ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឆាក World Cup 2026 ជំនួប​ម៉ិ​ក​ស៊ិ​ក​ឈ្នះ​អាហ្វ្រិក​ខាងត្បូង បំបែក​កំណត់​ត្រា​កាត​ក្រហម

5 ម៉ោង មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អាហ្វ្រិក​ខាងត្បូង ដោយ​លទ្ធផល ២-០ នៅ​ក្នុង​ជំនួប​បើក​ឆាក​ដ៏​គួរ​ឱ្យ​រំភើប និង​ស្វិតស្វាញ​បំផុត​នៃ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦ នៅ​កីឡដ្ឋាន​ជាតិ Azteca កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​)​។

ការ​ប្រកួត​បើក​ឆាក​នៅ​ក្នុង​ពូ​ល A នេះ មិន​ត្រឹមតែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី ដោយ​មាន​កាត​ក្រហម​ដល់​ទៅ ៣ សន្លឹក ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ការ​ប្រកួត​បើក​ឆាក​ព្រឹត្តិការណ៍ World Cup​។

ជ័យជម្នះ​របស់​ម្ចាស់ផ្ទះ​ម៉ិ​ក​ស៊ិ​ក សម្រេច​បាន​ដោយ​កីឡាករ Julián Quiñones នៅ​នាទី​៩ និង​គ្រាប់​ទី​២ ដោយ Raúl Jiménez នៅ​នាទី ៦៧ ដើម្បី​នាំ​ម៉ិ​ក​ស៊ិ​ក​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​។

ខ្សែបម្រើ​អាហ្វ្រិក​ខាងត្បូង Sphephelo Sithole បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​បង្អស់​នៅ ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ដែល​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​៤៩ ក្រោយ​បង្កកំហុស​ក្នុង​ការ​ព្យាយាម​រំខាន​កីឡាករ​ម៉ិ​ក​ស៊ិ​ក​។ កាត​ក្រហម​ទី ២ បាន​លើ​ខ្សែបម្រើ​ប្រយុទ្ធ Themba Zwane របស់​អាហ្វ្រិក​ខាងត្បូង នៅ​នាទី​៨៣ បន្ទាប់​ពី​អាជ្ញាកណ្តាល​ពិនិត្យ VAR ឃើញ​ថា រូបគេ​បាន​ទះ​មុខ​កីឡាករ​ម៉ិ​ក​ស៊ិ​ក​។

ការ​ប្រកួត​ស្ទើរតែ​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​នាទី ៩០+២ ខ្សែការពារ​កណ្តាល និង​ជា​ប្រធាន​ក្រុម​ម៉ិ​ក​ស៊ិ​ក César Montes ទទួល​បាន​កាត​ក្រហម​ផង​ដែរ ដោយសារ​ការ​បង្កកំហុស​រារាំង​ឱកាស​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​អាហ្វ្រិក​ខាងត្បូង​។

គួរ​រំលឹក​ថា កំណត់​ត្រា​ចាស់​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ព្រឹត្តិការណ៍ World Cup ដែល​មាន​កាត​ក្រហម​ច្រើន​ជាងគេ កើតឡើង​នៅ​ឆ្នាំ ១៩៩០ នៅ​ពេល​ដែល​ការ​មេ​រូ​ន​បាន​តស៊ូ​ការពារ​សំណាញ់​ទី​ជាមួយ​សមាជិក​ត្រឹមតែ ៩ នាក់ ដើម្បី​យកឈ្នះ​អា​ហ្ស​ង់​ទី​ន​លទ្ធផល ១-០​។

ក្រឡេក​ទៅ​១​គូ​ទៀត​ក្នុង​ពូ​ល A ដដែល កូរ៉េ​ខាងត្បូង​ក៏​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​យកឈ្នះ​សាធារណរដ្ឋ​ឆែក នៅ​វេលា​ព្រឹក​ថ្ងៃ​ដដែល នៅ​ឯ​កីឡដ្ឋាន Akron ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្នុង​លទ្ធផល ២-១​។ ជ័យជម្នះ​កូរ៉េ​ខាងត្បូង​សម្រេច​បាន​ដោយ​កីឡាករ Hwang In-Beom នៅ​នាទី ៦៧ និង Oh Hyeon-Gyu នៅ​នាទី ៨០ ខណៈ​ដែល​១​គ្រាប់​របស់​ឆែក​រកបាន​ដោយ​កីឡាករ Ladislav Krejčí តាំងពី​នាទី ៥៩
ប្រកួត​បន្ទាប់ សាធារណរដ្ឋ​ឆែក ត្រូវ​ប៉ះ​អាហ្វ្រិក​ខាងត្បូង នៅ​ម៉ោង ១១ យប់ ថ្ងៃ​ទី​១៨ ខែមិថុនា (​ម៉ោង​នៅ​កម្ពុជា​)​។ ចំណែក​ម្ចាស់ផ្ទះ​ម៉ិ​ក​ស៊ិ​ក ប៉ះ​កូរ៉េ​ខាងត្បូង ម៉ោង ៨ ព្រឹក ថ្ងៃ​ទី​១៩ ខែមិថុនា​៕ ប្រភព ៖ CNN, ESPN និង New York Times