សហរដ្ឋអាមេរិក ៖ កញ្ញា Naiel Aguilera ដែលជាអ្នកគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិប៉ារ៉ាហ្គាយ នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ បានល្បីល្បាញត្រឹមមួយប៉ប្រិចភ្នែក បន្ទាប់ពីរូបថតមួយចំនួនរបស់នាងនៅឯកីឡដ្ឋានត្រូវបានបង្ហោះនៅបណ្តាញទំនាក់ទំនងសង្គម រហូតត្រូវបានគេដាក់រហស្សនាមថា «ទេពធីតា World Cup»។ មិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្ន នាងត្រូវបានក្រុមហ៊ុនជាច្រើនទាក់ទងផ្តល់កិច្ចសន្យាធ្វើជាតារាម៉ូដែល និងផ្តល់តំណែងសម្តែងក្នុងរឿងភាគទូរទស្សន៍ថែមទៀតផង។
យោងតាមសារព័ត៌មាន HK01 និង Nasa Niva បានឱ្យដឹងថា រូបថត និងវីដេអូជាបន្តបន្ទាប់របស់កញ្ញា Aguilera ដែលកំពុងគាំទ្រប៉ារ៉ាហ្គាយ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ជាមួយសម្រស់ដ៏ស្រស់ស្អាតរបស់នាង រហូតដល់មនុស្សជាច្រើនបានសង្ស័យថា រូបទាំងនោះត្រូវបានបង្កើតឡើងដោយ AI ថែមទៀត ដោយជំរុញឱ្យនារីបង្ហោះវីដេអូមួយដើម្បីពន្យល់ថា នាងមិនមែនជារូប AI ទេ គឺជាមនុស្សពិតប្រាកដមកពីប្រទេសប៉ារ៉ាហ្គាយ និងជាអ្នកស្រឡាញបាល់ទាត់ជាខ្លាំង។
Aguilera រំភើប និងរីករាយយ៉ាងខ្លាំង បន្ទាប់ពីក្រុមជម្រើសជាតិប្រទេសរបស់នាងយកឈ្នះអាល្លឺម៉ង់ នៅវគ្គ៣២ក្រុមចុងក្រោយ ដើម្បីបន្តដំណើរយុទ្ធនាការ World Cup ឆ្នាំ២០២៦។ និស្សិតផ្នែកចិត្តវិទ្យាវ័យ២៣ឆ្នាំរូបនេះ ថែមទាំងបានសរសេរនៅលើគណនីផ្ទាល់ខ្លួនថា «កុំភ្លេចថា ប៉ារ៉ាហ្គាយលេងបាល់ទាត់ដោយបេះដូងទាំងស្រុង»។
កាលពីមុន រាល់ការបង្ហោះរបស់នាងនៅលើ Instagram ទទួលបានការចុចចូលចិត្ត ឬសញ្ញាបេះដូងត្រឹមតែ ២ ទៅ ៣ ពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ កំពុងបង្កើតភាពល្បីល្បាញរបស់នាងនោះ ចំនួនអ្នកចុចបេះដូងបានកើនឡើងរហូតដល់រាប់សែនដងឯណោះ។
មិនតែប៉ុណ្ណោះ ភាពល្បីល្បាញមិនបានរំពឹងទុកនេះ បាននាំមកនូវការផ្តល់ជូនកិច្ចសន្យាពីទីភ្នាក់ងារបង្ហាញម៉ូដជាច្រើនដល់យុវតីដ៏ស្រស់ស្អាតរូបនេះ។ បន្ថែមពីលើនេះទៀត Aguilera ដែលមានអ្នកតាមដានលើ Instagram ដល់ទៅជាង ៣៥ ម៉ឺននាក់នោះ ក៏ត្រូវបានគេអញ្ជើញឱ្យចូលរួមសម្តែងក្នុងរឿងភាគទូរទស្សន៍ទៀតផង។ ទោះយ៉ាងណា ខ្លួននាងផ្ទាល់ធ្លាប់បានទម្លាយក្នុងកិច្ចសម្ភាសន៍មួយលើទូរទស្សន៍ប៉ារ៉ាហ្គាយថា នាងមានគោលដៅផ្ទាល់ខ្លួនមួយ នោះគឺការតំណាងឱ្យប្រទេសប៉ារ៉ាហ្គាយក្នុងការប្រកួតបវរកញ្ញាចក្រវាល (Miss Universe)។
Aguilera ធ្លាប់បានចូលរួមប្រកួត និងឈ្នះពានរង្វាន់នៅក្នុងកម្មវិធីប្រឡងបវរកញ្ញាយុវតីប៉ារ៉ាហ្គាយឆ្នាំ ២០២២ (Miss Teen Paraguay 2022) ហើយបន្ទាប់មកនាងបានក្លាយជាម៉ូដែលថតរូបតែម្តង។ អ្នកគាំទ្រ Aguilera ជាច្រើនបានបញ្ចេញមតិថា នាងមានសម្រស់ស្រស់ស្អាតបែបស្លូតបូតផង និងទាក់ទាញគួរឱ្យក្នក់ខ្នាញ់ផង។
គួរបញ្ជាក់ជូនថា ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ នឹងបន្តយុទ្ធនការ World Cup ឆ្នាំ២០២៦ នៅវគ្គ ១៦ ក្រុមចុងក្រោយ ដោយត្រូវប៉ះជើងខ្លាំងបារាំង នៅម៉ោង ៤ ឈានចូលព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦៕









<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ