World Cup ៖ សណ្ឋាគារមួយស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឆ្នាំ២០២៦ តាមរយៈការបើកកញ្ចប់សេវាកម្មស្នាក់នៅលំដាប់អភិជនតម្លៃ១លានដុល្លារសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026។
សណ្ឋាគារThe Mark Hotel បានដាក់លក់កញ្ចប់ស្នាក់នៅរយៈពេល៤យប់នៅក្នុងបន្ទប់Penthouseដ៏ប្រណីតតម្លៃ១លានដុល្លារសម្រាប់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2026 ។
ភ្ញៀវដែលកក់កញ្ចប់នេះ នឹងទទួលបានការដឹកជញ្ជូនតាមរយៈឧទ្ធម្ភាគចក្រឯកជន (Private Helicopter) ហោះកាត់ទីក្រុង Manhattan ទៅនិងមកពីកន្លែងប្រកួតផ្ទាល់ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ និងមនុស្សច្រើន ។ ប៉ុនហ្នឹងមិនទាន់អស់ទេ ភ្ញៀវដែលកក់នឹងទទួលបានឯកសិទ្ធិពិសេសបន្ថែមរួមបញ្ចូលទាំងសំបុត្រទស្សនាការប្រកួត VIP, បន្ទប់មើលការប្រកួតលក្ខណៈពិសេស, សេវាកម្មម៉ាស្សា និងជំនួយការផ្ទាល់ខ្លួន (Butlers)ពេញ២៤ម៉ោងទៀតផង។
គួររំលឹកផងដែរថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា នៅសហ
រដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក ដោយក្រុមបាល់ទាត់ជម្រើសជាតិ ៤៨ ក្រុម ចូលរួមប្រកួត។ វាជាព្រឹត្តិការណ៍ពិសេសដែលប្រទេស ៣ សហការគ្នាធ្វើម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះនីមួយៗក៏សុទ្ធតែមានលក្ខណៈពិសេសរៀងៗ។
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) គ្រោងចំណាយថវិកាជិត ១៤ ប៊ីលានដុល្លារអាមេរិកសម្រាប់ព្រឹត្តិការណ៍ទាំងមូល ប៉ុន្តែក៏រំពឹងរកចំណូលបានប្រមាណ ១១ ទៅ ១៣ ប៊ីលានដុល្លារអាមេរិក ផងដែរ ។ ប្រាក់ចំណូលអាចរកបានចន្លោះពី ៣.៨ ទៅ ៣.៩ ប៊ីលានដុល្លារពីការលក់សិទ្ធិផ្សព្វផ្សាយទូទាំងពិភពលោក។ ចំណូលពីការលក់សំបុត្រទស្សនាប្រមាណ៣ប៊ីលានដុល្លារ និងចំនួន ២.៤ ទៅ ៣ប៊ីលានដុល្លារទៀត ទទួលបានពីដៃគូឧបត្ថម្ភផ្សេងៗ។
ព្រឹត្តិការណ៍ World Cup 2026 នេះត្រូវបានគេរំពឹងថា នឹងមានការកើនឡើងអ្នកទស្សនាតាមអុីនធើណែតនៅជុំវិញពិភពលោករហូតដល់ទៅ៦ពាន់លាននាក់ ស្មើនឹង ៧៥% នៃប្រជាជនទូទាំងពិភពលោក ។ ដោយឡែកចំនួនអ្នកមកទស្សនាការប្រកួតផ្ទាល់ដល់កីឡដ្ឋានវិញ ត្រូវបាន FIFA រំពឹងថា នឹងមានចំនួនរហូតដល់ទៅ ៥.៥ លាននាក់ ៕



ចែករំលែកព័តមាននេះ