ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​កីឡាករ​ហ្វី​លី​ពី​ន​មិន​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ថៃ ព្រោះ​ម្ចាស់ផ្ទះ​កំណត់​ឱ្យ​គេ​ឈ្នះ​មេដាយមាស​បាន​តែ​១​គ្រឿង

3 ម៉ោង មុន

ទីក្រុង​ម៉ានីល ៖ កីឡាករ​កាយសម្ព័ន្ធ​ដ៏​ល្បី​របស់​ប្រទេស​ហ្វី​លី​ពី​ន Carlos Yulo នឹង​មិន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ (SEA Games 33)…

ទីក្រុង​ម៉ានីល ៖ កីឡាករ​កាយសម្ព័ន្ធ​ដ៏​ល្បី​របស់​ប្រទេស​ហ្វី​លី​ពី​ន Carlos Yulo នឹង​មិន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ (SEA Games 33) នៅ​ខែធ្នូ​ខាង​មុខ​នេះ​ទេ បន្ទាប់​ពី​ម្ចាស់ផ្ទះ​ថៃ​បាន​ប្រកាស​ច្បាប់​កំណត់​ឱ្យ​កីឡាករ​រូប​នេះ ឈ្នះ​មេដាយមាស​បាន​តែ​១​គ្រឿង​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Vietnam Express ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥​។

លោកស្រី Cynthia Carreon ប្រធាន​សមាគម​កីឡា​កាយសម្ព័ន្ធ​ហ្វី​លី​ពី​ន (GAP) បាន​ប្រាប់​សារព័ត៌មាន Rappler កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៥ កន្លង​ទៅ ថា «Yulo នឹង​មិន​ចូលរួម​ប្រកួត​ទេ​។ ប្រទេស​ថៃ មិន​បាន​គិតគូ​ពី​បណ្តា​អត្ត​ព​លិ​ក​នោះ​ទេ ពួក​គេ​កំពុង​គិត​ពី​ការ​ឈ្នះ​បាន​មេដាយ​តាម​ដែល​ពួក​គេ​មាន​»​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​កន្លង​មក​បាន​រាយការណ៍​ថា ម្ចាស់ផ្ទះ​ថៃ​បាន​ដក​វិញ្ញាសា All-Around ឯកត្តជន និង​ជា​ក្រុម ដែល​ហ្វី​លី​ពី​ន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រទេស​ធ្វើ​បាន​ល្អ​បំផុត​។ លើស​ពី​នេះ​ទៀត ម្ចាស់ផ្ទះ​ថៃ​ថែម​ទាំង​ដាក់​កម្រិត​ការ​ឈ្នះ​មេដាយមាស​លើ​អត្ត​ព​លិ​កកាយ​សម្ព័ន្ធ​ដូច​ជា Yulo ជាដើម ដោយ​កំណត់​ឱ្យ​រូបគេ​ឈ្នះ​មេដាយមាស​បាន​តែ​១​គ្រឿង​ប៉ុណ្ណោះ បើ​ទោះបីជា​ប្រកួត​ក្នុង​វិញ្ញ​សា​ច្រើន​ក៏​ដោយ​។

កីឡាករ Carlos Yulo វ័យ​២៥​ឆ្នាំ អត្ត​ព​លិ​ក​ដ៏​ជោគជ័យ​បំផុត​របស់​ហ្វី​លី​ពី​ន បាន​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​ចំនួន ៣ លើក ដោយ​ឈ្នះ​មេដាយមាស ៩​គ្រឿង និង​ប្រាក់ ៩​គ្រឿង​។ កីឡាករ​ឆ្នើម​រូប​នេះ បាន​ឈ្នះ​មេដាយមាស​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស ឆ្នាំ​២០២៤ ចំនួន ២​គ្រឿង កីឡា​កាយសម្ព័ន្ធ​សិល្បៈ​វិញ្ញាសា​កម្រាល (Floor Exercise) និង​វិញ្ញ​សា​សេះ​លោត (Vault)​។ ចំណែក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ នៅ​ប្រទេស​កម្ពុជា Yulo ដណ្តើម​បាន​មេដាយមាស ២​គ្រឿង និង​ប្រាក់ ២​គ្រឿង ខណៈ​ដែល​ម្ចាស់ផ្ទះ​កម្ពុជា​បាន​កំណត់​កីឡាករ​រូប​នេះ​ឈ្នះ​មេដាយ​ច្រើន​បំផុត ៤​គ្រឿង ក្នុង​ចំណោម​៧​វិញ្ញាសា​។

សមាគម​កីឡា​កាយសម្ព័ន្ធ​ហ្វី​លី​ពី​ន​បាន​បញ្ជាក់​ថា ខ្លួន​គាំទ្រ​ការ​សម្រេចចិត្ត​របស់ Yulo មិន​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​នេះ​។ ជាមួយ​គ្នា​នោះ លោកស្រី Carreon បាន​ថ្លែងប្រាប់​កាសែត Manila Times ថា «​ពួក​គេ (​ម្ចាស់ផ្ទះ​ថៃ​) កំណត់​ការ​ឈ្នះ​មេដាយមាស​បាន​តែ​១​គ្រឿង​គត់​។ ប្រសិនបើ​ពួក​គេ​ផ្តល់​ឱ្យ Yulo ទាំងអស់ នោះ​គេ​នឹង​ឈ្នះ​ទាំងអស់​យ៉ាង​ប្រាកដ​។ ដូច្នេះ​ហើយ​បានជា​ពួក​គេ​កំណត់​ឱ្យ​គេ​ឈ្នះ​បាន​តែ​១​គ្រឿង​គត់​»​។

បច្ចុប្បន្ន​កីឡាករ Yulo និង​ប្អូនស្រី​របស់​គេ​ឈ្មោះ Elaiza កំពុង​ស្ថិត​ក្នុង​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី សម្រាប់​ការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ​សិល្បៈ​ពិភពលោក​ឆ្នាំ ២០២៥ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៥ ខែតុលា​។

សូម​ជម្រាប​ថា ព្រឹត្តិការណ៍​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ តាម​ការ​គ្រោងទុក​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​២០ ខែធ្នូ នៅ​ទូ​ទាំង​ទីក្រុង​ចំនួន ៣ របស់​ប្រទេស​ថៃ រួម​មាន ៖ ទីក្រុង​បាងកក សុង​ក្លា និង​ឈុ​ន​បុរី​។ អត្ត​ព​លិ​ក​ប្រមាណ ១២,៥០០​នាក់​មក​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន ១១ ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រកួតប្រជែង​នៅ​ក្នុង​វិញ្ញាសា​ចំនួន ៥៧៤ ចេញពី​កីឡា​សរុប​ចំនួន ៥០ ប្រភេទ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ