អន្តរជាតិ ៖ រាប់ចាប់ពីខ្សែប្រយុទ្ធ Mohamed Salah និងអ្នកចាំទី Vozinha រហូតដល់ខ្សែបម្រើការពារ Fabinho ស្ថិតក្នុងចំណោមកីឡាករល្បីៗជាច្រើនរូបផ្សេងទៀត ដែលបានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ក្នុងនាមជាកីឡាករគ្មានក្លិបលេង បន្ទាប់ពីកិច្ចសន្យារបស់ពួកគេជាមួយក្លិបចាស់បានអស់សុពលភាព។
ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ មិនត្រឹមតែជាឆាកប្រកួតប្រជែងដ៏ធំបំផុតនៅលើពិភពបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់កីឡាករជាច្រើនក្នុងការស្វែងរកក្លិបថ្មីប្រកបអាជីពផងដែរ។ យោងតាមទិន្នន័យស្ថិតិពីប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល និង BBC បានឱ្យដឹងថា កីឡាករជាង ២០ រូប ដែលចូលរួមព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ បច្ចុប្បន្នគឺជាកីឡាករគ្មានក្លិបលេង (Free Agent) បន្ទាប់ពីកិច្ចសន្យារបស់ពួកគេជាមួយក្លិបចាស់បានអស់សុពលភាពកំណត់។
ករណីដ៏គួរឱ្យកត់សម្គាល់បំផុតនោះ គឺ Mohamed Salah។ ប្រធានក្រុមអេហ្ស៊ីបរូបនេះបានបញ្ចប់ដំណើរដ៏រុងរឿងរបស់ខ្លួនជាមួយក្លិបហង្សក្រហម Liverpool នៅចុងរដូវកាល ២០២៥-២៦ ហើយមិនទាន់ប្រកាសពីគោលដៅបន្ទាប់របស់ខ្លួននៅឡើយទេ។ ទន្ទឹមនឹងនេះដែរ អ្នកចាំទីកំពុងតែល្បីខ្លាំង Vozinha ក៏បានក្លាយជាកីឡាករម្នាក់ដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ បន្ទាប់ពីចាកចេញពីក្លិប Chaves នៅលីគលំដាប់ទី២ ព័រទុយហ្គាល់ កាលពីដើមខែមិថុនាកន្លងទៅ។ ទោះយ៉ាងណាក៏ដោយ ការបង្ហាញទម្រង់លេងដ៏ល្អក្នុងនាមជាអ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិកាប់វែរ បានទាក់ទាញការចាប់អារម្មណ៍ពីក្លិបជាច្រើន ដ្បិតក្រុមមកពីអាហ្វ្រិកខាងលិច ដែលបានបង្ហាញខ្លួនលើកដំបូងបង្អស់នៅក្នុងព្រឹត្តិការណ៍ World Cup មួយនេះ បានធ្លាក់ចេញនៅវគ្គ៣២ក្រុមក៏ដោយ។ របាយការណ៍ចុងក្រោយបង្ហាញថា ក្លិបនៅប្រេស៊ីល Ceara បានផ្តល់ជូនកុងត្រាសម្រាប់អ្នកចាំទីវ័យ៤០ឆ្នាំរូបនេះផងដែរ។
ក្លិបមួយចំនួនផ្សេងទៀតនៅប្រេស៊ីល ក៏បានបង្ហាញការចាប់អារម្មណ៍នាំយកកីឡាករ Fabinho ត្រឡប់ទៅប្រទេសកំណើតវិញផងដែរ ខណៈដែលខ្សែបម្រើដែលកើតក្នុងឆ្នាំ ១៩៩៣ រូបនេះ បានបញ្ចប់កិច្ចសន្យាជាផ្លូវការជាមួយក្លិប Al-Ittihad កាលពីថ្ងៃទី ៣០ ខែមិថុនា ហើយអនាគតរបស់គេនៅតែមិនទាន់ច្បាស់លាស់នៅឡើយ។ ទោះយ៉ាងណាក៏ដោយ រូបគេកំពុងចូលរួមព្រឹត្តិការណ៍ World Cup ក្នុងក្តីសង្ឃឹមថានឹងអាចរក្សាទម្រង់លេងរបស់ខ្លួន មុនពេលស្វែងរកក្លិបថ្មី។
ប្រទេសកាប់វែរមានកីឡាករគ្មានក្លិបលេងច្រើនជាងគេ ដោយក្រៅពីអ្នកចាំទី Vozinha កីឡាករ Ryan Mendes, Yannick Semedo, Jamiro Monteiro, Jovane Cabral និង Willy Semedo សុទ្ធតែមិនទាន់មានក្លិបចុះកិច្ចសន្យានៅឡើយ បន្ទាប់ពីបានចាកចេញពីក្លិបចាស់រៀងៗខ្លួន កាលចុងខែមិថុនា។
កីឡាករល្បីៗជាច្រើនផ្សេងទៀតក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នានេះដែរ ដូចជា James Rodriguez (កូឡុំប៊ី), Casemiro (ប្រេស៊ីល), David Alaba (អូទ្រីស), Axel Witsel (បែលហ្សិក), John Stones (អង់គ្លេស), Jordan Ayew, Thomas Partey និង Abdul Mumin (ហ្គាណា), Ricardo Rodriguez និង Remo Freuler (ស្វីស) ព្រមទាំងអ្នកចាំទី Mat Ryan របស់អូស្ត្រាលី និងកីឡាករមួយចំនួនផ្សេងទៀត។
សម្រាប់កីឡាករជាច្រើន ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ មិនត្រឹមជាដំណើរស្វែងរកពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញពីសមត្ថភាពរបស់ពួកគេ មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបិទទ្វារ។ ការបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ណាមួយ អាចជួយពួកគេទាំងស្រុងក្នុងការបើកទំព័រថ្មីនៃអាជីព ភ្លាមៗបន្ទាប់ពីការប្រកួតបាល់ទាត់ធំបំផុតរបស់ពិភពលោកនេះត្រូវបានបញ្ចប់៕ ប្រភព ៖ Znews







<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ