សហព័ន្ធកីឡាសាំបូកម្ពុជាអាណត្តិទី១ ប្រកាសបង្កើតឡើងជាផ្លូវការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាសាំបូកម្ពុជាអាណត្តិទី១បានប្រកាសបង្កើតឡើងជាផ្លូវការនៅកម្ពុជាដែលមានសុពលភាពរហូតដល់ឆ្នាំ២០៣០ ។ នេះបើតាមអង្គមហាសន្និបាតនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាសាំបូកម្ពុជា អាណត្តិទី១នេះ បានមានប្រសាសន៍ថា ការបង្កើតឱ្យមានសហព័ន្ធកីឡាសាំបូកម្ពុជា នាពេលនេះ គឺស្របទៅតាមអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការអូឡាំពិករុស្សី លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍកីឡា និងចលនា អូឡាំពិក ជាពិសេសលើការទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំ២ កម្ពុជា-រុស្សី អស់រយៈពេល៧០ឆ្នាំមកនេះ។ ទន្ទឹមគ្នានេះដែរ កម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធកីឡាសាំបូអន្តរជាតិផងដែរ។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីបានបន្តឱ្យដឹងទៀតថា សាំបូជាប្រភេទកីឡាប្រយុទ្ធ និងជាសិល្បៈការពារខ្លួន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៨ ដែលដឹកនាំដោយសហព័ន្ធកីឡាសាំបូអន្តរជាតិFIAS និងមានការទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិIOCជាផ្លូវការនៅក្នុងឆ្នាំ២០២១។មិនតែប៉ុណ្ណោះសាំបូ ត្រូវបានបញ្ចូលជាកីឡាមួយប្រភេទនិងមានការគាំទ្រពីក្រុមប្រឹក្សាកីឡាអាស៊ីOCAនៅក្នុងឆ្នាំ២០១៤ ។
កីឡានេះបានបញ្ចូលទៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីជាច្រើន ហើយក៏នឹងដាក់បញ្ចូលទៅក្នុងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសអ៊ូសបេគីស្ថានផងដែរ ។ ដូច្នេះ ការបង្កើតសហព័ន្ធកីឡាសាំបូនៅកម្ពុជានាពេលនេះ នឹងក្លាយជាកាលានុវត្តភាពថ្មីមួយ សម្រាប់ចលនាអូឡាំពិកកម្ពុជាក្នុងការស្វែងរកឧត្តមភាពកីឡានៅលើឆាកអន្តរជាតិបន្ថែមទៀត។
កីឡាសាំបូបច្ចុប្បន្នមានសមាជិកជាង១០០ប្រទេសនៅលើពិភពលោក។ ចំណែកការបង្កើតឱ្យមានកីឡាសាបូនៅកម្ពុជានាពេលនេះត្រូវបានអង្គមហាសន្និបាតសហភាពកីឡាសាំបូអាស៊ី និងអូសេអានី ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន បោះឆ្នោតអនុម័តគាំទ្រជាឯកច្ឆ័ន្ទ ទទួលស្គាល់ជាសមាជិកបណ្ដោះអាសន្ន ។ ចំណែកម្ពុជានឹងបន្តនីតិវិធីស្នើសំុជាសមាជិកពេញសិទ្ធិ តាមរយៈអង្គមហាសន្និបាតអាណត្តិទី១ ដើម្បីបំពេញលក្ខខណ្ឌស្នើសុំការទទួលស្គាល់ពីក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាពិកកម្ពុជា និងសហព័ន្ធសាំបូអន្តរជាតិ។
ឆ្លងកាត់អង្គមហាសន្និបាតសហព័ន្ធកីឡាសាំបូកម្ពុជា អាណត្តិទី១ បានជ្រើសតាំងសមាជិកភាពចំនួន១៣រូប ប្រធាន១រូប អនុប្រធាន៦រូប អគ្គលេខាធិការគឺលោកប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរងចំនួន២រូប អគ្គហិរញ្ញឹក១រូបនិងសមាជិកចំនួន៣ ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ