ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​នៅ​តែ​ហាម​អ៊ី​ស្រា​អែ​ល​ពី​ការ​ប្រកួត​កីឡា​ក្នុង​ទឹកដី​ខ្លួន ទោះ​ត្រូវ​ប្រឈម​មុខ​នឹង IOC

4 ម៉ោង មុន

ទីក្រុង​ហ្សា​ការ​តា ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ដើរ​បញ្ច្រាសទិស​ពី​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ហៅ​កាត់​ថា IOC ដោយ​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា កន្លង​ទៅ ប្រទេស​នេះ បាន​បន្ត​រក្សា​ជំហរ…

ទីក្រុង​ហ្សា​ការ​តា ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​ដើរ​បញ្ច្រាសទិស​ពី​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ ហៅ​កាត់​ថា IOC ដោយ​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា កន្លង​ទៅ ប្រទេស​នេះ បាន​បន្ត​រក្សា​ជំហរ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន បន្ទាប់​ពី IOC បាន​ជំរុញ​ឱ្យ​សហព័ន្ធ​កីឡា​អន្តរជាតិ​ទាំងអស់ កុំ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នៅ​ឥណ្ឌូ​ណេ​ស៊ី បន្ទាប់​ពី​ឥណ្ឌូ​ណេ​ស៊ី​បាន​ហាមឃាត់​ក្រុមកីឡា​កាយសម្ព័ន្ធ​អ៊ី​ស្រា​អែ​ល​ចូល​ទឹកដី​របស់​ខ្លួន​។

ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ IOC កាលពី​ថ្ងៃ​ទី​២២ ខែតុលា បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្តល់​អនុសាសន៍​ដល់​សហព័ន្ធ​កីឡា​អន្តរជាតិ​ទាំងអស់ កុំឱ្យ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ណាមួយ ឬ​កិច្ចប្រជុំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី រហូត​ដល់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ផ្តល់​ការ​ធានា​លើ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​អ្នកចូលរួម​ទាំងអស់​សម្រាប់​ការ​ប្រកួត​ក្នុង​ទឹកដី​ខ្លួន​។ ក្រុមប្រឹក្សា​ប្រតិបត្តិ​បាន​បញ្ជាក់​ថា ខ្លួន​ក៏​បាន​បញ្ចប់​រាល់​ការ​សន្ទនា​ជាមួយ​ឥណ្ឌូ​ណេ​ស៊ី ស្តី​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នា​ពេល​អនាគត​នៅ​ទីនោះ​ផង​ដែរ​។

រឿង​ដ៏​ចម្រូងចម្រាស​នេះ បាន​កើតឡើង​បន្ទាប់​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​បដិសេធ​ផ្តល់​ទិដ្ឋាការ​សម្រាប់​ក្រុមកីឡា​អ៊ី​ស្រា​អែ​ល ដើម្បី​ចូលរួម​ការ​ប្រកួត​ជើងឯក​កាយសម្ព័ន្ធ​ពិភពលោក​ឆ្នាំ ២០២៥ (Gymnastics World Championships) ដែល​កំពុង​ដំណើរការ​នៅ​ទីក្រុង​ហ្សា​ការ​តា ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៥ ខែតុលា ដោយ​លើក​ឡើង​ពី​ការ​គាំទ្រ​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​។

ជា​លទ្ធផល សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​របស់​អ៊ី​ស្រា​អែ​ល​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេចចិត្ត​ពី​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​ទៅ​តុលាការ​អាជ្ញាកណ្តាល​កីឡា (CAS) ដោយ​ទាមទារ​ឱ្យ​មានការ​ធានា​នូវ​វត្តមាន​អត្ត​ព​លិ​ក​របស់​ពួក​គេ ឬ​បង្ខំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ ឬ​លុប​ចោល​ព្រឹត្តិការណ៍​នេះ​។ ទោះ​យ៉ាងណា​ក៏​ដោយ CAS បាន​ច្រាន​ចោលការ​អំពាវនាវ​នេះ ដែល​មាន​ន័យ​ថា អត្ត​ព​លិ​ក​អ៊ី​ស្រា​អែ​ល​មិន​អាច​ចូលរួម​ប្រកួត​នៅ​ឥណ្ឌូ​ណេ​ស៊ី ដែល​ជា​ប្រទេស​មាន​ប្រជាជន​កាន់សាសនា​អ៊ី​ស្លា​ម​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​មួយ​នេះ​។

ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់ IOC កាលពី​ថ្ងៃ​ទី​២៣ តុលា បាន​រំលឹក​ជំហរ​របស់​ខ្លួន​ថា «​រាល់​អត្ត​ព​លិ​ក ក្រុម និង​មន្ត្រី​កីឡា​ដែល​មាន​សិទ្ធិ​ទាំងអស់ ត្រូវ​តែ​អាច​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អន្តរជាតិ និង​ព្រឹត្តិការណ៍​នានា ដោយ​មិន​មានការ​រើសអើង​ពី​ប្រទេស​ម្ចាស់ផ្ទះ​»​។

យ៉ាងណាមិញ នៅ​ក្នុង​ការ​បង្ហាញ​អំពី​ការ​រក្សា​ជំហរ​របស់​ខ្លួន​នោះ រដ្ឋមន្ត្រីក្រសួង​កីឡា និង​យុវជន​ឥណ្ឌូ​ណេ​ស៊ី លោក Erick Thohir កាលពី​ថ្ងៃ​ទី​២៣ ខែតុលា បាន​បញ្ជាក់​ថា ឥណ្ឌូ​ណេ​ស៊ី​បានដឹង​ថា ការ​ហាមឃាត់​ជនជាតិ​អ៊ី​ស្រា​អែ​ល នឹង​នាំ​មក​នូវ​ផលវិបាក​។

លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម X ថា «​ឥណ្ឌូ​ណេ​ស៊ី​នឹង​បន្ត​ដើរតួ​យ៉ាង​សកម្ម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ផ្សេង​ៗ នៅ​កម្រិត​អាស៊ី​អាគ្នេយ៍ អាស៊ី និង​ពិភពលោក​។ យើង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​ផលប្រយោជន៍​សាធារណៈ រាល់​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​រៀបចំ​ឡើង​។ ផ្អែក​លើ​មូលដ្ឋាន​នោះ ឥណ្ឌូ​ណេ​ស៊ី​បាន​ចាត់វិធានការ​បញ្ចៀស​ការ​មក​ដល់​របស់​គណៈប្រតិភូ​អ៊ី​ស្រា​អែ​ល​ក្នុង​ព្រឹត្តិការណ៍ Gymnastics World Championships»​។

សម្រាប់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ឥណ្ឌូ​ណេ​ស៊ី​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ចំណាត់ការ​របស់ IOC ដោយសារ​តែ​ខ្លួន​បាន​បញ្ជាក់​ថា ការ​ពិភាក្សា​កំពុង​តែ​បន្ត​។

គួរ​រំលឹក​ថា កាលពី​ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ ឥណ្ឌូ​ណេ​ស៊ី បាន​ដកខ្លួន​ចេញពី​ការ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​ពិភពលោក (World Beach Games) ដោយសារ​រឿង​ចម្រូងចម្រាស​ជុំវិញ​ការ​ចូលរួម​របស់​អ៊ី​ស្រា​អែ​ល​។ កាលពី​ខែមីនា ឆ្នាំ​ដដែល​នោះ ឥណ្ឌូ​ណេ​ស៊ី​ក៏​បាន​បាត់បង់​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​យុវជន​អាយុ​ក្រោម​២០​ឆ្នាំ (FIFA Under-20 World Cup) បន្ទាប់​ពី​មន្ត្រី​ពីរ​រូប​បាន​ជំទាស់​នឹង​ការ​ចូលរួម​របស់​អ៊ី​ស្រា​អែ​ល ខណៈ​ដែល​បញ្ហា​ទាំង​ពីរ​នេះ បាន​កើតឡើង​មុន​ពេល​សង្គ្រាម​រវាង​អ៊ី​ស្រា​អែ​ល និង​ក្រុម​ប្រដាប់​អាវុធ​ហា​ម៉ាស់ (Hamas) បាន​ផ្ទុះ​ឡើង​នៅ​ឯ​តំបន់​ហ្កា​ហ្សា (Gaza)៕ ប្រភព ៖ AFP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ