ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរឆ្នាំនេះមានអ្នកចុះឈ្មោះចូលរួមជិត១ម៉ឺននាក់ហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី៣០ ដែលនឹងធ្វើឡើងនៅថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមពាក្យស្លោក«រត់ដើម្បីភាពយូរអង្វែង»និងបានបង្កប់អត្ថន័យសំខាន់ៗចំនួន៤បន្ថែមទៀតនោះមកដល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមជិត១មុឺននាក់ហើយ ទម្រាំដល់ថ្ងៃរត់ប្រមាណជា២ខែទៀត ចំនួនអ្នកចុះឈ្មោះរត់អាចនឹងកើនឡើងជាងនេះ។
នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ។
ឯកឧត្តមវ៉ាត់ ចំរើន បានឱ្យដឹងបន្តថា រាល់ព្រឹត្តិការណ៍រត់ប្រណាំងដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារៀបចំធ្វើឡើងគឺដើម្បីស្វែងរកមូលនីធិពីសប្បុរសជនជួយទៅដល់មន្ទីរពេទ្យកុមារ ជួយដល់សង្គម និងចាស់ជរាជាដើម។
សម្រាប់ទិវារត់ប្រណាំងឆ្នាំនេះក៏បានបង្កប់នូវអត្ថន័យសំខាន់ៗចំនួន៤បន្ថែមទៀតរួមមាន៖
ទី១-គឺជាការអបអរខួប៣០ឆ្នាំនៃភាពយូរអង្វែងរបស់ព្រឹត្តិការណ៍Honor The Legacy of The race
ទី២-ក្នុងរយៈពេល៣០ឆ្នាំមកនេះ ព្រឹត្តិការណ៍បានជួយឱ្យអ្នកចូលរួមគ្រប់វិស័យ គ្រប់ជាតិសាសន៍ មានសុខភាព មានទម្លាប់រស់នៅបែបសកម្ម តាមរយៈការចូលរួមរត់ជារៀងរាល់ឆ្នាំ ដែលនេះហើយជាមូលដ្ឋានក្នុងការរស់នៅបានយូរអង្វែង(មានអាយុវែង)
ទី៣-គឺមោទនភាពចំពោះភាពយូរអង្វែងនៃបេតិកភ័ណ្ឌអង្គរដែលមានអាយុកាលជាង៩០០ឆ្នាំហើយនៅតែឈរយ៉ាងរឹងមាំ ផ្ដល់ជាផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលតែមួយគត់នៅលើពិពភលោកសម្រាប់ការរត់ប្រណាំងគ្រប់ទិសទីមកកាន់ឧទ្យានអង្គរនៃយើង និង
ទី៤-គឺជាការដឹងគុណដល់ភាពយូរអង្វែងនៃសន្តិភាពដូចពាក្យស្លោក«កីឡារស់ក្នុងសន្តិភាព»
មានសន្តិភាពទើបយើងអាចមានការជួបជុំដ៏សប្បាយរីករាយក្នុងថ្ងៃព្រឹត្តិការណ៍ ៕



ចែករំលែកព័តមាននេះ