ប្រទេសថៃ ៖ បន្ទាប់ពីក្រុមបញ្ចស៊ីឡាត់ម៉ាឡេស៊ី ខកចិត្តព្រោះអាជ្ញាកណ្តាលលំអៀងទៅម្ចាស់ផ្ទះថៃនោះ ក្រុមបញ្ចស៊ីឡាត់វៀតណាមក៏ជួបប្រទះករណីដូចគ្នាដែរ។ ជាក់ស្តែងសារព័ត៌មានវៀតណាម VnExpress ចេញផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថា ភាពចម្រូងចម្រាសមួយទៀតនៃការប្រកួតបញ្ចស៊ីឡាត់ស៊ីហ្គេមឆ្នាំ ២០២៥ ខណៈដែលកីឡាករថៃមានចេតនាធ្វើឱ្យគូប្រកួតវៀតណាមត្រូវបានដកសិទ្ធិ។

ប្រភពដដែលបន្តថា កីឡាករបញ្ចស៊ីឡាត់វៀតណាម Vu Van Kien ត្រូវបានដកសិទ្ធិពីការប្រកួតទម្ងន់ ៦០ គីឡូក្រាម ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះវាយខុសលក្ខន្តិកៈ បើទោះបីជាកីឡាករថៃមានចេតនាអោនក្បាលឱ្យចំជើងកីឡាករវៀតណាមយ៉ាងណាក៏ដោយ។ ការប្រកួតនោះ កីឡាករវៀតណាមមានប្រៀបតាំងពីបើកឆាកមកម្ល៉េះ ដោយនាំមុខពិន្ទុដល់ ៥២-៣៤ លើកីឡាករថៃ Janjaroen Tinnapat កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។ ការប្រកួតសល់តែ ៤ វិនាទីទៀតប៉ុណ្ណោះនឹងបញ្ចប់ កីឡាករវៀតណាមបានប្រើជើងព្យាយាមទាត់ពោះកីឡាករថៃតាមបច្ចេកទេស ស្រាប់តែកីឡាករថៃបានបន្ទាបខ្លួនអោនក្បាលចុះ បណ្តាលឱ្យជើងកីឡាករវៀតណាមទាត់ត្រូវករបស់គេ។ ភា្លមៗនោះ កីឡាករថៃបានដួលខ្ទប់មុខដោយឈឺចាប់ ជំរុញឱ្យមានអន្តរាគមន៍ពីគ្រូពេទ្យជាបន្ទាន់។
បន្ទាប់ពីពិចារណា និងវាយតម្លៃ អាជ្ញាកណ្តាលសម្រេចប្រកាសថា កីឡាករវៀតណាម គឺជាអ្នកចាញ់។ ការសម្រេចនេះធ្វើឱ្យរូបគេខកចិត្តយ៉ាងខ្លាំង ផ្តួលខ្លួនទៅលើកម្រាលយំសោកស្តាយ ទាំងមិនអស់ចិត្តនឹងការកាត់ក្តីនេះ។ គ្រូបង្វឹកវៀតណាមក្រោយមកអះអាងថា កីឡាករថៃបានកេងចំណេញពីច្បាប់ ព្រោះការទាត់របស់កូនក្រុមលោកគ្រាន់តែប៉ះតំបន់កប៉ុណ្ណោះ មិនមែនមុខនោះទេ។ ដ្បិតតាមបទប្បញ្ញត្តិកីឡាបញ្ចស៊ីឡាត់ ការវាយក្បាល ក កញ្ជឹងក មុខ និងក្រលៀនត្រូវបានហាមឃាត់។
នៅក្នុងថ្ងៃតែមួយនោះ ភាពចម្រូងចម្រាសបានផ្ទុះឡើងម្តងទៀត ការប្រកួតបញ្ចស៊ីឡាត់បុរស វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទម្ងន់ក្រោម ៦៥ គីឡូក្រាម ដោយកីឡាករវៀតណាម Nguyen Minh Triet ត្រូវកីឡាករម៉ាឡេស៊ីទាត់ចំកញ្ជឹងក ប៉ុន្តែខុសពីប្រកួតមុន អាជ្ញាកណ្តាលបានបញ្ជាឱ្យកីឡាករវៀតណាមក្រោកឈរបន្តការប្រកួត។ ទោះបីជាមានការតវ៉ាពីសមាជិកក្រុមវៀតណាម និងពន្យារពេលសម្រាប់ត្រួតពិនិត្យខាងវេជ្ជសាស្ត្រក៏ដោយ ក៏អាជ្ញាកណ្តាលបានផ្តល់ជ័យជម្នះដល់កីឡាករម៉ាឡេស៊ី។
ការប្រកួតបញ្ចស៊ីឡាត់ក្នុងកីឡាស៊ីហ្គេមលើកទី ៣៣ ឆ្នាំ២០២៥ កំពុងក្លាយជាប្រធានបទក្តៅនៃការរិះគន់ពីមហាជន ជុំវិញស្តង់ដារនៃការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល ដោយហេតុការណ៍ដូចគ្នា និងថ្ងៃតែមួយជាមួយគ្នានោះបានកើតឡើង និងឈានដល់ការវាយប្រតាយប្រតប់រវាងក្រុមម៉ាឡេស៊ី នឹងអាជ្ញាកណ្តាលកាត់សេចក្តីលំអៀងទៅរកកីឡាករម្ចាស់ផ្ទះ។

កីឡាការិនីបញ្ចស៊ីឡាត់ម៉ាឡេស៊ី Nor Farah Mazlan បានប្រកួតជាមួយកីឡាការិនីថៃ ដោយបញ្ចប់លទ្ធផលស្មើពិន្ទុគ្នា ៦០ ទល់នឹង ៦០ នៅក្នុងប្រភេទទម្ងន់ Class B ៥០ ទៅ ៥៥ គីឡូក្រាម)។ បើទោះជាពិន្ទុស្មើគ្នាក៏ពិតមែន ប៉ុន្តែមន្ត្រីរៀបចំការបានប្រកាសថា កីឡាការិនីថៃ គឺជាអ្នកឈ្នះ ដោយផ្អែកលើច្បាប់ និងលើកឡើងថា កីឡាការិនីម៉ាឡេស៊ីបានប្រព្រឹត្តកំហុសច្រើនជាងគូប្រកួត អំឡុងពេលប្រកួត។
រូបភាពនៃការប្រតាយប្រតប់គ្នា ក៏ត្រូវបានឃើញកាលពីថ្មីៗនេះ នៅក្នុងការប្រកួតកីឡា Ice Hockey ព្រឹត្តិការណ៏កីឡាស៊ីហ្គេមឆ្នាំ ២០២៥ នៅប្រទេសថៃ ដោយក្រុមកីឡាករម្ចាស់ផ្ទះប៉ះទង្គិចគ្នាខ្លាំងជាមួយក្រុមកីឡាករឥណ្ឌូណេស៊ី។
ការខកចិត្តចំពោះការកាត់សេចក្តីអាជ្ញាកណ្តាល និងចៅក្រមនៅស៊ីហ្គេមឆ្នាំ២០២៥ បានកើតឡើងម្តងហើយម្តងទៀត។ ជាក់ស្តែងការប្រកួតប្រដាល់មួយថៃផ្នែកនារីប្រភេទទម្ងន់ ៤៥ គីឡូក្រាមឯណោះវិញ គ្រូវៀតណាមបានគប់ដបទឹកចូលសង្វៀន ព្រោះមិនអាចទប់កំហឹងបាននឹងការដាក់ពិន្ទុមិនសុក្រឹតពីចៅក្រម។

កីឡាការិនីវៀតណាមមានប្រៀបជាងក្នុងការប្រកួតតាំងពីដំបូង ហើយថែមទាំងបានវាយកីឡាការិនីហ្វីលីពីនឱ្យដួលនៅលើសង្វៀនទៀតផង។ ប៉ុន្តែលទ្ធផលពិន្ទុកីឡាការិនីហ្វីលីពីនបែរខ្ពស់ជាង បន្ទាប់ពី២ទឹកដំបូង។ ក្រៅពីគប់ដបទឹក គ្រូវៀតណាមក៏បានស្រែកតវ៉ា ដោយមិនចង់បន្តប្រកួតក្រោមការកាត់ក្តីដោយលំអៀងបែបនេះ ព្រមទាំងបានប្រាប់កីឡាការិនីវៀតណាមឱ្យបោះបង់ការប្រកួតនៅពាក់កណ្តាលទីទៀតផង៕ ប្រភព ៖ VnExpress និង Znews
ចែករំលែកព័តមាននេះ