ខេត្តព្រះសីហនុ ៖ លោកលី ជិនតាវ ប្រធានក្លឹបកីឡាប្រដាល់CN19គុនចម្រុះដែលមានមូលរដ្ឋាននៅក្នុងខេត្តព្រះសីហនុ បានចំណាយទុនផ្ទាល់ខ្លួនរបស់លោកចំនួន១លានដុល្លារបណ្តុះបណ្តាលដល់យុវជនកម្ពុជាក្នុងវិស័យប្រដាល់ដែលនឹងជំរុញអភិវឌ្ឍន៍សមត្ថភាពយុវជនទទួលបានការបណ្តុះបណ្តាលទាំងនោះឱ្យឈានជើងឡើងប្រកួតដល់សង្វៀនអន្តរជាតិដូចជាសង្វៀនប្រដាល់ONE CHAMPION SHIPជាដើម។
ប្រធានក្លឹបខាងលើ បានព្យាករណ៍ថា តាមរយៈការសម្រួចសមត្ថភាពដោយគ្រូអន្តរជាតិបូករួមជាមួយគ្រូកម្ពុជាយ៉ាងយូពី៣ទៅ៥ឆ្នាំទៀតក្លឹបរបស់លោកនឹងមានកីឡាករមានសមត្ថភាពអាចប្រឡុកឈានជើងចូលអង្រួនលើសង្វៀនអន្តរជាតិដូចជាONEឬក៏សង្វៀនUFCបាន។
លោកថា បច្ចុប្បន្ននេះ ក្លឹបប្រដាល់CN19គុនចម្រុះបានបង្ហាញវត្តមានបានចំនួន១០ខែហើយ ប៉ុន្តែកីឡាករនៅក្នុងក្លឹបមានការរីកចម្រើនសមត្ថភាពគួរកត់សម្គាល់។
នេះជាការវិនិយោគក្នុងជំហ៊ានទី១នៅឡើងទេក្នុងទំហំ១លានដុល្លារនេះ។ប៉ុន្តែជំហ៊ានទី២ដែលជាជំហ៊ានបន្ទាប់អាចនឹងគ្រោងចាយថវិកាលើការបណ្តុះបណ្តាលប្រមាណជា៥លានដុល្លារទៀតធ្វើឱ្យក្លឹបក្លាយជាក្លឹបមានសក្កានុពលក្នុងតំបន់អាស៊ី។
លោកលី ជិនតាវ សង្ឈឹមយ៉ាងមុតមាំថា ក្លឹបគុនចម្រុះមួយនេះនឹងក្លាយជាជំរំហ្វឹកហាត់ហាត់សម្រាប់កីឡាករមកពីក្រៅប្រទេសមកហ្វឹកហាត់ប្រដាល់គុនខ្មែរដើម្បីលើកស្ទួយគុនខ្មែរកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។
សូមរំលឹកថា លោកលី ជិនតាវគឺជាជនជាតិចិនបានស្នាក់នៅប្រទេសកម្ពុជារយៈពេល៨ឆ្នាំមកហើយ គោលដៅបើកក្លឹបប្រដាល់CN19គុនចម្រុះនេះគឺលោកចង់ជួយដល់កុមារកម្ពុជាទទួលបាននៅការបណ្តុះបណ្តាលក្នុងវិស័យប្រដាល់៕


ចែករំលែកព័តមាននេះ