សហរដ្ឋអាមេរិក ៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានក្លាយជាជនរងគ្រោះនៃបញ្ហាប្រព័ន្ធសន្តិសុខ បន្ទាប់ពីបណ្តាសម្ភារហ្វឹកហាត់ និងស្បែកជើងកីឡាករជាច្រើនគូត្រូវបានចោរលួច មុនពេលការហ្វឹកហាត់ផ្លូវការលើកដំបូងត្រៀមសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។ នេះបើតាមប្រភពពី BBC, The Guardian, Reuters និងប្រភពផ្សេងទៀតបានចេញផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦។
ចោរបានគាស់លួចសម្ភារពីក្នុងឡានដឹកសម្ភារគ្រោងចេញពីជំរំហ្វឹកហាត់ក្រុមអង់គ្លេសនៅរដ្ឋផ្លរីដា (Florida) ទៅកាន់ជំរុំហ្វឹកហាត់ផ្លូវការនៅឯមជ្ឈមណ្ឌលបាល់ទាត់ Swope Soccer Village នៅក្នុងទីក្រុងកាន់សាស់ (Kansas) រដ្ឋមីសស៊ូរី (Missouri) សហរដ្ឋអាមេរិក ដែលរួមមាន ស្បែកជើងជាច្រើនគូ រួមទាំងរបស់កីឡាករល្បីៗ ដូចជាប្រធានក្រុម Harry Kane និង Jude Bellingham ផងដែរ។ មិនតែប៉ុណ្ណោះ សម្ភារហ្វឹកហាត់មួយចំនួនក៏ត្រូវបានលួចផងដែរ។
យ៉ាងណាមិញ បើតាមរបាយការណ៍ចុងក្រោយពី BBC បានឱ្យដឹងថា ក្រុមអង់គ្លេសយកបានមកវិញនូវសម្ភារហ្វឹកហាត់ភាគច្រើនរបស់ខ្លួន ដែលត្រូវបានចោរគាស់លួចចេញពីឡានដឹកសម្ភារៈ មុនពេលពួកគេធ្វើដំណើរទៅដល់ទីក្រុងកាន់សាស់ កាលពីថ្ងៃទី១៣ ខែមិថុនា កន្លងទៅ។ ជាមួយគ្នានោះ ស្បែកជើងស្ថិតក្នុងចំណោមរបស់របរដែលត្រូវបានលួច ប៉ុន្តែមិនមែនជាស្បែកជើងតម្លៃថ្លៃពាក់សម្រាប់ការប្រកួតធំៗរបស់កីឡាករនោះទេ ហើយក៏គ្មានសម្ភារៈសំខាន់ៗសម្រាប់ការប្រកួតត្រូវបានបាត់បង់ផងដែរ។
មន្ត្រីប៉ូលិសដែលកំពុងទាក់ទងជាមួយសមាគមបាល់ទាត់អង់គ្លេស (FA) បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ កាលពីយប់ថ្ងៃទី១២ ខែមិថុនា ដើម្បីដោះស្រាយបញ្ហានេះ។ អ្នកនាំពាក្យប៉ូលិសទីក្រុងកាន់សាស់ បានថ្លែងមុនពេលរកឃើញរបស់របរខ្លះត្រឡប់មកវិញថា ប៉ូលិសកំពុងស៊ើបអង្កេតករណីនេះ ជាមួយសម្ភារៈមួយចំនួនដែលបានបាត់បង់ និងបានបញ្ជាក់ថា ជនសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតកំពុងបន្ត។
បញ្ហានេះបានកើតឡើងនៅពេលដែលក្រុមរបស់លោក Thomas Tuchel ចាប់ផ្តើមការត្រៀមខ្លួន សម្រាប់ការប្រកួតបើកឆាក World Cup របស់ពួកគេទល់នឹងក្រុមក្រូអាតក្នុងពូល L វេលាម៉ោង ៣ រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។ កីឡាករអង់គ្លេសចាប់ផ្តើមការហ្វឹកហាត់ផ្លូវការជាលើកដំបូងរបស់ពួកគេ នៅថ្ងៃទី១៤ ខែមិថុនា តទៅ៕



ចែករំលែកព័តមាននេះ