John Cena លាអ្នកគាំទ្រ ចូលនិវត្តន៍ពីអាជីពកីឡាកាសជាផ្លូវការ ក្រោយចាយពេលជិត២៥ឆ្នាំជាមួយ WWE
សហរដ្ឋអាមេរិក ៖ បន្ទាប់ពីចំណាយពេលជិត ២៥ ឆ្នាំក្នុងសង្វៀនប្រកួតកីឡាចំបាប់ ឬកីឡាកាសរបស់ក្រុមហ៊ុន World Wrestling Entertainment ឬ…
សហរដ្ឋអាមេរិក ៖ បន្ទាប់ពីចំណាយពេលជិត ២៥ ឆ្នាំក្នុងសង្វៀនប្រកួតកីឡាចំបាប់ ឬកីឡាកាសរបស់ក្រុមហ៊ុន World Wrestling Entertainment ឬ…
សហរដ្ឋអាមេរិក ៖ បន្ទាប់ពីចំណាយពេលជិត ២៥ ឆ្នាំក្នុងសង្វៀនប្រកួតកីឡាចំបាប់ ឬកីឡាកាសរបស់ក្រុមហ៊ុន World Wrestling Entertainment ឬ WWE ដ៏ល្បីល្បាញបំផុតរបស់ខ្លួននោះ នៅទីបំផុត! លោក John Cena បានប្រកាសចូលនិវត្តន៍ជាផ្លូវការហើយ កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិក) តាមរយៈការប្រកួតចុងក្រោយក្នុងព្រឹត្តិការណ៍ WWE Saturday Night’s Main Event ឆ្នាំ២០២៥ នៅសង្វៀន Capital One Arena ទីក្រុងវ៉ាស៊ីនតោន ដោយចាញ់កីឡាករ Gunther។
ក្រោយបញ្ចប់ការប្រកួតនោះ តារាល្បីៗរបស់ WWE រួមទាំងប្រធានផ្នែកផលិត លោក Paul Michael Levesque ឬ Triple H បានដើរមកកាន់សង្វៀន ដើម្បីអបអរសាទរដល់លោក John Felix Anthony Cena ឬ John Cena ចំពោះអាជីពជាមួយ WWE ដែលបានឃើញបុរសវ័យ៤៨ឆ្នាំរូបនេះ ក្លាយជាអ្នកកីឡាកាសដ៏អស្ចារ្យ និងល្បីល្បាញបំផុតម្នាក់លើពិភពលោក។ John Cena បានឱនក្បាលពីសង្វៀនគោរពដល់អ្នកគាំទ្រ ចំពោះអ្វីដែលពួកគេផ្តល់ឱ្យខ្លួនសម្រាប់រយៈពេល ២៥ ឆ្នាំកន្លងមកនេះ ខណៈដែលការចាកចេញពីសង្វៀន ទទួលបានការទះដៃអបអរសាទរយ៉ាងខ្លាំង។
តាមពិតទៅ John Cena បានប្រកាសអំពីការចូលនិវត្តន៍របស់ខ្លួន កាលពីខែកក្កដា ឆ្នាំ ២០២៤ ដោយបានប្រាប់អ្នកគាំទ្រនៅពេលនោះថា រាងកាយរបស់ខ្លួនមិនអាចទ្រាំទ្រនឹងការឈឺចាប់បានតទៅទៀត។ ទោះជាយ៉ាងណា WWE បានបញ្ជាក់ថា John Cena នឹងនៅតែជាផ្នែកមួយដ៏សំខាន់នៃគ្រួសារ WWE បន្ទាប់ពីអ្នកកីឡាកាសរូបនេះ បានចុះកុងត្រារយៈពេល ៥ ឆ្នាំ ដើម្បីធ្វើជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនកីឡាចំបាប់ដ៏ធំបំផុតមួយនេះ។
សូមជម្រាបជូនថា John Cena បានក្លាយជាអ្នកកីឡាកាសអាជីពនៅឆ្នាំ ១៩៩៩ ហើយបានចូលរួមជាមួយ WWE នៅឆ្នាំ ២០០០ និងបង្ហាញខ្លួនសម្រាប់ការប្រកួតកម្រិតខ្ពស់នៅឆ្នាំ ២០០២ ដោយបានបង្កើតកេរ្តិ៍ឈ្មោះល្បីល្បាញមកទល់សព្វថ្ងៃ តាមរយៈការឈ្នះខ្សែក្រវាត់ជាច្រើន ហើយក៏ជាម្ចាស់ខ្សែក្រវាត់ពិភពលោក ១៧ សម័យកាលដែលបំបែកកំណត់ត្រាផងដែរ។
ម្ចាស់ក្បាច់ «You Can’t See Me» រូបនេះ ក្រោយមកបានប្រឡូកអាជីពជាតារាសម្តែងក្នុងឆ្នាំ២០០៦ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈការសម្តែងនៅក្នុងកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តជាច្រើន រួមទាំង The Suicide Squad និង Fast & Furious 9 និង X ដ៏ល្បីខ្លាំងបំផុតជាដើម៕ ប្រភព ៖ WWE, Fox News, New York Post និង BBC





ចែករំលែកព័តមាននេះ