រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៧ខែតុលា ឆ្នាំ២០២៥ អត្តពលិកកម្ពុជាឈ្នះមេដាយចំនួន៤គ្រឿងហើយក្នុងនោះមានមេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ២គ្រឿងពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣នៅប្រទេសបារ៉ែន។
តាមសេចក្ដីរាយការណ៍ពីលោកយឺន ពន្លឺ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសបារ៉ែន
បានឱ្យដឹងថា មេដាយប្រាក់ទាំង២គ្រឿងដែលកម្ពុជាដណ្ដើមបាន គឺប្រភេទកីឡាប្រដាល់គុនខ្មែរ ។
កីឡាករ ឆុង វិសាល ដណ្ដើមបានមេដាយប្រាក់១គ្រឿងក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមក្រោយចាញ់កីឡាករអ៊ូសបេគីស្ថាននៅវគ្គផ្ដាច់ព្រ័ត្រនិងកីឡាការិនី អ៊ុំ ស្រីពេញដណ្ដើមបានមេដាយប្រាក់១គ្រឿងក្នុងប្រភេទទម្ងន់៥១គីឡូក្រាមក្រោយចាញ់កីឡាការិនីកាហ្សាក់ស្ថាននៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នាកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៥។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការទទួលបានមេដាយប្រាក់ និងសំរឹទ្ធជាបន្តបន្ទាប់ពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៣ឆ្នាំ២០២៥នៅប្រទេសបារ៉ែន នាពេលនេះ គឺជាកំណត់ត្រាថ្មីរបស់កម្ពុជា ព្រោះការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ២លើកមុន កម្ពុជាពុំធ្លាប់ដណ្ដើមបានមេដាយម្ដងណាឡើយ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡារូបនេះបានមានប្រសាសន៍ឱ្យដឹងបន្តថាគិតមកត្រឹមពេលនេះកម្ពុជាដណ្ដើមបានមេដាយប្រាក់ចំនួន២គ្រឿង មេដាយសំរឹទ្ធចំនួន២គ្រឿង
ឈរនៅលេខរៀងទី២៤ក្នុងចំណោម៤៥ប្រទេសចូលរួម ។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមបានសង្កត់
ធ្ងន់ថា សម្រាប់អត្តពលិកកម្ពុជាទាំងអស់ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី
លើកទី៣នៅប្រទេសបារ៉ែន គឺរក្សាបាននូវសេចក្ដីថ្លៃថ្នូរ និងស្មារតីមិត្តភាព សាមគ្គីភាព ហើយម្ចាស់ផ្ទះបារ៉ែនក៏ទទួលបានល្អថែមទៀត ទោះបីជាពួកគេទើបចូលខ្លួនទទួលយកភារៈជាអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះត្រឹមរយៈពេល៨ខែជំនួសប្រទេសអ៊ូសបេគីស្ថានក៏ដោយ។
ឯកឧត្តមបានអំពាវនាវដល់ជនរួមជាតិចូលរួមគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកយើងទាំងអស់គ្នា ដើម្បីជាកម្លាំងចិត្ត និងអរគុណដល់ការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ប្រតិភូ គ្រូបង្វឹក រហូតដណ្ដើមបានជ័យជម្នះជូនជាតិ ៕


ចែករំលែកព័តមាននេះ