ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​ថៃ​៨នាក់​កំពុង​ជាប់​ភារកិច្ច​ស៊ី​ហ្គេ​ម ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយសារ​ពុ.ល​អាហារ

6 ម៉ោង មុន

ខេត្ត​ឈុ​ន​បុរី ៖ អត្ត​ព​លិ​ក​ថៃ​ចំនួន ៨ នាក់ ដែល​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ ឆ្នាំ​២០២៥ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ឈុ​ន​បុរី (Chonburi)…

ខេត្ត​ឈុ​ន​បុរី ៖ អត្ត​ព​លិ​ក​ថៃ​ចំនួន ៨ នាក់ ដែល​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ ឆ្នាំ​២០២៥ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ឈុ​ន​បុរី (Chonburi) ដោយ​មាន​រោគ​សញ្ញា​មិន​ស្រួលខ្លួន​ខ្លាំង ដោយសារ​ការ​ពុល​អាហារ​។

បើ​តាម​ក្រុម​ជួយ​សង្គ្រោះ​ខេត្ត​ឈុ​ន​បុរី បានឱ្យ​ដឹង​ថា ពួក​គេ​ត្រូវ​បាន​ជូនដំណឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ អំពី​ករណី​សង្គ្រោះ​បន្ទាន់​មនុស្ស​ចំនួន ៨ នាក់​ក្នុង​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​អត្ត​ព​លិ​ក​កីឡា​ស៊ី​ហ្គេ​ម​។ អត្ត​ព​លិ​ក​ទាំងនោះ បង្ហាញ​អាកា​រៈ​មិន​ស្រួលខ្លួន​ខ្លាំង​ដោយសារ​ឈឺពោះ ក្អួតចង្អោរ វិលមុខ និង​រាគ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ឈុ​ន​បុរី ដើម្បី​ព្យាបាល​។ មន្ត្រី​ពេទ្យ​ក្រោយមក​បាន​បញ្ជាក់​ថា អត្ត​ព​លិ​ក​ទាំង ៨ នាក់​នោះ គឺជា​សមាជិក​ក្រុម​ជម្រើសជាតិ​ថៃ​ផ្ទាល់​តែ​ម្តង ដោយ​ក្នុង ៧ នាក់​ជា​អត្ត​ព​លិ​ក​កីឡាបាល់ទះ​។

យោង​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត ស៊ឺ​ម​សក្តិ ស៊ូ​ម៉ា​ណុ​ន (Sermsak Sumanon) ប្រធាន​គណៈកម្មាធិការ​វេជ្ជសាស្ត្រ​គណៈប្រតិភូ​ថៃ​ថា អត្ត​ព​លិ​ក​ទាំងនោះ​បាន​ញ៉ាំ​អាហារ​ប្រអប់​ពី​សណ្ឋាគារ​ខាងក្រៅ​ពេល​អាហារ​ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី​១១ ខែធ្នូ កន្លង​ទៅ មុន​ពេល​ពួក​គេ​ចូល​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​ផ្លូវការ​របស់​អត្ត​ព​លិ​ក​កីឡា​ស៊ី​ហ្គេ​ម​។ លោក​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​អាហារ​ត្រូវ​បាន​បរិភោគ​មុន​ពេល​អត្ត​ព​លិ​ក​ចូល​ទៅ​ក្នុង​កន្លែង​ស្នាក់​នៅ​របស់​អ្នក​រៀបចំ ហើយ​មិន​មាន​ទំនាក់ទំនង​ជាមួយ​អាហារ​ដែល​ផ្តល់​ដោយ​អ្នក​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​នោះ​ទេ​»​។

យ៉ាងណាមិញ ស្ថានភាព​របស់​អត្ត​ព​លិ​ក​ទាំងនោះ ត្រូវ​បាន​រាយការណ៍​ថា​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ហើយ​។ ក្រុម​ទាំងនោះ​ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ និង​វិល​ត្រឡប់​ទៅ​កាន់​សណ្ឋាគារ​របស់​ក្រុម​វិញ​ផង​ដែរ​។ ទោះ​យ៉ាងណា​នៅ​ទីនោះ បុគ្គលិក​ពេទ្យ​នឹង​បន្ត​តាមដាន​សុខភាព​របស់​ពួក​គេ​បន្ថែម​ទៀត​។

រឿងរ៉ាវ​នេះ​បាន​និង​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ឡើង​វិញ ចំពោះ​ការ​រៀបចំ​អាហារ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ ដែល​ប្រទេស​ថៃ​ជា​ម្ចាស់ផ្ទះ ខណៈ​ដែល​កន្លង​មក គណៈប្រតិភូ​កីឡា​ជា​ច្រើន​បាន​រាយការណ៍​ពី​ភាព​ចម្រុះ​នៃ​អាហារ​មាន​កម្រិត និង​មិន​គ្រប់គ្រាន់ ដែល​ជា​បញ្ហា​ប្រឈម​នៃ​របប​អាហារ​របស់​បណ្តា​អត្ត​ព​លិ​ក ជា​ពិសេស​សម្រាប់​ក្រុម​មាន​តម្រូវការ​អាហារូបត្ថម្ភ​ខ្ពស់ ឬ​ប្រទេស​កាន់សាសនា​អ៊ី​ស្លា​ម​។

ជាក់ស្តែង ក្រុម​វៀតណាម រួម​ទាំង​ក្រុមបាល់ទាត់ ហ្វុ​ត​សាល និង​បាល់ទះ ក៏​ធ្លាប់​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​មុខម្ហូប​ដដែល​ៗ និង​អាហារ​ប្រអប់​តូច​ៗ​នៅ​សណ្ឋាគារ​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ឈុ​ន​បុរី​។ សហព័ន្ធ​បាល់ទាត់​វៀតណាម​បាន​លើក​ឡើង​ថា ខ្លួន​បាន​រំពឹង​ទុក​ពី​បញ្ហា​បែប​នេះ​រួប​ហើយ ដោយ​បាន​រៀបចំ​អាហារ​បន្ថែម​ពី​ភោជនីយដ្ឋាន​វៀតណាម​នៅ​ក្នុង​ប្រទេស​ថៃ​ផ្ទាល់​តែ​ម្តង​។

ក្រៅពី​វៀតណាម ងាក​ទៅ​ម៉ា​ឡេ​ស៊ី​ក៏​បាន​ត្អូញត្អែរ​ផង​ដែរ​ថា ការ​រៀបចំ​អាហារ​ហា​ឡា​ល់ (Halal) ដែល​សន្យា​ដោយ​ប្រទេស​ម្ចាស់ផ្ទះ​ថៃ មិន​បាន​បំពេញតម្រូវការ​ប្រចាំ​ថ្ងៃ​ជាប់លាប់​នោះ​ទេ​។ ក្រៅពី​បញ្ហា​អាហារ គណៈប្រតិភូ​មួយ​ចំនួន​ក៏​បាន​រាយការណ៍​ពី​បញ្ហា​ភស្តុ​ភារ​កម្ម រាប់​ចាប់ពី​ការ​ដឹក​ជញ្ជូន​ចេញពី​អាកាសយានដ្ឋាន​យឺត​ពេល រហូត​ដល់​ការ​ច្រឡំ​កន្លែង​ស្នាក់​នៅ​នៅ​ខេត្ត​ឈៀង​ម៉ៃ​។

វៀតណាម​ក៏​បាន​តវ៉ា​ប្រឆាំង​នឹង​កំហុសឆ្គង​ម្តង​ហើយ​ម្តងទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ទង់ជាតិ​របស់​ខ្លួន អំឡុង​ពេល​ផ្សាយ​តាម​ទូរទស្សន៍ និង​ពិធី​ប្រគល់​មេដាយ រួម​ទាំង​កំហុសឆ្គង អំឡុង​ពេល​ការ​ប្រកួត​បាល់ទាត់​បុរស U22 ទល់​នឹង​ម៉ា​ឡេ​ស៊ី​ផង​ដែរ​។

ពាក់ព័ន្ធ​បញ្ហា​នេះ អាជ្ញាធរ​កីឡា​ថៃ (SAT) បាន​ទទួលស្គាល់ ព្រមទាំង​បាន​សន្យា​ថា​នឹង​ចាត់វិធានការ​កែតម្រូវ​ឱ្យ​បាន​ឆាប់រហ័ស​។ ទោះ​យ៉ាងណា​ក៏​ដោយ ប្រធាន​គណៈប្រតិភូ​ថៃ លោក ថា​ណា ឆៃ​ប្រា​សិទ្ធិ (Thana Chaiprasit) បាន​ព្រមាន​ថា ការ​ធ្វេសប្រហែស​ប្រតិបត្តិការ​ម្តង​ហើយ​ម្តងទៀត​នេះ អាច​ប៉ះពាល់​ដល់​មុខមាត់​របស់​ប្រទេស​ថៃ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​៕ ប្រភព ៖ VnExpress និង Khaosod

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ