រាជធានីភ្នំពេញ ៖ ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការសាមគ្គីអូឡាំពិក និងមានការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១ ខែតុលា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានរៀបចំវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិត១ ដល់សិក្ខាកាមចំនួន២៥នាក់ នៅទីស្នាក់ការ NOCC ដោយមានការចូលរួមបង្រៀន និងចែករំលែកចំណេះដឹងផ្ទាល់ពីជំនាញការអន្ដរជាតិ មកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោក ។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ នេះ មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១-៥ ខែតុលា ឆ្នាំ២០២៥។ ហើយក្នុងចំណោមសិក្ខាកាម ២៥នាក់ ក៏មានសិក្ខាកាមជាគ្រូបង្វឹកមកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងវៀតណាម ដែលជាដៃគូអភិវឌ្ឍន៍ចូលរួមរៀនវគ្គនេះចំនួន ៥នាក់ផងដែរ។ រីឯគ្រូឧទ្ទេស គឺជាជំនាញការមកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោកផ្ទាល់ រួមមានលោក Lozada Antony ជនជាតិហ្វីលីពីន និងលោកស្រី Pham Thuy Vi ជនជាតិវៀតណាម ។
អគ្គលេខាធិការដដែលបន្ដថា វគ្គនេះពិតជាមានសារៈសំខាន់ និងខុសប្លែកពីវគ្គមុនៗ ដ្បិតមានគ្រូឧទ្ទេសកម្រិតអន្ដរជាតិមកបង្រៀនដោយផ្ទាល់ ដែលជាឱកាសសម្រាប់សិក្ខាកាមគ្រប់រូបសិក្សារៀនសូត្រ នូវចំណេះដឹងថ្មីៗ អំពីក្បួនច្បាប់អន្ដរជាតិ សម្រាប់ធ្វើជាទុនក្នុងការចំណែកបណ្ដុះបណ្ដាលធនធានមនុស្សឆ្ពោះទៅរកការអភិវឌ្ឍ និងពង្រីកសក្ដានុពលកីឡាទ្រីយ៉ាត្លុងក្នុងប្រទេសកម្ពុជា ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ តែម្ដង ៕

ចែករំលែកព័តមាននេះ