រាជធានីភ្នំពេញ ៖ សហព័ន្ធគុនខ្មែរអន្តរជាតិ (KKIF) បានសម្រេចផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី តាមរយៈការបោះឆ្នោតដោយការលើកដៃ នៅក្នុងមហាសន្និបាត បញ្ចប់អាណត្តិចាស់ ឈានចូលអាណត្តិថ្មី ឆ្នាំ ២០២៦-២០៣០ ដែលត្រូវបានធ្វើឡើង នៅលើទឹកដីខេត្តព្រះសីហនុ កាលពីល្ងាច ថ្ងៃទី ១២ ខែកុម្ភៈ។
នៅក្នុងមហាសន្និបាតនោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានជ្រើសតាំងឱ្យធ្វើជាប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ ជំនួសលោក មាម រ៉ា ដែលត្រូវបានលើកឱ្យធ្វើជាប្រធានកិត្តិយសអស់មួយជីវិត។
ចំណែកលោក គុណ ញឹម ត្រូវបានជ្រើសតាំងជាអនុប្រធានទី១ អមដោយអនុប្រធានចម្រុះជាតិសាសន៍ចំនួន ១២ នាក់ ។
រីឯលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានក្លាយជាអគ្គលេខាធិការពេញសិទ្ធិរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ ហើយ KIF ក៏បានចាត់តាំងបេក្ខភាពចំនួន ១១ នាក់ទៀត ឱ្យធ្វើជាអគ្គលេខាធិការរង អគ្គហេរញ្ញិក អគ្គហេរញ្ញិករង និងសមាជិក ផងដែរ។
តំណាងប្រទេសទាំងអស់ ដែលបានចូលរួម ក្នុងនាមជាសមាជិកភាពរបស់ KIF បានលើកដៃគាំទ្រ ដោយសំឡេង ១០០ ភាគរយ ទទួលយកការជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិថ្មីទាំង ២៥ នាក់នេះ ហើយវាក៏ជាពេលដែលក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់សហព័ន្ធនេះ បានលើកទឹកចិត្តដល់សមាជិកទាំង ៦៣ ប្រទេស ឱ្យជួយពង្រីកវិសាលភាពគុនខ្មែរ ទៅកាន់ពិភពលោកផងដែរ ដើម្បីសម្រេចគោលដៅធំ គឺការដាក់ «គុនខ្មែរ» ចូលទៅក្នុងអូឡាំពិកអន្តរជាតិ នៅក្នុងអាណត្តិនេះ។
លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មហាសន្និបាតរបស់សហព័ន្ធគុនខ្មែរអន្តរជាតិលើកនេះ គឺជាការប្រែប្រួល និងជារបត់ថ្មីមួយ ព្រោះយើងបានធ្វើសមាហរណកម្ម និងធ្វើការឯកភាពក្នុងជាតិរបស់យើងបានល្អ ជាពិសេសរវាងគុនខ្មែរអន្តរជាតិ និងគុនខ្មែរជាតិរបស់យើង ត្រូវធ្វើការរួមគ្នាតែមួយ ហើយនេះជាគោលបំណងធំ។
លោកបន្ថែមថា៖ «យើងបានជំរុញឱ្យមានការបង្រួបបង្រួមសមាជិកទាំងអស់ ដើម្បីឱ្យពួកគាត់ មើលឃើញថា យើងកាន់តែរឹងមាំ និងផ្តល់ភាពជឿជាក់ទៅដល់សមាជិក ដែលជាគោលដៅរបស់យើងឆ្ពោះទៅរកការបញ្ចូលគុនខ្មែរ ទៅក្នុងឆាកអន្តរជាតិកាន់តែធំឡើង ជាពិសេសចូលទៅក្នុងចលនាអូឡាំពិកឱ្យកាន់តែបានឆាប់រហ័ស»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានអះអាងថា KIF លើកនេះមានការរៀបចំរចនាសម្ព័ន្ធគួរឱ្យទុកចិត្ត និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។ «យើងមិនឱ្យមើលឃើញពីភាពបែកបាក់គ្នានោះទេ គឺឱ្យឃើញតែឯកភាពជាតិពិតប្រាកដ ធ្វើឱ្យគុនខ្មែររបស់យើងឈរនៅលើផ្លូវតែមួយ ជាពិសេសយើងបានរៀបចំឱ្យមានការទំនាក់ទំនង និងធ្វើការជាមួយគ្នាយ៉ាងស្អិតល្មួត ហើយលើកទឹកចិត្តប្រទេសទាំងអស់ជាសមាជិក ឱ្យធ្វើការបានល្អជាងមុនទៀត»។
ទន្ទឹមនឹងនេះ លោក វ៉ាត់ ចំរើន បានចាត់ទុកលោក ខូវ ឆាយ ដែលទទួលតួនាទីជាអគ្គលេខាធិការ គឺជាសេនាធិការដ៏សំខាន់របស់ KIF ក្នុងការភ្ជាប់ទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ ជាសមាជិកភាព ដើម្បីរួបរួមគ្នា រៀបចំឱ្យមានភាពរឹងមាំក្នុងការការដឹកនាំ គ្រប់គ្រង ឬហៅថា អភិបាលកិច្ចល្អ ធ្វើឱ្យ KIF ឈានទៅទទួលបានជោគជ័យ ទៅតាមគោលបំណងរួម ដែលបានដាក់ចេញ។
លោកបញ្ជាក់ថា៖ «គោលបំណងរបស់យើង ក្នុងអាណត្តិថ្មីនេះ យើងធ្វើយ៉ាងណាឱ្យបានសមាជិកភាព ៧៥ ប្រទេស។ កាលណាយើងបាន ៧៥ ប្រទេស យើងនឹងរៀបចំឯកសារ និងរៀបចំខ្លួន ដើម្បីឱ្យអូឡាំពិកទទួលស្គាល់គុនខ្មែរបស់យើង ហើយពេលបានការទទួលស្គាល់ហើយ យើងនឹងអនុវត្តផែនការជំហានទី២ ក្នុងការដាក់ គុនខ្មែរ ជាប្រភេទកីឡាអូឡាំពិកអន្តរជាតិ ទៅតាមលក្ខខណ្ឌជាច្រើនទៀតរបស់អូឡាំពិក»។
ជាមួយគ្នានេះ លោក ខូវ ឆាយ អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ បានប្រកាសនៅចំពោះមុខតំណាងប្រទេសជាសមាជិកទាំងអស់ថា គណៈកម្មាធិការប្រតិបត្តិថ្មីរបស់ KIF នឹងជួយជំរុញការអភិវឌ្ឍគុនខ្មែរ ឱ្យមានការឈានឡើង នៅក្នុងអាណត្តិថ្មីនេះ តាមរយៈការអនុវត្តការងារឱ្យមានតម្លាភាព ប្រសិទ្ធភាពជាមួយប្រទេសជាសមាជិកទាំងអស់ ធ្វើឱ្យគាត់សប្បាយរីករាយ ហើយបន្តអភិវឌ្ឍ និងអភិរក្សគុនខ្មែរ នៅតាមបណ្តាប្រទេសរបស់ពួកគាត់។
បន្ថែមលើនេះ KIF នឹងពង្រឹងការបណ្តុះបណ្តាលធនធានគ្រូបង្វឹក អាជ្ញាកណ្តាលចៅក្រម ទាំងថ្នាក់ជាតិ និងអន្តរជាតិ រួចបញ្ជូនពួកគាត់ ឱ្យចេញទៅជួយបណ្តុះបណ្តាល នៅក្រៅប្រទេស ដើម្បីឱ្យប្រទេសជាសមាជិក បង្កើតបាននូវធនធានគ្រូបង្វឹក អាជ្ញាកណ្តាលចៅក្រម មន្ត្រីបច្ចេកទេស និងកីឡាករ កីឡា ការិនីកាន់តែច្រើន ក្នុងន័យរួមគ្នា ធ្វើឱ្យគុនខ្មែរ កាន់តែល្បីល្បាញ នៅលើសកលលោក៕






ចែករំលែកព័តមាននេះ