រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាលើកទម្ងន់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ បានប្រកាសបើកការប្រកួតជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទហៅកាត់ថា ស្តាតចាស់។
ឯកឧត្តមតែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានផ្ដាំផ្ញើទៅដល់មន្ត្រីគណៈកម្មការបច្ចេកទេសទាំងអស់ត្រូវយកចិត្តទុកដាក់ការងារចំពោះមុខឱ្យបានល្អបំផុត ។ ជាពិសេសការងារដាក់ពិន្ទុត្រូវតែមានភាពសុក្រឹតនិងយុត្តិធម៌ ព្រោះការប្រកួតជើងឯកថ្នាក់ជាតិក្រោមការជួយឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជននិងកីឡា ក្នុងមួយឆ្នាំមានតែម្ដងប៉ុណ្ណោះ។
ឯកឧត្តមប្រធានសហព័ន្ធបន្តថា ដើម្បីឱ្យកម្មវិធីប្រកួតស្របទៅតាមស្តង់ដា ស្របទៅតាមនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងសហព័ន្ធអន្តរជាតិទៀតផងនោះ ឯកឧត្តមចង់ឱ្យការកាត់ក្ដីប្រកបដោយស្មារតីទទួលខុស
ត្រូវខ្ពស់ មានភាពត្រឹមត្រូវ និងសុក្រឹតបំផុត។
ជាពិសេស គណៈកម្មការបច្ចេកទេសដែលបានឆ្លងកាត់ការសិក្សារៀនសូត្រវគ្គបច្ចេកទេសនិងទើប
តែបានបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ ត្រូវតែយកចំណេះដឹងដែលទទួលបានមកអនុវត្តជាក់
ស្ដែងនៅទីនេះឱ្យបានល្អបំផុត ។ ឯកឧត្តមសង្កត់ធ្ងន់ថា កត្តាសំខាន់អ្នកកាត់ក្ដីក៏ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌ ។ ចំណែកកីឡាករ កីឡាការិនីទាំងអស់ត្រូវដឹងថា ការឈ្នះចាញ់ជារឿងធម្មតា សំខាន់ត្រូវតែប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព។
លោក ឈុំ វាសនា អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានឱ្យដឹងថា ការប្រកួតលើកនេះ មានកីឡាករ កីឡាការិនីនិងគ្រូបង្វឹកចូលរួមសរុបមានចំនួន៤៣រូប ក្នុងនោះគ្រូបង្វឹក៩រូប អត្តពលិក៣៤រូបមកពីក្រសួងចំនួន២គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ និងក្លិបចំនួន៧មានក្លិបខេត្តកណ្ដាល កំពតកំពង់ធំ កំពង់ចាម កែប ព្រះសីហនុ និងបាត់ដំបង ។ ការប្រកួតធ្វើឡើងពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ៕




ចែករំលែកព័តមាននេះ