រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិក្រោមប្រធានបទ«កីឡាដើម្បីការអប់រំ»ឆ្នាំ២០២៦ បានប្រកាសបិទជាផ្លូវការហើយកាលពីថ្ងៃទី១៣ ខែមិថុនា នៅវិមានពហុកីឡដ្ឋានជាតិបន្ទាប់ពីបានធ្វើឡើងអស់រយៈពេល៩ថ្ងៃកន្លងមកនេះ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីនេះ ។ ឯកឧត្តមបានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងទៅដល់គណៈកម្មការរៀបចំការប្រកួត ប្រតិភូកីឡាទាំងសាលារដ្ឋ និងឯកជន ព្រមទាំងគ្រឹះស្ថានសិក្សាដែលអនុវត្តបានយ៉ាងល្អនូវវិន័យ និងក្រមសីលធម៌ និងបទបញ្ជានៃការប្រកួតយ៉ាងរលូនតាំងពីដើមដល់ចប់។
មិនតែប៉ុណ្ណោះ ឯកឧត្តមបានផ្ដាំផ្ញើទៅដល់កីឡាករ កីឡាការិនីទាំងអ្នកដណ្ដើមបានមេដាយនិងអ្នកមិនទាន់ដណ្ដើមបានមេដាយ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ជាបន្តទៀត។
ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានឱ្យដឹងថា ចំពោះលទ្ធផលបច្ចេកទេសក្នុងចំណោមសាកលវិទ្យាល័យនិងគ្រឹះស្ថានមធ្យមសិក្សាបច្ចេកទេសទាំង៤៣បានចូលរួម សាកលវិទ្យាល័យអាស៊ីអឺរ៉ុបដណ្ដើមបានមេដាយនាំមុខគេរហូតដល់ទៅ៦២គ្រឿង ក្នុងនោះមេដាយមាស៣៦គ្រឿង មេដាយប្រាក់១៤គ្រឿង និងមេដាយសំរឹទ្ធ១២គ្រឿង ។ បន្ទាប់មកវិទ្យាស្ថានខេមអេដ ចំណាត់លេខ២ដណ្ដើមបានមេដាយ៥០គ្រឿង ក្នុងនោះមេដាយមាស២០គ្រឿង មេដាយប្រាក់១២គ្រឿង និងមេដាយ
សំរឹទ្ធ១៨គ្រឿង ។ ចំណាត់ថ្នាក់លេខ៣សាកលវិទ្យាល័យវេស្ទើន ដណ្ដើមបានមេដាយ៥៧គ្រឿងក្នុងនោះមេដាយមាស១១គ្រឿង មេដាយប្រាក់២០គ្រឿង និងមេដាយសំរឹទ្ធ២៦គ្រឿង។
ចំណាត់ថ្នាក់លេខ៤ សាកលវិទ្យាល័យជាតិខេត្តបាត់ដំបង ដណ្ដើមបានមេដាយ២៦គ្រឿងក្នុងនោះមេដាយមាស៧គ្រឿង មេដាយប្រាក់៨គ្រឿង និងមេដាយសំរឹទ្ធ១០គ្រឿង។ ចំពោះប្រភេទកីឡាដែលដាក់ឱ្យប្រកួតមានចំនួន១២ប្រភេទ។ ឯកឧត្តមប៉ុន សុខ បានថ្លែងអំណរគុណដល់សហព័ន្ធកីឡាជាតិទាំង១២ដែលបានដឹកនាំដំណើរការប្រកួតដោយជោគជ័យតាំងពីដើមដល់ចប់ ៕


ចែករំលែកព័តមាននេះ