រាជធានីភ្នំពេញ ៖ ទិវារត់ប្រណាំងដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ភ្ជាប់ជាមួយកម្មវិធីសប្បុរសធម៌ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅមុខវត្តបទុមវតី ទទួលបានជោគជ័យយ៉ាងខ្លាំងដោយមានភ្ញៀវជាតិនិងអន្តរជាតិចូលរួមជាង៤ពាន់នាក់។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ទិវារត់ប្រណាំងខាងលើតែងតែ
រៀបចំធ្វើឡើងជារៀងរាល់ឆ្នាំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។ វាជាយុទ្ធនាការមួយសម្រាប់ជួយទៅដល់ស្ត្រីដែលមានជំងឺមហារីកសុដន់ ។ ព្រឹត្តិការណ៍នេះគឺទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ព្រមទាំងបានការជួយសម្របសម្រួលផ្នែកចរាចរណ៍ពីសាលារាជធានីភ្នំពេញទៀតផងនោះ បានធ្វើឱ្យដំណើរការរត់នេះបញ្ចប់ទៅដោយរលូន។
ឯកឧត្តមបន្តទៀតថា ព្រឹត្តិការណ៍រត់ប្រណាំងឆ្នាំនេះមានការកើនឡើងជាង២០ភាគរយបើ
ប្រៀបធៀបទៅនឹងឆ្នាំមុន ។ អ្វីដែលគួរឱ្យកត់សម្គាល់ យើងមានយុទ្ធនាការពិនិត្យរោគសញ្ញាបញ្ហាជំងឺមហារីកសុដន់ទៅដល់ស្ត្រីរហូតទៅដល់ជិត១០០០នាក់ដោយមិនគិតថ្លៃ ។ ឯកឧត្តមសូមអំពាវនាវទៅដល់ស្ត្រីទាំងអស់ទោះមានបញ្ហាឬមិនមានបញ្ហាត្រូវទៅពិនិត្យឱ្យបានទៀងទាត់ ។ ព្រោះថា ការលើកឡើងរបស់គ្រូពេទ្យជំនាញមានស្ត្រីពី៧០ទៅ៨០ភាគរយដែលបានរងប៉ះពាល់ដោយសារជំងឺប្រភេទនេះ។
មិនតែប៉ុណ្ណោះ ឯកឧត្តមបានអំពាវនាវទៅដល់ស្ត្រីជាយុវវ័យនិងកុមារតូចៗចូលរួមឱ្យបានច្រើន ដើម្បីពិនិត្យនិងទទួលបានលទ្ធផលល្អ។
ទិវារត់ប្រណាំងនេះ ជាការរួមចំណែកនៅក្នុងសកម្មភាពសង្គមដែលយើងទាំងអស់គ្នាត្រូវ
តែយកចិត្តទុកដាក់ជាគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែជួយទៅគ្រប់ទិដ្ឋភាពទាំងអស់ជាបញ្ហានៅក្នុងសង្គម ទាំងសប្បុរសធម៌ និងកម្មវិធីផ្សេងៗជាច្រើនទៀតបានធ្វើកន្លងមក។ វាក៏ជាកម្មវិធីមួយដែលត្រូវថែរក្សានិងអរគុណដល់សន្តិភាព មានសន្តិភាពទើបមានកីឡា មានសន្តិភាពទើបធ្វើឱ្យយើងមានសុខភាពល្អ និងក្លាយជាកម្លាំងចិត្តមួយក្នុងការអភិវឌ្ឍប្រទេសជាតិ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងបន្តរៀបចំព្រឹត្តិការណ៍ឱ្យបានច្រើនទៀត ដើម្បីឱ្យប្រជាពលរដ្ឋយើងកើននូវសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់។ សម្រាប់កម្មវិធីរត់លើកនេះកត់សម្គាល់ឃើញថា មានក្មេងៗចូលរួមរត់ច្រើនជាងឆ្នាំមុនៗ។ ទាំងនេះហើយជាអ្វីដែលយើងទាំងអស់គ្នាចង់បាន ព្រោះឃើញអ្នករត់ និងអ្នកស្រឡាញ់ការរត់ជួយដល់សុខភាពបេះដូង។
តាមរយៈការរត់នេះហើយក៏ជាសក្ខីភាពមួយបញ្ជាក់នូវសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋយើងកាន់តែកើនឡើង ៕


ចែករំលែកព័តមាននេះ