ប្រទេសម៉ិកស៊ិក ៖ នៅឯការប្រកួតបើកឆាកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ដែលម្ចាស់ផ្ទះម៉ិកស៊ិកយកឈ្នះលើអាហ្វ្រិកខាងត្បូង ដោយលទ្ធផល ២-០ កាលពីវេលាទៀបភ្លឺថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) នោះ ទស្សនិកជនជាច្រើនមានការចង់ដឹងយ៉ាងខ្លាំងអំពីឧបករណ៍ពិសេសមួយ ដែលបានលេចឡើងលើត្រចៀកខាងឆ្វេងរបស់លោកអាជ្ញាកណ្តាល Wilton Sampaio។
ឧបករណ៍ដែលប្រើប្រាស់ដោយអាជ្ញាកណ្តាលនៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ រួមមានសមាសភាគសំខាន់ៗ ៣ រួមមាន មីក្រូហ្វូនដែលអនុញ្ញាតឱ្យអាជ្ញាកណ្តាលកាត់សេចក្តីអាចប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ជាមួយមន្ត្រីជំនួយការអាជ្ញាកណ្តាល មន្ត្រីទី ៤ និងក្រុមការងារប្រព័ន្ធបច្ចេកវិទ្យាជំនួយការអាជ្ញាកណ្តាលតាមវីដេអូ (VAR)។
មីក្រូហ្វូននេះ ក៏ត្រូវបានប្រើសម្រាប់អាជ្ញាកណ្តាលប្រកាសព័ត៌មានពីការសម្រេចចិត្តក្នុងស្ថានភាពសំខាន់ណាមួយ ពិសេសការសម្រេចរបស់ក្រុមការងារ VAR ទៅកាន់ទស្សនិកជននៅក្នុងកីឡដ្ឋានផ្ទាល់។ ក្រៅពីនេះ អាជ្ញាកណ្តាលក៏តម្រូវពាក់កាសត្រចៀក ដើម្បីទទួលព័ត៌មានពីជំនួយការរបស់ពួកគេពេញមួយការប្រកួត។
ទោះយ៉ាងណាក៏ដោយ លក្ខណៈពិសេសថ្មីដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងព្រឹត្តិការណ៍ World Cup 2026 គឺការដាក់ឱ្យប្រើកាមេរ៉ាអាជ្ញាកណ្តាល (Ref Cam) ដែលជាកាមេរ៉ាតូចមួយបំពាក់ពីលើត្រចៀកលោកអាជ្ញាកណ្តាល។ បច្ចេកវិទ្យានេះ អនុញ្ញាតឱ្យស្ថានីយទូរទស្សន៍ចាប់យករូបភាពផ្ទាល់ចេញពីអាជ្ញាកណ្តាលលើទីលានតែម្តង។ ជាលទ្ធផល អ្នកគាំទ្រអាចសង្កេតមើលស្ថានភាពចម្រូងចម្រាសបានកាន់តែច្បាស់ ព្រមទាំងយល់ពីស្ថានភាពនៃការប្រកួត និងសម្ពាធដែលអាជ្ញាកណ្តាលត្រូវប្រឈមមុខនៅពេលធ្វើការសម្រេចចិត្តក្នុងរយៈពេលដ៏ខ្លីបំផុត។
កាលពីមុន ប្រព័ន្ធស្រដៀងគ្នានេះ ត្រូវបានយកទៅសាកល្បងក្នុងលីគកំពូលអង់គ្លេស Premier League រួចមកហើយ ប៉ុន្តែកាមេរ៉ាជាទូទៅត្រូវបានបំពាក់នៅលើទ្រូងជំនួសឱ្យបំពាក់នៅត្រចៀក។ ដើម្បីកែលម្អគុណភាពរូបភាព FIFA បានសហការជាមួយក្រុមហ៊ុន Lenovo ដើម្បីបង្កើតកម្មវិធីដំណើរការដោយ AI ដែលជួយកាត់បន្ថយការញ័រនៅពេលដែលអាជ្ញាកណ្តាលរត់ ឬសកម្មភាពផ្សេងៗ។
បើតាមការបញ្ជាក់ពី FIFA បច្ចេកវិទ្យាថ្មីនេះ នឹងផ្តល់នូវរូបភាពចេញពីជ្រុងកាមេរ៉ាដែលមើលទៅជាក់ស្តែងពិតៗជាងមុន ក៏ដូចជាអនុញ្ញាតឱ្យទស្សនិកជនអាចមើលឃើញខុសប្លែកពីមុន និងយល់ដឹងកាន់តែច្បាស់អំពីការងាររបស់អាជ្ញាកណ្តាលនៅលើទីលាន៕


ចែករំលែកព័តមាននេះ