ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​គ្រប់​គ្នា​ទន្ទឹងរង់ចាំ​កើតឡើង​ហើយ​! ជំនួប​សងសឹក​រវាង Pacquiao និង Mayweather ឆ្នាំ ២០២៦

2 នាទី មុន

សហរដ្ឋអាមេរិក ៖ នៅ​ទីបំផុត ជំនួប​ប្រដាល់សកល ដែល​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​ចង់​ឃើញ​ជា​លើក​ទី​២ កើតឡើង​ហើយ បន្ទាប់​ពី​កំពូល​អ្នក​ប្រដាល់​មិន​ទាន់​ស្គាល់​ចាញ់​អា​មេ​រិ​ក ហ្វ្ល​យ ម៉េ​វ៉េ​ឌើ ជូ​នៀ…

សហរដ្ឋអាមេរិក ៖ នៅ​ទីបំផុត ជំនួប​ប្រដាល់សកល ដែល​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​ចង់​ឃើញ​ជា​លើក​ទី​២ កើតឡើង​ហើយ បន្ទាប់​ពី​កំពូល​អ្នក​ប្រដាល់​មិន​ទាន់​ស្គាល់​ចាញ់​អា​មេ​រិ​ក ហ្វ្ល​យ ម៉េ​វ៉េ​ឌើ ជូ​នៀ (Floyd Mayweather Jr.) ទទួលយក​ជំនួប​សងសឹក​របស់​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន ម៉ា​នី ប៉ាក់​គី​អៅ (Manny Pacquiao) ដែល​ជា​ការ​ប្រកួត​អាជីព នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ក្នុង​សាល​សិល្បៈ Sphere នាទី​ក្រុង​ឡាស​វេ​ហ្គា​ស (Las Vegas) សហរដ្ឋអាមេរិក​។ ការ​ប្រកួត​នេះ​នឹង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ទូ​ទាំង​ពិភពលោក​នៅ​លើ​កម្មវិធី Netflix ផង​ដែរ​។

ប្រភព​ពី​សារព័ត៌មាន ESPN កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​នេះ ធ្វើ​ឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី Mayweather វ័យ​៤៩​ឆ្នាំ​បាន​ប្រកាស​ពី​ចេតនា​របស់​ខ្លួន​វិល​ត្រឡប់​ឡើង​សង្វៀន​ប្រកួត​អាជីព​វិញ បន្ទាប់​ពី​ចូល​និវត្តន៍​អស់​រយៈពេល​ជិត​៩​ឆ្នាំ ពោល​កាលពី​ឆ្នាំ ២០១៧​។

ងាក​ទៅ Pacquiao ដែល​ចូល​និវត្តន៍​កាលពី​ឆ្នាំ ២០២១ ដើម្បី​ប្រឡូក​ឆាកនយោបាយ​ឯណោះ​វិញ បាន​ត្រឡប់​ឡើង​សង្វៀន​អាជីព​វិញ​រួច​ហើយ កាលពី​ខែកក្កដា​ឆ្នាំ​មុន ដោយ​ស្មើ​ការ​ប្រកួត​ជាមួយនឹង​ម្ចាស់​ខ្សែក្រវាត់ WBC welterweight កីឡាករ​អា​មេ​រិ​ក Mario Barrios​។ ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន​វ័យ​៤៧​ឆ្នាំ​រូប​នេះ ក៏​នឹង​ត្រៀម​ប៉ះ​អតីត​អ្នក​ប្រដាល់​ឆ្នើម​ប្រែខ្លួន​ជា​អ្នកនយោបាយ​រុ​ស្ស៊ី លោក Ruslan Provodnikov វ័យ​៤២​ឆ្នាំ នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៦ នៅ​ទីក្រុង ឡាស​វេ​ហ្គា​ស​។ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា ការ​ប្រកួត​នេះ​នឹង​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​អ្វី និង​ប៉ុន្មាន​ទឹក​នៅឡើយ​ទេ​។

ជំនួប​សងសឹក​រវាង Pacquiao និង Mayweather កំពុង​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ភ្នាក់ងារ Manny Pacquiao Promotions និង Mayweather Promotions​។ ដ្បិត​ជំនួប​លើក​ទី​១ កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៥ ដែល​ត្រូវ​បាន​ប្រសិទ្ធិ​នាម​ថា «​ការ​ប្រកួត​ដ៏​អស្ចារ្យ​បំផុត​ប្រចាំ​ទសវត្សរ៍​» នោះ Mayweather បាន​យកឈ្នះ Pacquiao ដោយ​ពិន្ទុ​ឯកច្ឆន្ទ​។ ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក​នេះ បាន​បំបែក​កំណត់​ត្រា​ប្រដាល់​ជា​ច្រើន​ដែល​នៅ​តែ​មាន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ រួម​ទាំង​ចំនួន​អ្នក​ទស្សនា​អន​ឡាញ (​បង់ប្រាក់​) ចំនួន ៤,៦ លាន​នាក់ និង​កើប​ចំណូល​ជាង ៤១០ លាន​ដុល្លារ ហើយ​ក៏​បាន​បំបែក​កំណត់​ត្រា​ការ​លក់​សំបុត្រ​រកបាន ៧២,២ លាន​ដុល្លារ​ផង​ដែរ​។

ថ្មី​ៗ​នេះ Mayweather ដែល​មាន​កំណត់​ត្រា​ប្រកួត​អាជីព ៥០-០ បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ខ្ញុំ​បាន​ប្រកួត និង​យកឈ្នះ​លើ Manny ម្តង​រួច​មក​ហើយ​។ ដូច្នេះ​លើក​នេះ នឹង​មាន​លទ្ធផល​ដូច​គ្នា​»​។

គួរ​រំលឹក​ថា មុន​ឈាន​ដល់​ការ​ប្រកួត​អំពី​ជំនួប​សងសឹក​នេះ ការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ខែកញ្ញា ឆ្នាំ​មុន អំពី​ជំនួប​រវាង Mayweather និង​វីរបុរស​ប្រដាល់​អា​មេ​រិ​ក ម៉ៃ ថៃ​សាន់ (Mike Tyson) នៅ​ឆ្នាំ ២០២៦ ប៉ុន្តែ​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​កាលបរិច្ឆេទ ឬ​ទីតាំង​ណាមួយ​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ទេ​៕ ប្រភព ៖ ESPN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ