បរទេស ៖ ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ ឆ្នាំ២០២៥ បានបិទបញ្ចប់តាមការគ្រោងទុកនៅឯទីក្រុងបាងកក ប្រទេសថៃ កាលពីយប់ថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលម្ចាស់ថៃបញ្ចប់នៅកំពូលតារាងមេដាយសរុប នៃព្រឹត្តិការណ៍ដែលកើតមានរឿងចម្រូងចម្រាសជាច្រើនមួយនេះ។
ពិធីបិទ ដែលបានចាប់ផ្តើមនៅម៉ោង ៧:៣០ យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការសម្តែងសិល្បះវប្បធម៌ ក្បួនដង្ហែរគណៈប្រតិភូជាតិ និងការផ្ទេរទង់ស៊ីហ្គេមជាផ្លូវការពីប្រទេសថៃទៅឱ្យប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីត្រូវបានកំណត់ជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៤ នៅខែកញ្ញា ឆ្នាំ២០២៧។
ឧបនាយករដ្ឋមន្ត្រី លោក ថាំម៉ាណាត់ ព្រំផាវ (Thamanat Prompow) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ក្នុងឋានៈជាអធិការកិច្ចក្រសួងទេសចរណ៍ និងកីឡាថៃបានថ្លែងសុន្ទរកថានៅក្នុងពិធីបិទនោះ ប៉ុន្តែបែរជាហៅថាជាពិធីបើកទៅវិញ ខណៈដែលប្រកាសបិទព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥ បង្កឱ្យមានការជជែកវែកញែក និងចំអកយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងជាតិ និងអន្តរជាតិ។
បន្ទាប់ពីការប្រកួតជាផ្លូវការរយៈពេល ១១ ថ្ងៃ កីឡាស៊ីហ្គេមលើកទី៣៣ បានបញ្ចប់ទៅដោយប្រទេសម្ចាស់ផ្ទះឈរនៅកំពូលតារាងមេដាយសរុប ដោយឈ្នះមេដាយមាសចំនួន ២៣៣ គ្រឿងក្នុងចំណោមមេដាយសរុបចំនួន ៤៩៩ របស់ពួកគេ ហើយចំនួនមេដាយមាសរបស់ថៃ បានបំបែកកំណត់ត្រាស៊ីហ្គេមរបស់វៀតណាម ដែលបានឈ្នះចំនួន ២០៥ គ្រឿង នៅកីឡាស៊ីហ្គេមលើកទី ៣១ (វៀតណាមម្ចាស់ផ្ទះ)។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍លើកទី ៣៣ ត្រូវបានសម្គាល់ដោយភាពចម្រូងចម្រាសខ្លាំងជាបន្តបន្ទាប់ ចាប់តាំងពីពិធីបើក ហើយបញ្ហាចម្បង ពាក់ព័ន្ធនឹងការកាត់សេចក្តីមិនសុក្រឹតរបស់អាជ្ញាកណ្តាល និងចៅក្រម រហូតបង្កើតរូបភាពនៃការតវ៉ា នឹងប៉ះទង្គិចគ្នាទាំងពាក្យសម្តី និងកាយវិការពីសមាជិកក្រុមអត្តពលិកភ្ញៀវមួយចំនួន ដោយខឹងសម្បារជាខ្លាំងនឹងការកាត់សេចក្តីលំអៀងទៅក្រុម និងអត្តពលិកម្ចាស់ផ្ទះ អំឡុងពេលប្រកួត។
ក្រៅអំពីបញ្ហាសុក្រឹតភាពនៃការប្រកួត ស្តង់ដាររៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ ឆ្នាំ២០២៥ ក៏ទទួលរងការរិះគន់ និងចំអកពីមហាជនទាំងជាតិ និងអន្តរជាតិផងដែរ រាប់ទាំងបញ្ហាកំហុស និងបច្ចេកទេសនៃការរៀបចំ បដិសណ្ឋារកិច្ច ក៏ដូចជាទីតាំងនៃការប្រកួតមួយចំនួន ត្រូវបានលើកឡើងថា មិនបំពេញទៅតាមស្តង់ដារកម្រិតថ្នាក់តំបន់ និងអន្តរជាតិ។
បញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ ប្រទេសឥណ្ឌូណេស៊ីឈរនៅចំណាត់ថ្នាក់លេខ ២ ដោយឈ្នះមេដាយសុរុប ៣៣៣ គ្រឿងក្នុងនោះមាស ៩១ គ្រឿង។ វៀតណាមឈ្នះមេដាយសរុប ២៧៨ មាស ៨៧ គ្រឿង។ ម៉ាឡេស៊ីនៅចំណាត់ថ្នាក់លេខ ៤ ជាមួយ មេដាយសរុប ២៣១ គ្រឿង មាស ៥៧ គ្រឿង បន្ទាប់មកគឺសិង្ហបុរីមេដាយសរុប ២០២ គ្រឿង មាស ៥២ គ្រឿង។ ប្រទេសឈរនៅក្រៅតំណែងកំពូលទាំង ៥ (Top 5) រួមមាន ហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ ព្រុយណេ និងទីម័រខាងកើត។
ដោយឡែក កម្ពុជាបានសម្រេចដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ ២០២៥ នៅប្រទេសថៃ បន្ទាប់ពីបានចូលរួមក្នុងពិធីបើកជាផ្លូវការ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥ ដោយសារបារម្ភពីសុវត្ថិភាព ខណៈដែលភាពតានតឹងតាមព្រំដែនរវាងប្រទេសទាំងពីរ ឡើងកម្តៅជាថ្មី។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងលិខិតមួយ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៕ ដកស្រង់ ៖ VnExpress និង Seasia goal




ចែករំលែកព័តមាននេះ