ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA ប្រកាស​ពានរង្វាន់​ថ្មី​ឈ្មោះ « ASEAN Cup » សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍

1 នាទី មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ហៅ​កាត់​ថា FIFA កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ បាន​ប្រកាស​ពី​ការ​ចាប់ផ្តើម​ការ​ប្រកួត​ពានរង្វាន់​ថ្មី​មួយ​របស់​ខ្លួន សម្រាប់​ក្រុម​ជម្រើសជាតិ​ទាំង…

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ហៅ​កាត់​ថា FIFA កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ បាន​ប្រកាស​ពី​ការ​ចាប់ផ្តើម​ការ​ប្រកួត​ពានរង្វាន់​ថ្មី​មួយ​របស់​ខ្លួន សម្រាប់​ក្រុម​ជម្រើសជាតិ​ទាំង ១១ នៃ​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

ពានរង្វាន់​ថ្មី​នេះ ត្រូវ​បាន​ប្រសិទ្ធិ​នាម​ថា «FIFA ASEAN Cup» នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង FIFA ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ អាស៊ាន (ASEAN) ដែល​មាន​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​បាល់ទាត់​ទូ​ទាំង​តំបន់​។

ការ​ប្រកាស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៧ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ជា​កន្លែង​ដែល លោក Gianni Infantino ប្រធាន FIFA និង​អគ្គលេខាធិការ​អាស៊ាន លោក កៅ គឹ​ម​ហួ​ន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU)​។

ការ​ប្រកួត​ពានរង្វាន់ FIFA ASEAN Cup នឹង​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​ជម្រើសជាតិ​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ដែល​រួម​មាន ៖ ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី ថៃ វៀតណាម សិង្ហ​បុរី ហ្វី​លី​ពី​ន មី​យ៉ា​ន់​ម៉ា កម្ពុជា ឡាវ ប្រ៊ុ​យ​ណេ និង​ទី​ម័​រ​ខាងកើត ក្នុង​ទម្រង់​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ប្រកួត​ពានរង្វាន់ Arab Cup ដែល​ត្រូវ​បាន​រៀបចំ​ឡើងជា​លើក​ដំបូង​ដោយ FIFA ក្នុង​ឆ្នាំ​២០២១​។

លោក Gianni Infantino បាន​មាន​ប្រសាសន៍​ថា «​នេះ​នឹង​ក្លាយជា​ការ​បន្ថែម​ដ៏​អស្ចារ្យ​មួយ​ទៅ​ក្នុង​ប្រតិទិន​បាល់ទាត់​នៅ​ក្នុង​តំបន​។ តាម​រយៈ FIFA ASEAN Cup យើង​កំពុង​តែ​បង្រួបបង្រួម​ប្រទេស​នានា ហើយ​ការ​ប្រកួត​នេះ នឹង​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ព្រោះ​នឹង​ជួយ​ជំរុញ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​ក្នុង​តំបន់​អាស៊ាន និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កីឡា​របស់​យើង​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​»​។

FIFA នឹង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​តំបន់ រួម​ទាំង​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) សហព័ន្ធ​បាល់ទាត់​អាស៊ាន (AFF) និង​បណ្តា​សមាគម​នៃ​សមាជិក FIFA ដែល​ពាក់ព័ន្ធ ដើម្បី​បញ្ចប់​ទម្រង់​នៃ​ការ​ប្រកួត មុន​ពេល​ដាល់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ