រាជធានីភ្នំពេញ៖កម្ពុជាត្រូវបានជ្រើសរើសជាផ្លូវការឱ្យធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់Freestyle(WFFA) Pulse Phnom Penh 2026លំដាប់ពិភពលោកក្នុងពេលដ៏ឆាប់ខាងមុខនេះ។ដែលជាវគ្គជម្រុះជើងឯកផ្នែកកីឡាបាល់ទាត់ហ្វ្រីស្តាយល៍(Freestyle Football)ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីស្វែងរកកំពូលជើងខ្លាំងទៅកាន់វគ្គប្រកួតផ្ដាច់ព្រ័ត្រជើងឯកពិភពលោក World Freestyle Football Championship។
ព្រឹត្តិការណ៍ប្រកួតដ៏ជក់ចិត្តមួយនេះនឹងប្រព្រឹត្តិទៅមានរយៈពេល២ថ្ងៃ ពេញ។ការប្រកួតដែលធ្វើឡើងនៅថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២៦គឺជាវគ្គប្រកួតជម្រុះបឋមនិងការប្រកួតនៅថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២៦គឺជាវគ្គប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក។ចំណែកទីតាំងដែលត្រូវប្រកួតទាំង២ថ្ងៃជាប់គ្នានេះធ្វើឡើងនៅទិលានសាលាThe King’s Schoolក្នុរាជធានីភ្នំពេញ។
តាមការឱ្យដឹងរបស់គណៈកម្មការរៀបចំការប្រកួត កម្មវិធីPulse series គឺជាប្រព័ន្ធនៃការប្រកួតជម្រុះផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ហ្វ្រីស្ទាយល៍ របស់ស់បាល់ទាត់ពិភពលោក(WFFA)ដែលធ្វើការបែងចែកចេញជា៥តំបន់ធំៗលើសកលលោក រួមមាន៖តំបន់អាស៊ី ,អាហ្វ្រិក,អាមេរិកខាងជើង,អាមេរិកខាងត្បូងនិងតំបន់អឺរ៉ុប។ដោយឡែកសម្រាប់ការប្រកួតដែលធ្វើឡើងនៅរាជធានីភ្នំពេញ គឺជាការប្រកួតក្នុងទម្រង់១ទល់នឹង១(1×1 Battles)ដែលបានបើកចំហ សម្រាប់កីឡាករ-កីឡាការិនីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ចំណែកកីឡាករឆ្នើមបំផុតចំនួន៥រូប(បុរសចំនួន៣រូបនារីចំនួន២រូបនឹងត្រូវបានកក់កៅអីឡើងទៅប្រកួតនៅវគ្គបន្តលើកឆាកអន្តរជាតិក្នុងកម្មវិធីWorld Freestyle Football Championship។
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ហ្វ្រីស្ទាយល៍ ក្នុងរយៈពេល៣ឆ្នាំមកនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានចំនួនអ្នកចូលរួមកើនឡើងជាលំដាប់រួមមាន៖នៅក្នុងឆ្នាំ២០២៣ធ្វើនៅទីក្រុងហីរ៉ូស៊ីម៉ា ប្រទេសជប៉ុនមានកីឡាករចូលរួមចំនួន៥៣នាក់ ក្នុងឆ្នាំ២០២៤ធ្វើនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី មានកីឡាករចូលរួមចំនួន៦៥នាក់និងនៅឆ្នាំ២០២៥ នៅទីក្រុងហ្សាការតាដដែលមានចំនួនកើនឡើង៧១នាក់។ដោយឡែកសម្រាប់ការប្រកួតនៅក្នុងឆ្នាំ២០២៦ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះគេរំពឹងថាវត្តមានអត្តពលិកអាចកើនឡើងបន្លោះពី៧០ទៅ១០០នាក់ មកពីបណ្ដាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម ឥណ្ឌា និងកម្ពុជាដែលជាម្ចាស់ផ្ទះដោយផ្ទាល់។
ទាំងនេះគឺជាមោទនៈភាពមួយរបស់ប្រទេសកម្ពុជា ដែលក្លាយជាម្ចាស់ផ្ទះរៀបចំនៃព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ ព្រោះថាវាមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាឱកាសមាសក្នុងការផ្សព្វផ្សាយទេសចរណ៍ ខ្មែរទៅកាន់ពិភពលោក។មានកីឡាករហ្វ្រីស្ទាយល៍ល្បីៗ សុទ្ធតែជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ដែលវិដេអូរបស់ពួកគេនឹងត្រូវបង្ហាញពីភាពស្រស់ស្អាតនៃប្រទេសកម្ពុជា។
ជាក់ស្ដែងកាលពីខែធ្នូឆ្នាំ២០២៥កន្លងទៅ កំពូលកីឡាករAndrew Henderson ម្ចាស់ជើងឯកពិភពលោក៥សម័យកាល បានមកបង្ហាញសមត្ថភាពនៅកម្ពុជា និងទទួលបានការគាំទ្រខ្លាំងលើសលុប។ហើយការប្រកួតនេះ គឺជាឱកាសដ៏កម្រសម្រាប់យុវជនកម្ពុជា ដែលមានចំណូលចិត្តលេងកីឡាបាល់ទាត់ហ្វ្រីស្ទាយល៍ ក្នុងការបញ្ចេញសមត្ថភាព លើឆាកអន្តរជាតិ។ហើយក៏ជាពេលវេលាដែលយុវជនខ្មែរត្រូវបង្ហាញពិភពលោកថា កម្ពុជាមានទេពកោសល្យមិនចាញ់បរទេសឡើយ៕





ចែករំលែកព័តមាននេះ