវ​ប៉ះ​គ្នា​១០០​ភាគរយ​។​មិនតែប៉ុណ្ណោះ​អ្នក​ណា​ក៏​គេ​ដឹង​ដែរ​ថា​ក្រុម​ឥណ្ឌូ​នេ​ស៊ី​ជា​ស្ដេច​បាល់ទះ​ប្រចាំ​តំបន់​អាស៊ាន​ធ្លាប់​លើក​ពាន​SAE V.Leaque​ចំនួន​៤​ដង​ម្នាក់ឯង​។​ប៉ុន្តែ​បាន​មក​ចាញ់​ក្រុម​កម្ពុជា​នៅ​ជុំ​ទី​១​និង​ចាញ់​វៀតណាម​នៅ​ជុំ​ទី​២​។​ដូច្នេះ​ការ​ប្រកួត​លើក​នេះ ដឹង​តែ​ល្អមើល​មិន​ខាន ហើយ​គេ​ហ៊ាន​សន្យា​ថា​ក្នុង​ទីលាន​ប្រកួត​រក​កន្លែង​អង្គុយ​លែង​បាន​ហើយ​សម្រាប់​អ្នក​ដែល​ទៅ​ក្រោយ​គេ​៕