រាជធានីភ្នំពេញ ៖ ក្រោយទទួលបរាជ័យក្រោមដៃកីឡាករឡាវបូខាវ ណាហ្គាយីម ទាំងមិនអស់ចិត្តកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នៅលើទឹកដីប្រទេសឡាវ កីឡាករជើងខ្លាំងវ័យក្មេងកម្ពុជារិទ្ធី គីងកុង បានណាត់កីឡាករឡាវប្រកួតគ្នាម្ដងទៀតនៅលើសង្វៀនទូរទស្សន៍ជាតិកម្ពុជាហៅកាត់ថា ទ.ទ.ក.ស្ថិតនៅបរិវេណសួនឧស្សាហកម្មវឌ្ឍនៈនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៦និង៣០នាទីល្ងាច ។
កីឡាកររិទ្ធី គីងកុង ស្ថិតក្នុងវ័យ៩ឆ្នាំ បានសាងនូវកំណត់ត្រាដ៏ល្អសម្រាប់ខ្លួននៅលើសង្វៀនប្រដាល់គុនខ្មែរ។ គិតមកទល់ពេលនេះរិទ្ធី គីងកុង ធ្លាប់ប្រកួតបាន១៨លើកទាំងការប្រកួតក្នុងស្រុកនិងនៅលើឆាកអន្តរជាតិ បូករួមទាំងការប្រកួតនៅប្រទេសម៉ាឡេស៊ី និងជប៉ុនផងគឺមិនដែលចាញ់សោះ ទើបតែការប្រកួតលើកទី១៩នេះបានមកចាញ់កីឡាករឡាវបូខាវ ណាហ្គាយីមទាំងមិនអស់ចិត្ត។ ហេតុនេះហើយទើបធ្វើឱ្យគេមានបំណងចង់ប្រកួតសងសឹកម្ដងទៀតដើម្បីជម្រះមន្ទិលថានរណាជាជើងខ្លាំងពិតប្រាកដ។
ងាកទៅមើលការប្រកួតឡើងវិញរបស់កីឡាករកម្ពុជារិទ្ធី គីងកុង ជាមួយកីឡាករឡាវកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ។ ការប្រកួតធ្វើឡើងតែ៣ទឹកប៉ុណ្ណោះគេឃើញរិទ្ធី គីងកុង ព្យាយាមវាយទប់ដោយប្រើក្បាច់ពិសេសៗទៀតផង។ បើនិយាយពីកម្លាំងអ្នកទាំងពីរគឺប្រហាក់ប្រហែលគ្នា ហើយនៅចុងទឹកទី៣គេឃើញរីទ្ធី គីងកុង មានប្រៀបជាងកីឡាករឡាវដាច់តែម្ដង។
ប៉ុន្តែដល់ពេលប្រកាសលទ្ធផល បែរជាឱ្យកីឡាករឡាវជាអ្នកឈ្នះពិន្ទុ ដោយយើងមិនដឹងពីបច្ចេក
ទេសនៃការដាក់ពិន្ទុរបស់ឡាវផងដែរ។
នៅលើសង្វៀនដដែល កីឡាករ ធន់ មានជ័យ ត្រូវគេផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករសុខជា វិរៈ ក្នុងប្រភេទទម្ងន់២៨គីឡូក្រាម ។
កីឡាករ ពេជ្រ បញ្ញា ត្រូវប្រកួតជាមួយកីឡាករធន់ កំសត់ ក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម។ កីឡាការិនីណើន ស្រីណា ត្រូវប្រកួតជាមួយកីឡាការិនីមកពីសហរដ្ឋអាមេរិកAMANDA MELTZERក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ កីឡាករពុក ចាន់ណា ត្រូវប្រកួតជាមួយកីឡាករអីុរ៉ង់ALAN EBRAHIMIក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
កីឡាករធន់ ចេស្ដា ត្រូវប្រកួតជាមួយកីឡាករកាមេរូនMBANG HEN ERICក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម និងកីឡាករឃឹម បូរ៉ា ត្រូវប្រកួតជាមួយកីឡាករអាហ្វ្រិកខាងត្បូងBENATIE YAMILEក្នុង
ប្រភេទទម្ងន់៦០គីឡូក្រាម ៕
ចែករំលែកព័តមាននេះ