អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តយុវជនលេងកីឡា ឈានទៅលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើង
ខេត្តមណ្ឌលគិរី ៖ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស…
ខេត្តមណ្ឌលគិរី ៖ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស…
ខេត្តមណ្ឌលគិរី ៖ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស ចូលរួមលេងកីឡាឱ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ ឈានទៅលុបបំបាត់ភាពអសកម្មផ្សេងៗក្នុងសង្គម ពិសេសការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងជាដើម ។
លោកអភិបាលខេត្ត ថ្លែងបែបនេះ ក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់អភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅ នៅកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងសែនមនោរម្យ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។
លោកមានប្រសាសន៍ថា ការអប់រំកាយ និងកីឡា ជាសមាសភាគមួយ នៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់ រាងកាយ និងបញ្ញាស្មារតីរបស់មនុស្សឱ្យមានការលូតលាស់ល្អ រក្សាកម្លាំងមាំមួន និងមានសុខភាពល្អ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ រៀបចំឱ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានឧទ្យានបៃតង និងទីធ្លាសម្រាប់លំហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាព និងសុខុមាលភាពប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយបានដាក់ចេញ នូវពាក្យស្លោកថា ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ។
លោកបន្តថា កន្លងមកនៅក្នុងអណត្តិទី៦ យើងទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ គឺព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកម្ពុជាទទួលបានមេដាយពីការប្រកួតសរុបចំនួន២៨២គ្រឿង ដោយឈរលើលេខរៀងទី៤ ក្នុងចំណោម១១ប្រទេស ក្នុងតំបន់អាស៊ាន និងប៉ារ៉ាហ្គេម លើកទី១២ ដោយកម្ពុជាទទួលបានមេដាយពីការប្រកួតសរុបចំនួន៧៣គ្រឿង ដោយឈរលើលេខរៀងទី៨ ក្នុងចំណោម១១ប្រទេស ក្នុងតំបន់អាស៊ាន នេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ ដែលកូនខ្មែរគ្រប់រូបចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ ហើយសម្ដេចតេជោ ក៏បានប្រកាសនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០៣១ខាងមុខនេះ«កម្ពុជាប្ដូរពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ពីឆ្នាំ២០២៩ ទៅឆ្នាំ២០៣១»។
ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តវេនដោយយកចិត្តទុកដាក់រៀបចំបណ្តុះបណ្ដាលពង្រឹងសមត្ថភាពយុវជនវ័យក្មេងឱ្យមានសមត្ថភាពខ្ពស់ ដើម្បីត្រៀមចូលរួមប្រកួតដណ្តើមមេដាយឱ្យបានច្រើនលើកស្ទួយកិត្តិយសជូនប្រទេសជាតិ ក្នុងព្រឹត្តិកាណ៍ នៃការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
បើតាមលោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តពានរង្វាន់បាល់ទាត់ លោកអភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៥នេះ មានប្រតិភូកីឡាចូលរួមសរុបចំនួន ១២ក្រុម ស្មើនឹង ៣០០នាក់ និងគណៈកម្មការរៀបចំការប្រកួតសរុបចំនួន ៥០នាក់ ។
លោក លី សាមិ បញ្ជាក់ថា ចំពោះលទ្ធផលបច្ចេកទេស ជ័យលាភីលេខ១ បានទៅលើក្រុម ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ខណៈជ័យលាភីលេខ២បានទៅក្រុមសហភាពសហព័ន្ឋកម្ពុជាខេត្តមណ្ឌលគិរី និងជ័យលាភីលេខ៣ បានទៅលើក្រុម សមាគមសម្ព័នយុវជនមុស្លីមខេត្តមណ្ឌលគិរី ៕












ចែករំលែកព័តមាននេះ