ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​មួយ​ថៃ​ម្នាក់ ទម្លាយ​រឿង​ពុក​រលួ.យ​រៀបចំ​លទ្ធផល​ទុក​មុន នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៥

4 ម៉ោង មុន

ប្រទេស​ថៃ ៖ កីឡាករ​ប្រដាល់​មួយ​ថៃ Chalongchai Minindi បាន​ប្រកាស​ចូល​និវត្តន៍​ពី​កីឡា​មួយ​ថៃ​ស្ម័គ្រចិត្ត (Amateur Muay Thai) បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី…

ប្រទេស​ថៃ ៖ កីឡាករ​ប្រដាល់​មួយ​ថៃ Chalongchai Minindi បាន​ប្រកាស​ចូល​និវត្តន៍​ពី​កីឡា​មួយ​ថៃ​ស្ម័គ្រចិត្ត (Amateur Muay Thai) បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ ឆ្នាំ ២០២៥ ដោយ​រូបគេ​ថែម​ទាំង​បកអាក្រាត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ រៀបចំ​លទ្ធផល ការ​ប្រកួត​។

បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា កីឡាករ Chalongchai Minindi បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​១៧ ខែធ្នូ ដើម្បី​បង្ហាញ​កំហឹង​របស់​ខ្លួន បន្ទាប់​ពី​ចាញ់​ប្រកួត​ដ៏​ចម្រូងចម្រាស​នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ ២០២៥​។ កីឡាករ​ប្រដាល់​ចាស់វស្សា​រូប​នេះ បាន​ចាញ់​កីឡាករ​ហ្វី​លី​ពី​ន Lj Rafael Yasay ដោយ​ពិន្ទុ ២៨-២៩ ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម បើ​ទោះបីជា​រូបគេ​វាយ​បាន​ល្អ​ជាង ហើយ​អ្នក​ទស្សនា​ជា​ច្រើន​ឃើញ​ថា Chalongchai ពិតជា​សម​ទទួល​បាន​ជ័យជម្នះ​ក៏​ដោយ ប៉ុន្តែ​ការ​សម្រេចចិត្ត​របស់​ចៅក្រម​បែរជា​ឱ្យ​រូបគេ​ចាញ់ ដោយ​បញ្ចប់​ក្តី​សង្ឃឹម​ឈាន​ទៅ​ដណ្តើម​មេដាយមាស​ជូន​ជាតិ និង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ភ្លាម​ៗ​លើ​ស្តង់ដារ​វិនិច្ឆ័យ​នៃ​ការ​ប្រកួត​។

ពាក់ព័ន្ធ​រឿង​នេះ Chalongchai បាន​បង្ហោះ​សារ​ដូច្នេះ​ថា «​ខ្ញុំ​សុំ​ទោស​អ្នក​ទាំងអស់​គ្នា​។ សំណាងអាក្រក់​បាន​កើតឡើង​ចំពោះ​ខ្ញុំ​។ ខ្ញុំ​បាន​ហ្វឹកហាត់​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ចុង​ក្រោយ​របស់ខ្ញុំ ហើយ​នៅ​ទី​បញ្ចប់ ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់ខ្ញុំ​គឺ​ឥតប្រយោជន៍​។ ដំបូង សូម​អនុញ្ញាត​ឱ្យ​ខ្ញុំ​បញ្ចេញ​អារម្មណ៍​បន្តិច​។ មុន​ពេល​ប្រកួត គ្រូបង្វឹក​ម្នាក់​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ការ​ប្រកួត​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ដែល​ជា​ប្រភេទ​ទម្ងន់​របស់ខ្ញុំ​ប្រកួត នឹង​ត្រូវ​បាន​រៀបចំ​លទ្ធផល ដើម្បី​ផ្តល់​ឱ្យ​កីឡាករ​ម៉ា​ឡេ​ស៊ី​ឈ្នះ​មេដាយមាស​។ ហើយ​នោះ​ដូច​អ្វី​ដែល​អ្នក​អាច​ឃើញ​ហើយ នោះ​ជា​លទ្ធផល​ដែល​បាន​កើតឡើង​»​។

កីឡាករ Chalongchai បាន​បញ្ចប់​ការ​កំណត់ចំណាំ​ទាំង​ឈឺចាប់​បំផុត​របស់​ខ្លួន ដោយ​ប្រកាស​ថា «​ការ​បង្ហាញខ្លួន​នេះ គឺជា​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ចុង​ក្រោយ​របស់​ខ្លួន ហើយ​ក៏​ទំនងជា​ពេលវេលា​ចុង​ក្រោយ​របស់​ខ្លួន​តំណាង​ឱ្យ​ប្រទេស​ជាតិ​ដែរ​»​។ Chalongchai បាន​សម្រេចចិត្ត​ចូល​និ​វ​ត្តិ​ន៍​ពី​ការ​ប្រដាល់​ស្ម័គ្រចិត្ត ដើម្បី​ផ្តោត​លើ​កីឡាប្រដាល់​មួយ​ថៃ​អាជីព​តែ​មួយ​ប៉ុណ្ណោះ​។

ភាព​ចម្រូងចម្រាស​នេះ បាន​ធ្វើ​ឱ្យ​រង្គោះរង្គើ​យ៉ាង​ខ្លាំង​ដល់​ទំនុកចិត្ត​ស្តង់ដារ​វិនិច្ឆ័យ​របស់​កីឡា​មួយ​ថៃ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ ឆ្នាំ​២០២៥ នៅ​ថៃ ហើយ​ឈាន​ដល់​មានការ​អំពាវនាវ​ឱ្យ​សមាគម​មួយ​ថៃ​ស្ម័គ្រចិត្ត​ស៊ើបអង្កេត​ផ្ទៃក្នុង ដូចដែល​ត្រូវ​បាន​រាយការណ៍​ដោយ​អត្ត​ព​លិ​ក​ផ្ទាល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ