រាជធានីភ្នំពេញ ៖ បន្ទាប់ពីសហព័ន្ធគុនចម្រុះអាណត្តិចាស់អស់សុពលភាពត្រឹម ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម វ៉ាត់ ចំរើនបានឡើងធ្វើជាប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជាអាណត្តិថ្មីរហូតដល់ឆ្នាំ២០៣០ ។ មិនតែប៉ុណ្ណោះឯកឧត្តមមានគម្រោងរៀបចំឱ្យមានការប្រកួតដណ្ដើមពានរង្វាន់គុនចម្រុះសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ឡើងវិញផងដែរ។
ការលើកឡើងរបស់ឯកឧត្តមវ៉ាត់ ចំរើន ធ្វើឡើងក្នុងគោលបំណងអភិរក្ស និងលើកស្ទួយវិស័យកីឡាគុនចម្រុះឱ្យកាន់តែមានការរីកចម្រើន។ ជាមួយគ្នានេះដែរ ប្រមុខសហព័ន្ធកីឡាគុនចម្រុះរូបនេះមានប្រសាសន៍ថា លោកនឹងបន្តរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាគុនចម្រុះពានរង្វាន់សម្ដេចមហាបវរធិបតីឡើងវិញនៅឆ្នាំក្រោយប្រសិនបើវិបត្តិព្រំដែនដោះស្រាយរួចរាល់។ ឯកឧត្តមបានផ្ដល់ទំនុកចិត្តក្នុងការបន្តដឹកនាំសហព័ន្ធកីឡាគុនចម្រុះអាណត្តិថ្មីឱ្យកាន់តែមានការរីកចម្រើន ។ ជាពិសេសជំរុញការរៀបចំផែនការយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀតដូចជាការរៀបចំឱ្យមានការប្រកួតកាន់តែច្រើនទាំងក្នុងនិងក្រៅប្រទេស។
ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា សហព័ន្ធកីឡាគុនចម្រុះបានធ្វើការងារច្រើនជាមួយរាជរដ្ឋាភិបាល ពិសេសក្រោមការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានជំរុញការងារយុទ្ធគុនចម្រុះខ្មែរបុរាណ ផ្ដល់នូវភាពកក់ក្ដៅក្នុងការអភិវឌ្ឍកីឡាគុនចម្រុះជាតិសូមរំឭកថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចមហាបវរធិបតី ត្រូវបានរៀបចំឡើងលើកដំបូងក្នុងឆ្នាំ២០២៤ ដោយមានការចូលរួមពីអ្នកលេងក្បាច់គុនជាច្រើន ជាពិសេសក្បាច់គុនខ្មែរបុរាណ ក្នុងន័យលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនមរតកជាតិ។
គួរឱ្យដឹងដែរថា ក្នុងការបន្តធ្វើជាប្រធានសម្រាប់អាណត្តិថ្មីនៃសហព័ន្ធកីឡាគុនចម្រុះកម្ពុជា ឆ្នាំ ២០២៦-២០៣០ របស់ឯកឧត្ដម វ៉ាត់ចំរើន អមដោយអនុប្រធាន៤រូប គឺឯកឧត្ដម វ៉ាស៊ិន ភិរម្យ លោកបណ្ឌិត សេង ប៊ុនសុង លោក ម៉ុង សាំងឃុន និង លោក អ៊ូ តារា។ ចំណែកលោក ជឹម ធារ៉ា បន្តតំណែងជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង៣រូបទៀត ៕




ចែករំលែកព័តមាននេះ