កីឡាការិនីវាយសីលេខ ៦ ពិភពលោករបស់ថៃ បដិសេធចូលរួមប្រកួតស៊ីហ្គេមឆ្នាំនេះ
ទីក្រុងបាងកក ៖ កីឡាការិនីកីឡាវាយសីលំដាប់លេខ ៦ ពិភពលោក ជនជាតិថៃ កញ្ញា Pornpawee Chochuwong បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង…
ទីក្រុងបាងកក ៖ កីឡាការិនីកីឡាវាយសីលំដាប់លេខ ៦ ពិភពលោក ជនជាតិថៃ កញ្ញា Pornpawee Chochuwong បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង…
ទីក្រុងបាងកក ៖ កីឡាការិនីកីឡាវាយសីលំដាប់លេខ ៦ ពិភពលោក ជនជាតិថៃ កញ្ញា Pornpawee Chochuwong បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានបដិសេធចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣៣ (33rd SEA Games) ចុងឆ្នាំនេះ ដែលប្រទេសកំណើតរបស់ខ្លួនជាម្ចាស់ផ្ទះ ដោយសារតែជម្លោះជាមួយសមាគមវាយសីថៃ ហៅកាត់ថា BAT និងលើកឡើងពីកង្វះការគាំទ្រ។ នេះបើតាមប្រភពពីសារព័ត៌មាន VNExpress ចេញផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
កញ្ញា Pornpawee បាននិយាយថា នាងមានអារម្មណ៍ថាមិនមានការគាំទ្រ និងខកចិត្តដែល BAT បានប្រព្រឹត្តចំពោះនាងដោយអយុត្តិធម៌ និងគ្មានការអាណិតអាសូរ។ នាងបានសម្រេចចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលនឹងត្រូវរៀបចំឡើងដោយប្រទេសថៃ នៅខែធ្នូចុងឆ្នាំនេះ ដើម្បីតវ៉ា និងជួយអត្តពលិកជំនាន់ក្រោយរបស់នាងជៀសវាងស្ថានភាពដូចគ្នានេះ។
នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation កីឡាការិនីវ័យ២៧ឆ្នាំរូបនេះ បានបន្តថា នាងបានដាក់ការផ្តោត និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងត្រៀមសម្រាប់ស៊ីហ្គេមលើកទី៣៣ រួមទាំងការដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍ Australian Open និងការប្រកួតនៅចិនផងដែរ។ លើសពីនេះទឿត នាងក៏បានរ៉ាប់រងការចំណាយលើការហ្វឹកហាត់ និងធ្វើដំណើរភាគច្រើនរបស់នាងដោយខ្លួនឯងផងដែរ ព្រោះតែខ្វះការគាំទ្រ និងឧបត្តម្ភពី BAT។
នាងបានរង់ចាំការឆ្លើយតប និងការពន្យល់ពីសមាគម ប៉ុន្តែបញ្ហាជាច្រើនមិនត្រូវបានដោះស្រាយដូចការរំពឹងទុកនោះទេ។ មិនតែប៉ុណ្ណោះ ពាក្យសម្ដី និងសកម្មភាពមួយចំនួនរបស់មន្ត្រី BAT បានធ្វើឱ្យនាងមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំង។
សូមជម្រាបថា កីឡាវាយសីរបស់ប្រទេសថៃ បានជួបប្រទះនឹងវិបត្តិ និងប្រតិកម្មខ្លាំងៗពីអត្តពលិក និងមហាជន ដោយសារតែបណ្តាអត្តពលិកត្រូវបានកាត់ប្រាក់ឧបត្ថម្ភចំនួន ៦ ០០០បាត ឬ ១៨៥ដុល្លារអាមេរិក ដោយអាជ្ញាធរកីឡាថៃ ហៅកាត់ថា SAT សម្រាប់ការមិនចូលរួមត្រួតពិនិត្យសុខភាព សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣។ ក្រៅពី Pornpawee កីឡាករវាយសីបុរសលេខ ១ ពិភពលោក ជនជាតិថៃ លោក Kunlavut Vitidsarn ព្រមទាំងកីឡាការិនីឆ្នើមជើងចាស់ Ratchanok Intanon ក៏ស្ថិតនៅក្នុងបញ្ជីកាត់ប្រាក់ឧបត្ថម្ភរបស់ SAT ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Pornpawee បានអះអាថថា ការសម្រេចចិត្តរបស់នាង មិនចូលរួមប្រកួតស៊ីហ្គេមឆ្នាំនេះ មិនទាក់ទងនឹងការកាត់បន្ថយប្រាក់ឧបត្ថម្ភនោះទេ។ នាងថា ប្រសិនបើនាងត្រូវបានគេប្រាប់អំពីការធ្វើតេស្តសុខភាព នាងនឹងអនុវត្តតាមច្បាប់បាត់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយកាសែតបាងកកប៉ុស្តិ៍។
យ៉ាងណាមិញ BAT បានអះអាងថា សហព័ន្ធនឹងរកដំណោះស្រាយយ៉ាងឆាប់រហ័សក្នុងរយៈពេល ២ ថ្ងៃខាងមុខ ខណៈកិច្ចប្រជុំប្រធាន BAT ក៏ដូចជាតំណាង SAT និងគណៈកម្មាធិការអូឡាំពិកជាតិថៃ (NOCT) នឹងត្រូវធ្វើឡើង ដើម្បីបញ្ចុះបញ្ចូល Pornpawee ឱ្យផ្លាស់ប្តូរគំនិតរបស់នាង។
កីឡាការិនី Pornpawee Chochuwong បានល្បីល្បាញនៅឆ្នាំ ២០១៥ នៅពេលនាងបានឈ្នះមេដាយប្រាក់ការប្រកួតជើងឯក Badminton Asia Junior Championships ឆ្នាំ ២០១៥ និងការប្រកួតជើងឯកពិភពលោក World Junior Championships ឆ្នាំ ២០១៦។ នាងជាផ្នែកមួយដ៏សំខាន់នៃក្រុមជម្រើសជាតិថៃ ដែលបានឈ្នះមេដាយមាសជើងឯកពិភពលោកក្នុងឆ្នាំ ២០១៧, ២០១៩ និង ២០២១ ព្រមទាំងមេដាយមាសវិញ្ញាសាវាយឯកកត្តជននារីក្នុងឆ្នាំ ២០២១។
កីឡាវាយសីត្រូវបានចាត់ទុកថាជាកីឡាខ្លាំងមួយរបស់ថៃ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយប្រកួតប្រជែងជាមួយឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ទោះជាយ៉ាងណាក៏ដោយ ភាពចម្រូងចម្រាសថ្មីៗនេះ បានប៉ះពាល់ដល់បណ្តាអត្តពលិក មុនព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ នៅទីក្រុងចំនួន ៣ របស់ថៃ រួមមាន ទីក្រុងបាងកក សុងក្លា និងឈុនបុរី។ អត្តពលិកប្រមាណ ១២,៥០០នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ ត្រូវបានរំពឹងថានឹងប្រកួតប្រជែងនៅក្នុងវិញ្ញាសាចំនួន ៥៧៤ ចេញពីកីឡាសរុបចំនួន ៥០ ប្រភេទ៕



ចែករំលែកព័តមាននេះ