ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ជួយ​ព័រ​ទុ​យ​ហ្គា​ល់​ឡើង​វគ្គ​១៦​ក្រុម World Cup ទាំង​ដំណឹង​ចូល​និវត្តន៍​កំពុង​តែ​កក្រើក

2 ថ្ងៃ មុន

ប្រទេស​កា​ណា​ដា ៖ ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo រួមចំណែក​ជួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បន្ត​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ក្រោយ​យកឈ្នះ​ក្រូ​អាស៊ី​ទាំង​លំបាក លទ្ធផល ២-១ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​)​។ ជ័យជម្នះ​នេះ បាន​កើតឡើង​ក្រោយ​ពេល​ដំណឹង​នៃ​ការ​ចូល​និវត្តន៍​របស់​ប្រធាន​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៤១​ឆ្នាំ​រូប​នេះ ផ្ទុះ​ឡើង​លើ​សារព័ត៌មាន​ធំ​ៗ​ជុំវិញ​ពិភពលោក​។

នៅ​ក្នុង​ជំនួប​វគ្គ ៣២ ក្រុម ដែល​ធ្វើ​ឡើង​នៅ​ទឹកដី​ប្រទេស​កា​ណា​ដា​នោះ ក្រូ​អាស៊ី​បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី ៥៣ នៃ​វគ្គ​ទី​២ មុន​ពេល​ព័រ​ទុ​យ​ហ្គា​ល់​តាម​ស្មើ​មក​វិញ ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ពី Ronaldo នៅ​នាទី ៦៨​។ ចាប់ពី​នាទី​នោះ​មក ការ​ប្រកួត​កាន់តែ​ស្វិតស្វាញ​ខ្លាំង​ឡើង មុន​ពេល​ខ្សែប្រយុទ្ធ Gonçalo Ramos សម្រេច​គ្រាប់​បាល់​ជ័យជម្នះ​នៅ​វិនាទី​គ្រោះថ្នាក់ ៩០+៤​។

ព័រ​ទុ​យ​ហ្គា​ល់ នឹង​ត្រូវ​ប៉ះ​អេ​ស្ប៉ា​ញ នៅ​វគ្គ ១៦ ក្រុម ដែល​នឹង​ធ្វើ​នៅ​ម៉ោង ២ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ខាង​មុខ​នេះ​។ ដ្បិត​ក្រុម​រហស្សនាម គោ​ជល់ ធ្វើ​បាន​យ៉ាង​ល្អ​យកឈ្នះ​អូ​ទ្រី​ស ដោយ​លទ្ធផល ៣-០ កាលពី​វគ្គ ៣២ ក្រុម​។

មុន​ជំនួប​ព័រ​ទុ​យ​ហ្គា​ល់​-​ក្រួ​អាស៊ី ដំណឹង​មួយ​បាន​ផ្ទុះ​ឡើង​កក្រើក​បណ្តាសារ​ព័ត៌មាន​ធំ​ៗ បន្ទាប់​ពី អ្នកស្រី Katia Aveiro បងស្រី​បង្កើត​របស់​កីឡាករ Cristiano Ronaldo បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ​នៅ​ខាងក្រៅ​កីឡដ្ឋាន​ក្នុង​ទីក្រុង​តូ​រ៉ុ​ន​តូ (Toronto) មុន​ការ​ប្រកួត​ចាប់ផ្តើម​នោះ បាន​ថ្លែង​ថា World Cup ឆ្នាំ ២០២៦ ទំនងជា​នឹង​ក្លាយជា​ការ​ប្រកួត​ចុង​ក្រោយបង្អស់​របស់​ប្អូនប្រុស​អ្នកស្រី​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​។

អ្នកស្រី​បាន​និយាយ​ថា «​ផ្អែក​លើ​ព័ត៌មាន​ដែល​ខ្ញុំ​មាន វា​ហាក់ដូចជា​ដល់​ពេល​ដែល​ត្រូវ​និយាយ​ពាក្យ​លា​ហើយ​។ មិនមែន​នៅ​ថ្ងៃនេះ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា នេះ​នឹង​ក្លាយជា​ការ​លាគ្នា​ពី​ក្រុម​ជម្រើសជាតិ​។ ខ្ញុំ​និយាយ​បែប​នេះ​ដោយ​ផ្អែក​លើ​ប្រភព​ដែល​អាច​ទុកចិត្ត​បាន​។ នេះ​នឹង​ក្លាយជា​ការ​បង្ហាញខ្លួន​ចុង​ក្រោយ​របស់ Cristiano ដែល​ជា​ការ​ប្រកួត World Cup ចុង​ក្រោយ​របស់​គេ​»៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>