សហរដ្ឋអាមេរិក ៖ ក្រុមជម្រើសជាតិប្រេស៊ីលបានបន្តរក្សាកំណត់ត្រាមិនស្គាល់ចាញ់នៅក្នុងប្រកួតបើកឆាក ឬប្រកួតដំបូង World Cup របស់ខ្លួន ដែលបានអូសបន្លាយអស់រយៈពេល ៩២ ឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ ១៩៣៤ មក បន្ទាប់ពីការប្រកួតបើកឆាកវគ្គសន្សំពិន្ទុពូល C ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នៅសហរដ្ឋអាមេរិក ពួកគេបានវាយបកតាមស្មើក្រុមជម្រើសជាតិម៉ារ៉ុកដោយលទ្ធផល ១-១ កាលពីវេលាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) ។ នេះបើតាមប្រភពពី BBC បានចេញផ្សាយ។
ខ្សែបម្រើប្រយុទ្ធ Vinicius Junior បានសង្គ្រោះក្រុមសាំបាប្រេស៊ីលពីការចាញ់ដ៏អាម៉ាស់ក្នុងការប្រកួតបើកឆាក World Cup ជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីឆ្នាំ១៩៣៤មក ខណៈគ្រាប់បាល់ដ៏អស្ចារ្យរបស់កីឡាករឆ្នើមក្លិប Real Madrid រូបនេះ នៅនាទី ៣២ បានជួយឱ្យក្រុមឈ្នះជើងឯកច្រើនជាងគេ ៥ សម័យកាលមួយនេះ តាមស្មើក្រុមតោអាត្លាសម៉ារ៉ុក (បើកការនាំមុខមុននៅនាទី ២១) នៅកីឡដ្ឋាន New York New Jersey នៃទឹកដីសហរដ្ឋអាមេរិក។
លទ្ធផលស្មើនេះ បានជួយឱ្យប្រេស៊ីលរក្សាកំណត់ត្រាមិនចាញ់ទាល់តែសោះនៅក្នុងការប្រកួតបើកឆាក World Cup របស់ខ្លួនក្នុងរយៈពេល ៩២ ឆ្នាំចុងក្រោយ គិតចាប់តាំងពីការចាញ់ក្រុមគោជល់អេស្ប៉ាញដោយលទ្ធផល ៣-១ កាលពីព្រឹត្តិការណ៍ World Cup លើកទី ២ ឆ្នាំ ១៩៣៤ ដែលប្រទេសអ៊ីតាលីធ្វើជាម្ចាស់ផ្ទះ។
មិនតែប៉ុណ្ណោះ យោងតាមទិន្នន័យព្រឹត្តិការណ៍ World Cup ប្រេស៊ីលខកខានមិនបានរកគ្រាប់បាល់ក្នុងការប្រកួតបើកឆាករបស់ពួកគេតែម្តងគត់ក្នុងប្រវត្តិសាស្ត្រ នោះគឺនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៧៤ នៅពេលក្រុមតំបន់អាមេរិកខាងត្បូងមួយនេះ ស្មើដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នា ជាមួយយូហ្គោស្លាវី (Yugoslavia)។
ខណៈពេលដែលគ្រូបង្វឹកជនជាតិអ៊ីតាលី លោក Carlo Ancelotti ចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ដើម្បីដណ្តើមជើងឯក World Cup ជាមួយប្រេស៊ីលនោះ ការរក្សាបានកំណត់ត្រាដែលបានអូសបន្លាយពេលរហូតដល់ ៩២ ឆ្នាំនេះ គឺជាសញ្ញាវិជ្ជមានមួយ ទោះបីជាលទ្ធផលស្មើជាមួយម៉ារ៉ុក មិនទាន់អាចធ្វើឱ្យអ្នកគាំទ្រពេញចិត្តទាំងស្រុងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ Vinicius និងមិត្តរួមក្រុមរបស់គេបានជួយឱ្យក្រុមរក្សាបាននូវប្រពៃណីដ៏គួរឱ្យមានមោទកភាពបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ World Cup។
នៅក្នុងពូលជាមួយគ្នានោះដែរ ស្កុតឡែនបានយកឈ្នះលើហៃទី ដោយលទ្ធផល ១-០ សម្រេចបានដោយខ្សែបម្រើជើងចាស់ John McGinn របស់ក្លិប Aston Villa តាំងពីនាទី ២៨ មកម្ល៉េះ។ តាមរយៈជ័យជម្នះ ក្រុមរបស់លោក Steve Clarke ឡើងឈរកំពូលតារាងបណ្តោះ តាមពីក្រោយដោយម៉ារ៉ុក និងប្រេស៊ីល។
ប្រកួតបន្ទាប់ ស្កុតឡែន ត្រូវប៉ះ ម៉ារ៉ុក នៅវេលាម៉ោង ៥ ព្រឹកថ្ងៃទី២០ ខែមិថុនា (ម៉ោងនៅកម្ពុជា)។ ប្រេស៊ីល ត្រូវប៉ះ ហៃទី នៅម៉ោង ៧ និង ៣០ នាទីព្រឹកថ្ងៃដដែល៕




ចែករំលែកព័តមាននេះ