សហរដ្ឋអាមេរិក ៖ លោក Wayne Rooney បានព្រមានថា ក្រុមជម្រើសជាតិអង់គ្លេសនឹងជួបបញ្ហាធំ ប្រសិនបើពួកគេនៅតែបន្តបណ្តែតបណ្តោយឱ្យមានចន្លោះប្រហោងជាច្រើននៅក្នុងតំបន់ការពារ ដូចការប្រកួតឈ្នះលើសាធារណរដ្ឋកុងហ្គោទាំងលំបាក បើទោះបីជាក្រុមរហស្សនាម «តោកំណាច» មួយនេះ អាចបន្តឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ យ៉ាងណាក៏ដោយ។
អង់គ្លេសបានកក់កៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះកុងហ្គោ នៅក្នុងលទ្ធផល ២-១ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា (ម៉ោងនៅកម្ពុជា) ប៉ុន្តែទម្រង់លេងរបស់ក្រុមលោក Thomas Tuchel មិនអាចធ្វើឱ្យអតីតខ្សែប្រយុទ្ធឆ្នើមអង់គ្លេស លោក Wayne Rooney ចាប់អារម្មណ៍ឡើយ។
ជាក់ស្តែង ក្រោយចប់ការប្រកួត អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ៤០ឆ្នាំរូបនេះ បានសម្តែងការព្រួយបារម្ភជាច្រើនចំពោះទម្រង់លេងក្រុម ជាពិសេសសមត្ថភាពការពារនៅពេលបាត់បង់បាល់។ បើតាមសម្តី Rooney អង់គ្លេសបានទុកចន្លោះទំនេរច្រើនពេក ហើយអាចនឹងខាតបង់ធំ បើពួកគេត្រូវប្រឈមមុខនឹងគូប្រកួតដែលខ្លាំងជាងនេះ។ អតីតខ្សែប្រយុទ្ធឆ្នើមក្លិប Manchester United រូបនេះ បានប្រាប់សារព័ត៌មាន BBC ដូច្នេះថា «សម្រាប់ខ្ញុំ វាមានរឿងគួរឱ្យព្រួយបារម្ភធំណាស់។ ម្នាក់ៗសប្បាយចិត្តដែលអង់គ្លេសបានឡើងទៅវគ្គបន្ត ប៉ុន្តែនៅពេលដែលពួកគេបាត់បង់បាល់ ពួកគេហាក់ដូចជាបើកចំហខ្លាំងពេក ហើយបើជួបក្រុមខ្លាំងជាងនេះ យើងនឹងជួបបញ្ហាធំជាមិនខាន ប្រសិនបើយើងមិនដោះស្រាយបញ្ហានោះទេ»។
ក្រៅពីនោះ Rooney ក៏មើលឃើញអំពីបញ្ហាផ្សារភ្ជាប់គ្នារវាងតំបន់ការពារ និងបម្រើផងដែរ។ លោកបានវែកញែកថា ក្រុមរបស់លោក Tuchel ខ្វះសាមគ្គីភាព និងស៊ីសង្វាក់គ្នា ដោយបន្សល់ទុកចន្លោះប្រហោងជាច្រើននៅតំបន់កណ្តាល ហើយនេះគឺជាចំណុចមួយដែលគួរឱ្យព្រួយបារម្ភខ្លាំង។ លោកបានសង្កត់ធ្ងន់ថា «វាគ្មានស៊ីសង្វាក់គ្នាទេ មានចន្លោះប្រហោងដ៏ធំនៅតំបន់កណ្តាល។ Tuchel ពិតជាត្រូវពិនិត្យមើលរឿងនោះឡើងវិញ បើមិនដូច្នោះទេ អង់គ្លេសនឹងត្រូវធ្លាក់ចេញពីការប្រកួតមិនខាន»។
ក្រៅអំពីអង់គ្លេស បែលហ្ស៊ិកឯណោះវិញ ក៏បានបន្តឡើងទៅវគ្គ១៦ក្រុមទាំងព្រលឹងចុងសក់ផងដែរ ក្រោយយកឈ្នះសេណេហ្គាល់ទាំងត្រដាបត្រដួស ដោយលទ្ធផល ៣-២ ដ្បិតត្រូវគូប្រកួតបើកការនាំមុខមុនដល់ទៅ ២ គ្រាប់ មុនវាយបកយកឈ្នះវិញ ជាមួយគ្រាប់ជ័យជម្នះរកបាននៅវិនាទីគ្រោះថ្នាក់នៃម៉ោងបន្ថែម ១៥នាទី ២ដង ពោល ១២០+៥។ ចំណែកឯម្ចាស់ផ្ទះសហរដ្ឋអាមេរិក រីកមុខរីកមាត់ឡើងទៅកាន់វគ្គបន្ត ដោយយកឈ្នះបូស្នីដោយលទ្ធផល ២-០។
បើគិតត្រឹមព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ សហម្ចាស់ផ្ទះទាំង ៣ កាណាដា, ម៉ិកស៊ិក, និងសហរដ្ឋអាមេរិក រួមទាំង ម៉ារ៉ុក, ប្រេស៊ីល, ប៉ារ៉ាហ្គាយ, បារាំង, ន័រវែល, អង់គ្លេស និងបែលហ្ស៊ិក បានឡើងទៅវគ្គ ១៦ ក្រុម ដោយការប្រកួតចាប់ផ្តើមពីវេលារំលងអធ្រាត្រចូលថ្ងៃទី៥ ខែកក្កដា តទៅ (ម៉ោងនៅកម្ពុជា)។
-កាណាដា ប៉ះ ម៉ារ៉ុក ម៉ោង ១២ រំលងអធ្រាត្រចូលថ្ងៃទី៥ ខែកក្កដា
-ប៉ារ៉ាហ្គាយ ប៉ះ បារាំង ម៉ោង ៤ ឈានចូលព្រឹកថ្ងៃទី៥ ខែកក្កដា
-ប្រេស៊ីល ប៉ះ ន័រវែស ម៉ោង ៣ ឈានចូលព្រឹកថ្ងៃទី៦ ខែកក្កដា
-ម៉ិកស៊ិក ប៉ះ អង់គ្លេស ម៉ោង ៧ ព្រឹកថ្ងៃទី៦ ខែកក្កដា
-សហរដ្ឋអាមេរិក ប៉ះ បែលហ្ស៊ិក ម៉ោង ៧ ព្រឹកថ្ងៃទី៧ ខែកក្កដា៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ