រាជធានីភ្នំពេញ ៖ កីឡាករជើងខ្លាំងគុនខ្មែឈឿង ល្វៃដែលមានរហស្សនាមនាគខ្មៅចតុមុខ បានយកឈ្នះកីឡាករខ្លាខ្មៅពូកែរត់អ៊ូហ្គង់ដា Umar Semata ដោយពិន្ទុ ក្នុងការប្រកួត៥ទឹកពេញ និងបានក្លាយជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម នៅក្នុងកម្មវិធីអ្នកចំបាំងកម្ពុជានៅលើសង្វៀនទូរទស្សន៍បាយ័នកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ ។
ឈឿង ល្វៃ ដែលជួបប្រកួតជាមួយកីឡាករUmar Semata លើកនេះក៏មិនសូវជាស្រួលខ្លួនប៉ុន្មានដែរ ។
ទោះបីជាគេដឹងថា កីឡាករជនជាតិអ៊ូហ្គង់ដារូបនេះអត់មានក្បាច់ពិសេសអ្វីដែលធ្វើឱ្យពិបាកទប់ទល់នោះទេ តែគេពូកែគេចនិងដកថយបំផុត។ ប៉ុន្តែឈឿង ល្វៃដែលមានប្រៀបខាងកម្ពស់នៅតែព្យាយាមដេញបុកកែងនិងជង្គង់មិនទុកឱកាសដល់គូប្រកួតឡើយ។
ការប្រកួតចាប់ពីទឹកទី១ដល់ទឹកទី៣ កីឡាករទាំងពីរមានឱកាសវាយបកសងគ្នាទៅវិញទៅមក ។ ប៉ុន្តែចាប់ពីទឹកទី៤ដល់ទឹកទី៥ ឈឿង ល្វៃបានវាយសន្ធាប់ធ្វើឱ្យUmar Semataរត់ដកថយអែបខ្សែរេញជាប់រហូត ទើបចប់ការប្រកួតជ័យជម្នះបានទៅលើកីឡាករកម្ពុជា។
មុនពេលប្រកួត អ្នកលេងគុនខ្មែរឈឿងល្វៃ ថា កីឡាករ Umar Semata ជាជើងខ្លាំងមួយរូបដែលធន់ កម្លាំងខ្លាំង ស៊ូ ដូច្នេះខ្លួនត្រូវតែពង្រឹងសមត្ថភាពឲ្យបានល្អក្នុងជំនួបដណ្ដើមខ្សែក្រវាត់លើកនេះ។ បច្ចុប្បន្នខ្លួនបានពង្រឹងសមត្ថភាព និងសម្រួចគ្រប់ស្នៀតទាំងអស់មិនថា កែង ជង្គង់ ម៉ាត់ ឬទាត់នោះឡើយ។ ការប្រកួតជាក់ស្ដែងអាវុធមួយណាបានផលនឹងប្រើអាវុធនោះ។
សិស្សគុនមកពីក្លិបនាគរាជចតុមុខរូបនេះបន្ថែមទៀតថា កីឡាករ Umar Semata ម្នាក់នេះ សមត្ថភាពល្អមិនអាចមើលស្រាលបានឡើយ ។
ពោលចំណុចល្អរបស់គេធន់ មានកម្លាំងខ្លាំង និងស៊ូទៀតផង ។ ទោះបីយ៉ាងណា សម្រាប់ការប្រកួត
ដណ្ដើមខ្សែក្រវាត់នេះ ខ្លួនសង្ឃឹម ៧០% នឹងទទួលបានជ័យជម្នះ ៕


ចែករំលែកព័តមាននេះ