ជិត៦ពាន់នាក់ចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី១៤
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី១៤ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចម៉ែគម្រប់៩០ព្រះវស្សាឈានចូល៩១ព្រះវស្សាឆ្នាំនេះ មានអត្តពលិកជាភ្ញៀវជាតិនិងអន្តរជាតិចូលរួមរហូតដល់ទៅជិត៦ពាន់នាក់។ នេះបើតាមការឱ្យដឹងពីឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តមវ៉ាត់ ចំរើន បន្តថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី១៤ដែលបានប្រារព្វឡើងនៅមុនវត្តបទុមវតីឆ្នាំនេះមានភាពគគ្រឹកគគ្រេងខ្លាំង ព្រោះថាកំណើនអ្នកចូលរួមកើនឡើង ខណៈឆ្នាំមុនមានត្រឹមតែជាង៤ពាន់នាក់ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀតសូម្បីតែការរៀបចំក៏ធ្វើបានល្អជាងឆ្នាំកន្លងទៅដែរ។
អ្វីដែលពិសេសបំផុតនោះ គឺមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងសាលារាជធានីភ្នំពេញ តំណាងព្រះបរមរាជវាំង ឯកឧត្តមហាក់ ហួត រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងតំណាងភាគីពាក់ព័ន្ធជាច្រើនរូបទៀតបានមកជួបជុំគ្នាផ្ដល់នូវសក្ខីកម្មមួយដែលធ្វើឱ្យទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិកាន់តែគគ្រឹកគគ្រេង។ ចំណែកឯការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ក៏បានល្អជាងឆ្នាំមុនដែរ ធ្វើឱ្យអ្នករត់មានភាពកក់ក្ដៅខ្លាំង។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា ទោះបីជាមានចំណុចខ្វះខាតមួយចំនួនដូចជាការចែកមេដាយមិនបានគ្រប់ចំនួន និងនៅមានចំណុចខ្វះខាតដទៃទៀត ដែលជាកំហុសឆ្គងរបស់គណៈកម្មការរៀបចំ ប៉ុន្តែឯកឧត្តមបានសន្យាថា លើកក្រោយនឹងខិតខំពង្រឹងគុណភាពនៃការរៀបចំ ឱ្យបានល្អនិងយកបទពិសោធន៍ដែលជាចំណុចខ្វះខាតឆ្នាំនេះទៅកែលម្អសម្រាប់ឆ្នាំក្រោយៗ។
ទោះបីជាយ៉ាងណា ឯកឧត្តមបានកោតសរសើរយ៉ាងខ្លាំងចំពោះបងប្អូនដែលបានចូលរួមដ៏ច្រើនលើសលប់ ហើយឯកឧត្តមសង្ឃឹមថា ព្រឹត្តិការណ៍រត់ប្រណាំងឆ្នាំក្រោយៗទៀត នឹងមានអ្នកចូលរួមកាន់តែច្រើន ជាពិសេសរយៈពេល៥ឆ្នាំខាងមុខ រំពឹងថា មានអ្នកចូលរួមខ្ទង់១ម៉ឺននាក់។ គណៈកម្មការរៀបចំកំពុងតែពិនិត្យមើលលទ្ធភាពបន្ថែម និងរង់ចាំទទួលយកនូវមតិរិះគន់ពីសំណាក់មហាជន ដើម្បីធ្វើការកែលម្អ ៕


ចែករំលែកព័តមាននេះ