ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ! កីឡាករ​ទូកក្ដោង កែវ ភា​រុណ ដណ្ដើម​បាន​មេដាយ​មាស ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ នៅ​សិង្ហ​បុរី

48 វិនាទី មុន

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ផ្ញើ​សារ​អបអរសាទរ និង​កោតសរសើរ ចំពោះ​កីឡាករ​ទូកក្ដោង​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​ផ្ញើ​សារ​អបអរសាទរ និង​កោតសរសើរ ចំពោះ​កីឡាករ​ទូកក្ដោង​កម្ពុជា កែវ ភា​រុណ ដែល​ដណ្ដើម​បាន​មេដាយមាស ១​គ្រឿង ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកក្តោង 45th Singapore Open Windsurfing, Wing & Wind Foiling Championship 2026 នៅ​ប្រទេស​សិង្ហ​បុរី​។

ព្រឹត្តិការណ៍​អន្ដរជាតិ​ខាងលើ បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១២-១៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រោម​ការ​រៀបចំ​របស់​សមាគម​កីឡា​ទូកក្ដោង Windsurfing សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី ដោយ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន ៥០​នាក់ មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​ចូលរួម ក្នុង​នោះ​ក៏​មាន​វត្តមាន​កីឡាករ​ទូកក្ដោង​កម្ពុជា​ចូលរួម​ផង​ដែរ គឺ​កីឡាករ កែវ ភា​រុណ និង​កីឡាករ សែ​ម ប្រុស​ពៅ​។

ជា​លទ្ធផល​ក្រុម​កីឡាករ​កម្ពុជា ទទួល​បាន​លទ្ធផល​ល្អ​ប្រសើ​ជាទី​មោ​ទ​នៈ ដោយ​កីឡាករ កែវ ភា​រុណ ប្រកួត​លើ​វិញ្ញាសា Windsurfing Techno 293 Open ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ (​មេដាយមាស​) ក្នុង​ចំណោម​កីឡាករ​ចំនួន ៩​រូប និង​កីឡាករ សែ​ម ប្រុស​ពៅ ប្រកួត​លើ​វិញ្ញាសា IQ:Foil Open ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ចំណោម​កីឡាករ ៧​នាក់ ។ ពិធី​បំពាក់​មេដាយ​បាន​រៀបចំ​ឡើង​នៅ​ក្លិប​កីឡា​ទូកក្តោង Constant Wind Sea Sport Center កាលពី​ល្ងាច​មិ​ញ​។

សម្រាប់​ការ​ចូលរួម​ព្រឹត្តិការណ៍​អន្ដរជាតិ ដែល​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ក្នុង​តំបន់​នេះ​ដែរ គឺជា​ឱកាស​មួយ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ក្រុមកីឡា​ទូកក្តោង​កម្ពុជា ក្នុង​ការ​ពង្រឹងសមត្ថភាព និង​ជា​ពិសេស​ការ​ប្រកួតប្រជែង ដើម្បី​ត្រៀមខ្លួន​ឆ្ពោះទៅ​កាន់ការ​ប្រកួត​កីឡា​អាស៊ី (Asian Games) លើក​ទី​២០ ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ទីក្រុង Aichi-Nagoya ប្រទេស​ជប៉ុន​។

នេះ​គឺជា​ភាព​ជោគជ័យ​ថ្មី​មួយ​របស់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា នា​ដើមឆ្នាំ​២០២៦ ដែល​ក្រុម​កីឡាករ​ទូកក្តោង​របស់​សហព័ន្ធ បាន​ឈ្នះ​មេដាយមាស ពី​ការ​ប្រកួត​កីឡា​ទូកក្តោង​ប្រភេទ Windsurfing Techno 293 ជា​លក្ខណៈ​អន្តរជាតិ ក្រោម​ការ​ដឹកនាំ និង​ចង្អុលបង្ហាញ​របស់​លោក ថាំង ហ្គោ​ល​ដុន ប្រធាន​សហព័ន្ធ និង​លោក ថោ​ង រដ្ឋ​ស​ក្កិ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​សហព័ន្ធ ដែល​តែងតែ​ផ្តល់​ឱកាស​ដល់​កីឡាករ​-​កីឡាការិនី ចេញ​ទៅ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ រហូត​បាន​យក​មេដាយ​មក​ជូន​ជាតិ​ជា​បន្តបន្ទាប់​។

សូម​បញ្ជាប់​ថា ទន្ទឹម​ជាមួយនឹង​ភាព​ជោគជ័យ​ខាងលើ សហព័ន្ធ​ក៏​គ្រោង​នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី ចេញ​ទៅ​ចូលរួម​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជា​បន្តបន្ទាប់​ទៀត ដូច​ជា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​សិង្ហ​បុរី ដើម្បី​បន្ត​ប្រកួតប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ ក៏​ដូច​ជា​ការ​ពង្រឹងសមត្ថភាព​ត្រៀម​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ធំ​ៗ ដូច​ជា​កីឡា​អាស៊ី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ