នាយឧត្តមសេនីយ៍ សៅ សុខា បន្ដជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាអាណត្តិថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបន្ដជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) អាណត្តិឆ្នាំ២០២៦-២០៣០ ក្រោយទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិ ក្នុងមហាសន្និបាតលើកទី២០ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។
មហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់កម្ពុជាធ្វើឡើងនៅសណ្ឋាគារ Raffles Hotel Le Royal នៅថ្ងៃទី២១ ខែកុម្ភៈ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ តំណាងមន្ទីររាជធានី-ខេត្ត ហើយក៏មានការចូលរួមជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្ថាប័នអន្ដរជាតិ ដូចជាតំណាងមកពី FIFA, AFC និង AFF ជាដើម។
ក្នុងឱកាសនោះ ក្រៅពីការលើកឡើងនូវរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយសារមានសមាជិកគណៈកម្មាធិការប្រតិបត្តិ ៤រូប បានផុតអាណត្តិ ក៏មានការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិឆ្នាំ២០២៦-២០៣០ ផងដែរ។
ជាលទ្ធផល ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិ បោះឆ្នោតគាំទ្រឱ្យបន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មី ។ ចំណែកឯកឧត្តម ខៀវ សាម៉េត ក៏ទទួលបានការគាំទ្របន្ដធ្វើជាអនុប្រធាន ព្រមទាំងសមាជិក២រូបទៀត ដែលរក្សាតំណែងរៀងៗខ្លួន រួមមានឯកឧត្តម ឌី វិជ្ជា និងឯកឧត្តម តែម ម៉ឺន ៕




ចែករំលែកព័តមាននេះ